៤៤
១ រួចលោកនាំខ្ញុំវិលទៅតាមផ្លូវនៃទ្វារខាងក្រៅរបស់ទីបរិសុទ្ធ ដែលបើកទៅទិសខាងកើត ទ្វារនោះបិទនៅ ២ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ទ្វារនេះត្រូវនៅជាបិទ ឥតបើកឡើយ ក៏មិនត្រូវឲ្យមនុស្សណាចូលតាមទ្វារនេះដែរ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានយាងចូលតាមទ្វារនេះហើយ ហេតុនោះនឹងត្រូវបិទនៅ ៣ ឯព្រះអម្ចាស់ដ៏ឧត្តម ទ្រង់នឹងគង់នៅទីនោះទុកជាព្រះអម្ចាស់ ដើម្បីនឹងសោយព្រះស្ងោយ នៅចំពោះព្រះយេហូវ៉ា ទ្រង់នឹងយាងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយនឹងយាងចេញទៅវិញតាមផ្លូវដដែល។
៤ បន្ទាប់មក លោកនាំខ្ញុំទៅតាមផ្លូវនៃទ្វារខាងជើង ពីមុខព្រះវិហារ នោះខ្ញុំក្រឡេកមើលទៅឃើញសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា រួចខ្ញុំដួលផ្កាប់មុខចុះ ៥ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរផ្ចង់ចិត្តចុះ ត្រូវឲ្យមើលដោយភ្នែកហើយស្តាប់ដោយត្រចៀក តាមគ្រប់ទាំងសេចក្តីដែលអញនិយាយ ពីដំណើរបៀបទាំងប៉ុន្មាន ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយពីអស់ទាំងច្បាប់ផង ហើយផ្ចង់ចិត្តចំពោះផ្លូវចូលព្រះវិហារ និងអស់ទាំងផ្លូវចេញពីទីបរិសុទ្ធផង ៦ រួចត្រូវឲ្យឯងប្រាប់ដល់ពួករឹងចចេស គឺដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឲ្យពួកវង្សអ៊ីស្រាអែលអើយ ត្រូវឲ្យការគួរស្អប់ខ្ពើមរបស់ឯងបានល្មមដល់ឯងប៉ុណ្ណឹងចុះ ៧ គឺជាការដែលឯងរាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីលំនៅរបស់អញ ក្នុងកាលដែលឯងរាល់គ្នាបានថ្វាយនំបុ័ងរបស់អញ ព្រមទាំងខ្លាញ់ និងឈាមផង ហើយបានផ្តាច់សេចក្តីសញ្ញារបស់អញ ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលឯងប្រព្រឹត្តនោះ ៨ ហើយឯងរាល់គ្នាមិនបានរក្សាបញ្ញើនៃរបស់បរិសុទ្ធដែលអញផ្ញើទុកនឹងឯង គឺបានតាំងគេឲ្យរក្សាបញ្ញើរបស់អញ នៅទីបរិសុទ្ធតាមអំពើចិត្តឯងវិញ។
៩ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មិនត្រូវឲ្យមានសាសន៍ដទៃណាមួយ ក្នុងពួកសាសន៍ដទៃដែលនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល ជាអ្នកដែលមិនទទួលកាត់ស្បែកខាងចិត្ត និងខាងរូបសាច់ផង បានចូលទៅក្នុងទីបរិសុទ្ធរបស់អញឡើយ។
មុខងាររបស់ក្រុមលេវី
១០ ឯពួកលេវីដែលបានឃ្លាតឆ្ងាយពីអញ ក្នុងកាលដែលពួកអ៊ីស្រាអែលវង្វេងចេញ គឺដែលគេបានលះចោលអញ ទៅតាមរូបព្រះទាំងប៉ុន្មានរបស់គេ គេនឹងត្រូវរងទ្រាំសេចក្តីទុច្ចរិតរបស់ខ្លួន ១១ ប៉ុន្តែគេនឹងបានជាអ្នកធ្វើការងារ នៅក្នុងទីបរិសុទ្ធរបស់អញ ព្រមទាំងមានអំណាចត្រួតត្រានៅអស់ទាំងទ្វារនៃព្រះវិហារ ហើយទាំងធ្វើការងារក្នុងព្រះវិហារផង គេត្រូវសំឡាប់ដង្វាយដុត និងយញ្ញបូជាសំរាប់បណ្តាជន ហើយត្រូវឲ្យគេឈរនៅមុខបណ្តាជន ដើម្បីធ្វើការងារជំនួស ១២ ហេតុដោយព្រោះគេបានធ្វើការងារឲ្យ នៅចំពោះរូបព្រះរបស់គេ ហើយបានត្រឡប់ជាសេចក្តីទុច្ចរិត ដែលនាំឲ្យពួកវង្សអ៊ីស្រាអែលចំពប់ដួល បានជាព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អញបានលើកដៃ ទាស់នឹងគេ ហើយគេនឹងត្រូវរងទ្រាំសេចក្តីទុច្ចរិតរបស់ខ្លួន ១៣ គេមិនត្រូវចូលមកជិតអញ ដើម្បីធ្វើការងារជាសង្ឃដល់អញ ឬចូលទៅជិតរបស់បរិសុទ្ធណាមួយ ក្នុងអស់ទាំងវត្ថុបរិសុទ្ធបំផុតរបស់អញឡើយ គឺគេត្រូវរងទ្រាំសេចក្តីខ្មាសរបស់ខ្លួន នឹងអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្តនោះ ១៤ ប៉ុន្តែអញនឹងតាំងគេជាអ្នករក្សាបញ្ញើនៃព្រះវិហារ សំរាប់គ្រប់ការងារទាំងនោះ និងគ្រប់អស់ទាំងការដែលត្រូវធ្វើក្នុងទីនោះដែរ។
មុខងាររបស់ក្រុមបូជាចារ្យ
១៥ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯពួកលេវីដែលជាសង្ឃ ជាកូនសាដុក ដែលបានរក្សាបញ្ញើទីបរិសុទ្ធរបស់អញ នៅវេលាដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេងចាកចេញពីអញ ពួកនោះនឹងចូលមកជិតអញ ដើម្បីនឹងធ្វើការងារដល់អញវិញ ព្រមទាំងឈរនៅមុខអញ ដើម្បីថ្វាយខ្លាញ់ និងឈាមផង ១៦ គេនឹងចូលមកក្នុងទីបរិសុទ្ធរបស់អញ ក៏ចូលមកជិតតុរបស់អញ ដើម្បីនឹងធ្វើការងារដល់អញ ព្រមទាំងរក្សាបញ្ញើរបស់អញផង ១៧ កាលណាគេចូលទៅតាមទ្វារកំផែងទីលានខាងក្នុង នោះគេនឹងត្រូវស្លៀកពាក់ ដោយសំពត់ទេសឯក ឥតមានស្លៀកពាក់អ្វីធ្វើពីរោមចៀម កំពុងដែលគេធ្វើការងារ នៅខាងក្នុងទ្វារទីលានខាងក្នុង ហើយក្នុងព្រះវិហារឡើយ ១៨ គេត្រូវជួតឈ្នួតធ្វើពីសំពត់ទេសឯក នៅលើក្បាល ហើយស្លៀកពាក់ខោស្នាប់ភ្លៅទេសឯកដែរ គេមិនត្រូវក្រវាត់ខ្លួន ដោយអ្វីដែលនាំឲ្យបែកញើសទេ ១៩ រួចកាលណាគេចេញទៅឯទីលានខាងក្រៅ គឺទៅឯបណ្តាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសំលៀកបំពាក់ ដែលគេស្លៀកពាក់សំរាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្តាជនចេញជាបរិសុទ្ធ ដោយសារសំលៀកបំពាក់របស់គេ ២០ គេក៏មិនត្រូវកោរសក់ ឬទុកឲ្យសក់ដុះវែងដែរ គេនឹងគ្រាន់តែកាត់ដំរឹមប៉ុណ្ណោះ ២១ មិនត្រូវឲ្យសង្ឃណាមួយផឹកស្រាទំពាំងបាយជូរ ក្នុងកាលដែលចូលទៅក្នុងទីលានខាងក្នុងឡើយ ២២ ក៏មិនត្រូវយកតែស្រីមេម៉ាយ ឬស្រីប្តីលែង ធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកស្រីក្រមុំក្នុងពូជវង្សអ៊ីស្រាអែល ឬស្រីមេម៉ាយណាដែលជាប្រពន្ធរបស់សង្ឃពីកាលដើមប៉ុណ្ណោះ ២៣ គេត្រូវបង្រៀនរាស្ត្រអញឲ្យចេះសំគាល់របស់បរិសុទ្ធ និងរបស់ធម្មតា ហើយឲ្យគេមើលដឹងរបស់ស្អាត និងរបស់ដែលមិនស្អាត ២៤ ឯក្នុងរឿងទាស់ទែងគ្នា នោះត្រូវឲ្យគេឈរជំនុំជំរះសេចក្តី ត្រូវឲ្យគេជំនុំជំរះការណ៍នោះ តាមសេចក្តីយុត្តិធម៌របស់អញ ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តច្បាប់របស់អញ នៅអស់ទាំងបុណ្យមានកំណត់របស់អញផង ហើយត្រូវឲ្យគេរក្សាថ្ងៃឈប់សំរាករបស់អញ ទុកជាបរិសុទ្ធដែរ ២៥ មិនត្រូវឲ្យគេចូលទៅជិតខ្មោចស្លាប់ណា ឲ្យខ្លួនត្រូវសៅហ្មងឡើយ វៀរតែខ្មោចឪពុកឬម្តាយ កូនប្រុសឬកូនស្រី បងប្អូនប្រុសឬបងប្អូនស្រី ដែលមិនទាន់មានប្តីនៅឡើយ នោះគេនឹងឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចអ្នកទាំងនោះបាន ២៦ រួចកាលណាបានសំអាតខ្លួនវិញហើយ នោះត្រូវរាប់៧ថ្ងៃដល់សង្ឃនោះ ២៧ លុះដល់ថ្ងៃដែលចូលទៅក្នុងទីលានខាងក្នុងនៃទីបរិសុទ្ធ ដើម្បីនឹងធ្វើការងារក្នុងទីបរិសុទ្ធ នោះត្រូវថ្វាយដង្វាយលោះបាបរបស់ខ្លួន នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
២៨ ត្រូវឲ្យគេមានមរដកដែរ គឺអញជាមរដករបស់គេ ឯងរាល់គ្នាមិនត្រូវឲ្យគេមានកេរអាករ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ដ្បិតអញជាកេរអាកររបស់គេហើយ ២៩ គេនឹងស៊ីដង្វាយម្សៅ ដង្វាយលោះបាប និងដង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះនឹងបានជារបស់ផងគេទាំងអស់ ៣០ ឯចំណែកដំបូងពីផលដំបូងគ្រប់យ៉ាង និងអស់ទាំងដង្វាយ ដែលថ្វាយដោយលើកចុះឡើងគ្រប់មុខ ពីអស់ទាំងដង្វាយលើកចុះឡើងរបស់ឯងរាល់គ្នា នោះសុទ្ធតែជារបស់ផងពួកសង្ឃឯងរាល់គ្នា ក៏ត្រូវឲ្យម្សៅដំបូងរបស់ឯង ដល់ពួកសង្ឃដែរ ដើម្បីឲ្យបានព្រះពរស្ថិតលើផ្ទះឯង ៣១ ពួកសង្ឃមិនត្រូវស៊ីអ្វីដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វណាបានហែកហួរ ទោះបើជាសត្វហើរ ឬសត្វជើង៤ក្តី។