៣៥
ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រុក​អេដំម
១ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា ២ កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ស្រុក​ភ្នំ​សៀរ ចូរ​ទាយ​ទាស់​នឹង​វា​ថា ៣ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ នែ​ស្រុក​ភ្នំ​សៀរ​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​អញ​ទៅ​លើ​ឯង ព្រម​ទាំង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ស្ងាត់ជ្រងំ ហើយ​ជា​ទី​ស្រឡាំងកាំង ៤ អញ​នឹង​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ខូចបង់​ទៅ ហើយ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត ៥ ពី​ព្រោះ​ឯង​បាន​ព្យាបាទ​ជានិច្ច ក៏​បាន​ប្រគល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដល់​អំណាច​នៃ​ដាវ នៅ​ថ្ងៃ​ដែល​គេ​មាន​សេចក្តី​អន្តរាយ គឺ​ក្នុង​កាល​ដែល​សេចក្តី​ទុច្ចរិត​បាន​ដល់​កំណត់​ហើយ ៦ ហេតុ​នោះ​ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ប្រាកដ​ជា​អញ​នឹង​ត្រៀម​ឯង​ទុក​ដល់​គ្រា​ខ្ចាយ​ឈាម ហើយ​ឈាម​នឹង​ដេញ​តាម​ឯង​ទៅ ដោយ​ព្រោះ​ឯង​មិន​បាន​ស្អប់​ឈាម​ទេ នោះ​ឈាម​នឹង​ដេញ​តាម​ឯង​ជា​ពិត ៧ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ធ្វើ​ឲ្យ​ភ្នំ​សៀរ​ទៅ​ជា​ទី​ស្រឡាំងកាំង ហើយ​ឲ្យ​ត្រូវ​ស្ងាត់ជ្រងំ ឯ​អស់​អ្នក​ណា​ដែល​ដើរ​កាត់​ស្រុក​នោះ នឹង​ពួក​អ្នក​ដែល​ត្រឡប់​មក​វិញ នោះ​អញ​នឹង​កាត់​គេ​ចេញ ៨ អញ​នឹង​បំពេញ​អស់​ទាំង​ភ្នំ​ដោយ​សាកសព​នៃ​មនុស្ស​ដែល​ត្រូវ​សំឡាប់ ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ គេ​នឹង​ដួល​នៅ​លើ​ភ្នំ​តូច នៅ​ច្រក​ភ្នំ​ហើយ​នៅ​ក្នុង​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​របស់​ឯង ៩ អញ​នឹង​ធ្វើ​ឲ្យ​ឯង​នៅ​ស្ងាត់ច្រៀប​ជានិច្ច​ត​ទៅ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​នឹង​គ្មាន​មនុស្ស​ណា​នៅ​ទៀត​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត។
១០ ហេតុ​ដោយ​ព្រោះ​ឯង​បាន​ថា សាសន៍​ទាំង​២ និង​ស្រុក​ទាំង​២​នោះ នឹង​បាន​ជា​របស់​ផង​អញ យើង​នឹង​ចាប់​បាន​ជា​របស់​ផង​យើង ទោះ​បើ​ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នោះ​ក៏​ដោយ ១១ បាន​ជា​ព្រះយេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ប្រាកដ​ជា​អញ​នឹង​សំរេច​តាម​សេចក្តី​កំហឹង​របស់​ឯង ហើយ​តាម​សេចក្តី​ច្រណែន​ដែល​ឯង​បាន​សំដែង​ចេញ ដោយ​ចិត្ត​គុំគួន​ដល់​គេ អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​អញ​នៅ​កណ្តាល​ពួក​គេ ក្នុង​កាល​ដែល​អញ​ជំនុំជំរះ​ឯង ១២ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​ព្រះយេហូវ៉ា​បាន​ឮ​អស់​ទាំង​ពាក្យ​ត្មះតិះដៀល ដែល​ឯង​បាន​ពោល ទាស់​នឹង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល ទាំង​ប៉ុន្មាន​ថា ស្រុក​គេ​ត្រូវ​ចោល​ស្ងាត់​ហើយ គឺ​បាន​ប្រគល់​មក​ឲ្យ​យើង​ត្របាក់​លេប ១៣ តែ​ឯង​រាល់​គ្នា​បាន​ដំកើង​ខ្លួន​ទាស់​នឹង​អញ ដោយសារ​មាត់​ឯង​ព្រម​ទាំង​ចំរើន​ពាក្យ​របស់​ឯង​ទាស់​នឹង​អញ​ផង អញ​បាន​ឮ​ហើយ ១៤ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កាល​ណា​ផែនដី​ទាំង​មូល​បាន​រីករាយ​ឡើង នោះ​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ស្ងាត់ជ្រងំ​វិញ ១៥ ឯង​បាន​អរ​សប្បាយ​ពី​ដំណើរ​មរដក​នៃ​ពួក​វង្ស​អ៊ីស្រាអែល ដោយ​ព្រោះ​បាន​ត្រូវ​ចោល​ស្ងាត់​ជា​យ៉ាង​ណា នោះ​អញ​នឹង​ធ្វើ​ដល់​ឯង​យ៉ាង​នោះ​ដែរ ឱ​ភ្នំ​សៀរ និង​ស្រុក​អេដំម​ទាំង​មូល​អើយ ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត។