៤៣
ព្រះអម្ចាស់​វិល​ត្រឡប់​មក​ទី​សក្ការៈ​របស់​ព្រះអង្គ​វិញ
១ បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទ្វារ​កំផែង គឺ​ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត ២ ហើយ​មើល សិរីល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​មក​តាម​ផ្លូវ​ពី​ទិស​ខាង​កើត ព្រះសូរសៀង​ទ្រង់​ឮ​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន ហើយ​ផែនដី​បាន​ភ្លឺ ដោយសារ​សិរីល្អ​របស់​ទ្រង់ ៣ នោះ​ក៏​ដូច​ជា​ការ​ជាក់ស្តែង ដែល​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​ការ​ជាក់ស្តែង​ដែល​ខ្ញុំ​បាន​ឃើញ ក្នុង​កាល​ដែល​ខ្ញុំ​មក ដើម្បី​បំផ្លាញ​ទី​ក្រុង ការ​ជាក់ស្តែង​ទាំង​នោះ ដូច​ជា​ការ​ជាក់ស្តែង​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ដូច្នេះ​ខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ​ចុះ ៤ នោះ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ដែល​បើក​ទៅ​ទិស​ខាង​កើត ៥ រួច​ព្រះវិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង​នាំ​ទៅ​ទី​ឯ​លាន​ខាង​ក្នុង ហើយ​មើល សិរីល្អ​នៃ​ព្រះយេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះវិហារ។
៦ ខ្ញុំ​ក៏​ឮ​ព្រះ​មាន​ព្រះបន្ទូល​មក​ខ្ញុំ ពី​ក្នុង​ព្រះវិហារ មាន​ទាំង​មនុស្ស​នោះ​ឈរ​នៅ​ក្បែរ​ខ្ញុំ​ដែរ ៧ នោះ​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ នេះ​ជា​ទី​កន្លែង​នៃ​បល្ល័ង្ក​អញ ហើយ​ជា​ទី​សំរាប់​បាត​ជើង​អញ គឺ​ជា​កន្លែង​ដែល​អញ​នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​ដរាប​ត​ទៅ ហើយ​ពួក​វង្ស​អ៊ីស្រាអែល នឹង​មិន​ដែល​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ទៀត ទោះ​ទាំង​ខ្លួន​គេ និង​ពួក​ស្តេច​គេ​ផង ដោយ​ការ​កំផិត​របស់​គេ ឬ​ដោយ​សាកសព​នៃ​ស្តេច​គេ​ដែល​បាន​តម្កល់​ទុក ៨ ឬ​ដោយ​គេ​ធ្វើ​មាត់​ទ្វារ​គេ ក្បែរ​មាត់​ទ្វារ​របស់​អញ និង​ក្រប​ទ្វារ​គេ ផ្ទាប់​នឹង​ក្រប​ទ្វារ​របស់​អញ ឲ្យ​មាន​តែ​ជញ្ជាំង​នៅ​កណ្តាល​អញ​នឹង​គេ ហើយ​គេ​បាន​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដោយ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ហេតុ​នោះ​បាន​ជា​អញ​ធ្វើ​គេ​សាបសូន្យ​ទៅ ដោយ​សេចក្តី​កំហឹង​របស់​អញ ៩ ឥឡូវ​នេះ ត្រូវ​ឲ្យ​គេ​លះ​ចោល​ការ​កំផិត និង​សាកសព​នៃ​ស្តេច​គេ​ចេញ​ឆ្ងាយ​ពី​អញ​ទៅ នោះ​អញ​នឹង​នៅ​កណ្តាល​ពួក​គេ​ជា​ដរាប​រៀង​ត​ទៅ។
១០ ឯ​ឯង កូន​មនុស្ស​អើយ ចូរ​បង្ហាញ​ព្រះវិហារ​នេះ​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ចុះ ដើម្បី​ឲ្យ​គេ​មាន​សេចក្តី​ខ្មាស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ឲ្យ​គេ​វាស់​គំរូ​ផង ១១ បើ​គេ​មាន​សេចក្តី​ខ្មាស ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ​ត្រូវ​ឲ្យ​គេ​ស្គាល់​រាង និង​បែប​ផែន​នៃ​ព្រះវិហារ ព្រម​ទាំង​ផ្លូវ​ចេញ​ចូល និង​សណ្ឋាន​គ្រប់​យ៉ាង ហើយ​ក្រឹត្យក្រម​គ្រប់​ចំពូក នូវ​អស់​ទាំង​បញ្ញត្ត​ច្បាប់​នៃ​ព្រះវិហារ​ផង ចូរ​កត់​ទុក​ទាំង​អស់​នៅ​ចំពោះ​ភ្នែក​គេ ដើម្បី​ឲ្យ​គេ​បាន​រក្សា​ទុក​នូវ​សណ្ឋាន​គ្រប់​យ៉ាង និង​ក្រឹត្យក្រម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ផង ១២ នេះ​ហើយ​ជា​ច្បាប់​នៃ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​នោះ ហើយ​តាម​ព្រំ​នៅ​ជុំវិញ​ទាំង​អស់ នោះ​ត្រូវ​ជា​ទី​បរិសុទ្ធ​បំផុត មើល នេះ​ឯង​ជា​ច្បាប់​នៃ​ព្រះវិហារ។
អំពី​អាសនៈ
១៣ នេះ​ជា​ទំហំ​នៃ​អាសនា ដែល​វាស់​តាម​ហត្ថ គឺ​ហត្ថ​ធំ​ដែល​ត្រូវ​ជា​១​ហត្ថ​១​ទះ បាត​នៃ​អាសនា​បាន​១​ហត្ថ​ទទឹង​១​ហត្ថ ហើយ​គែម​នៅ​ជុំវិញ​ហាម បាន​១​ចំអាម​នោះ​ជា​ជើង​នៃ​អាសនា ១៤ ពី​បាត​ដែល​នៅ​លើ​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម នោះ​មាន​២​ហត្ថ និង​ទទឹង​១​ហត្ថ ហើយ​តាំង​ពី​គន្លាក់​ក្រោម ឡើង​ទៅ​ដល់​គន្លាក់​ខាង​លើ នោះ​មាន​២​ហត្ថ និង​ទទឹង​១​ហត្ថ ១៥ ឯ​ប្រទាស​អាសនា នោះ​មាន​៤​ហត្ថ ហើយ​មាន​ស្នែង​៤​ចេញ​ពី​អាសនា​ឡើង​ទៅ ១៦ ឯ​ប្រទាស​អាសនា នោះ​បណ្តោយ​១២​ហត្ថ ទទឹង​១២​ហត្ថ ៤​ជ្រុង​ស្មើ ១៧ ហើយ​គន្លាក់​ប្រវែង​១៤​ហត្ថ ទទឹង​១៤​ហត្ថ ទាំង​៤​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំវិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​១​ហត្ថ​ទាំង​៤​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។
១៨ រួច​លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ នេះ​ជា​ច្បាប់​សំរាប់​អាសនា នៅ​វេលា​ណា​ដែល​គេ​នឹង​តាំង​ឡើង ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដុត ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាសនា​នោះ ១៩ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ត្រូវ​ឲ្យ​ឯង​ឲ្យ​គោ​ឈ្មោល​ស្ទាវ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​នឹង​ធ្វើ​ការងារ​ដល់​អញ ២០ ត្រូវ​ឲ្យ​ឯង​យក​ឈាម​នៃ​យញ្ញបូជា​ទៅ​ប្រឡាក់ នៅ​ស្នែង​អាសនា​ទាំង​៤ និង​នៅ​គន្លាក់​ទាំង​៤​ជ្រុង ហើយ​នៅ​គែម​ព័ទ្ធ​ជុំវិញ​ដែរ គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​សំអាត ហើយ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាសនា ២១ ត្រូវ​ឲ្យ​ឯង​យក​គោ​ឈ្មោល​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​ដែរ ហើយ​ត្រូវ​ដុត​នៅ​កន្លែង​សំរាប់​ការ​នោះ នៅ​ក្នុង​ព្រះវិហារ​ខាង​ក្រៅ​ទី​បរិសុទ្ធ ២២ លុះ​ដល់​ថ្ងៃ​ទី​២ ត្រូវ​ឲ្យ​ឯង​ថ្វាយ​ពពែ​ឈ្មោល​ឥត​ខ្ចោះ សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​គេ​នឹង​សំអាត​អាសនា ដូច​ជា​បាន​សំអាត​ដោយ​គោ​ឈ្មោល​នោះ​ដែរ ២៣ កាល​ណា​ឯង​បាន​សំអាត​អាសនា​រួច​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ ពី​ហ្វូង​ចៀម​ទៀត ២៤ ត្រូវ​ឲ្យ​ឯង​នាំ​សត្វ​ទាំង​២នោះ​មក​នៅ​ចំពោះ​ព្រះយេហូវ៉ា រួច​ត្រូវ​ឲ្យ​ពួក​សង្ឃ​បាច​អំបិល​ទៅ​លើ ហើយ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា ២៥ នៅ​រវាង​៧​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​រៀប​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប​រាល់ៗ​ថ្ងៃ គេ​ត្រូវ​រៀប​គោ​ឈ្មោល​ស្ទាវ​១ និង​ចៀម​ឈ្មោល​ឥត​ខ្ចោះ​១​ពី​ហ្វូង​សត្វ​ដែរ ២៦ នៅ​គំរប់​៧​ថ្ងៃ​ត្រូវ​ឲ្យ​គេ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាសនា ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​ឆ្លង​អាសនា ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​ឆ្លង​អាសនា ២៧ កាល​ណា​គេ​បាន​សំរេច​កំណត់​ថ្ងៃ​ទាំង​នោះ​ហើយ លុះ​ដល់​ថ្ងៃ​ទី​៨ ហើយ​ត​ទៅ​មុខ នោះ​ត្រូវ​ឲ្យ​ពួក​សង្ឃ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​របស់​ឯង​រាល់​គ្នា នៅ​លើ​អាសនា​នោះ​យ៉ាង​នោះ អញ​នឹង​ទទួល​ឯង​រាល់​គ្នា នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា។