៤
ការប្រឆាំងនឹងការសាងសង់ព្រះវិហារឡើងវិញ
១ រីឯពួកខ្មាំងសត្រូវរបស់ពួកយូដា និងបេនយ៉ាមីនកាលឮថា ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ គេកំពុងតែស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដូច្នោះ ២ នោះគេក៏ចូលមកឯសូរ៉ូបាបិល និងពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកឰយុកោ និយាយថា សូមឲ្យយើងរាល់គ្នាស្អាងជាមួយនឹងអ្នករាល់គ្នាផង ដ្បិតយើងក៏ស្វែងរកតាមព្រះ នៃអ្នករាល់គ្នា ដូចជាអ្នករាល់គ្នាដែរ យើងរាល់គ្នាបានថ្វាយយញ្ញបូជាដល់ទ្រង់ តាំងពីគ្រាដែលអេសារ-ហាដោន ជាស្តេចស្រុកអាសស៊ើរ បាននាំយើងមកនៅស្រុកនេះ ៣ តែសូរ៉ូបាបិល និងយេសួរ ហើយពួកអ្នកឯទៀត ដែលជាកំពូលលើវង្សនៃពួកឰយុកោនៃសាសន៍អ៊ីស្រាអែល ក៏ឆ្លើយថា ឯការស្អាងព្រះវិហារថ្វាយព្រះនៃយើង នោះមិនជាធុរៈរបស់អ្នករាល់គ្នាទេ គឺយើងនឹងធ្វើការនេះតែគ្នាយើងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ដូចជាព្រះរាជាស៊ីរូស ជាស្តេចពើស៊ី បានបង្គាប់មកយើងហើយ ៤ ដូច្នេះ ពួកអ្នកស្រុកនោះក៏ខំនាំឲ្យពួកយូដាខ្សោយដៃទៅ ហើយបង្អើលបង្អាក់គេក្នុងការស្អាងនោះ ៥ គេជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ នៅអស់រវាងព្រះជន្មស៊ីរូស ជាស្តេចពើស៊ី ដរាបដល់ដារីយុស បានគ្រងរាជ្យឡើងនៅស្រុកពើស៊ី ៦ លុះដល់រាជ្យអ័ហាស៊ូរុស កាលទ្រង់បានសោយរាជ្យឡើងហើយ នោះគេធ្វើសំបុត្រ ផ្ញើទៅថ្វាយ ពោលទោសពីពួកអ្នកស្រុកយូដា ហើយនឹងពួកនៅក្រុងយេរូសាឡិម។
៧ រួចមក នៅក្នុងរាជ្យអើថាស៊ើកសេស នោះប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេ ក៏ធ្វើសំបុត្រផ្ញើទៅអើថាស៊ើកសេស ជាស្តេចពើស៊ី មានសេចក្តីកត់ទុកជាអក្សរតាមភាសាអារ៉ាម ៨ គឺចាងហ្វាងរេហ៊ូម និងស្មៀនស៊ីមសាយ គេធ្វើសំបុត្រផ្ញើទៅស្តេចអើថាស៊ើកសេសពោលទោសពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា ៩ រេហ៊ូម ជាចាងហ្វាង និងស៊ីមសាយជាស្មៀន ហើយពួកយើងខ្ញុំឯទៀត គឺជាពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស អើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ ១០ ព្រមទាំងសាសន៍ឯទៀត ដែលអ័ស្នាផារ ដ៏ជាធំឧត្តុង្គឧត្តម លោកបាននាំមក ឲ្យអាស្រ័យនៅក្នុងទីក្រុងស្រុកសាម៉ារីទាំងប៉ុន្មាន និងក្នុងស្រុកឯទៀតនៅខាងនាយទន្លេនេះ៘ ១១ នេះជាសំណៅពីសំបុត្រដែលបានផ្ញើទៅអើថាស៊ើកសេស ជាស្តេច គឺថា យើងខ្ញុំ ជាពួកអ្នកនៅខាងនាយទន្លេ៘ ១២ យើងខ្ញុំសូមក្រាបថ្វាយបង្គំចូលមកព្រះករុណា សូមទ្រង់ជ្រាបថា ពួកសាសន៍យូដា ដែលបានចេញពីទ្រង់ឡើងមកឯយើងខ្ញុំ នៅក្រុងយេរូសាឡិម គេកំពុងតែសង់ទីក្រុងបះបោរ ហើយអាក្រក់នេះឡើងវិញ គេបានធ្វើកំផែងស្រេចហើយ ឥឡូវនេះ កំពុងតែរៀបចំជើងជញ្ជាំងទៀត ១៣ ដូច្នេះ សូមព្រះករុណាទ្រង់ជ្រាបថា បើទីក្រុងនេះបានសង់ឡើងស្រេចហើយ កំផែងក៏បានលើកឡើងផង នោះគេនឹងលែងបង់សួយអាករ ពន្ធខ្លួន និងពន្ធគយទៅ ហើយដល់ទីបំផុត និងបង្កើតខូចខាតដល់ពួកស្តេចផង ១៤ ឥឡូវនេះ ដោយព្រោះយើងខ្ញុំជ្រកកោនដោយព្រះគុណទ្រង់ ហើយមិនគប្បីឲ្យយើងខ្ញុំព្រងើយបណ្តោយឲ្យគេបង្អាប់ដល់ព្រះកិត្តិយសរបស់ព្រះករុណាឡើយ បានជាយើងខ្ញុំផ្ញើរសំបុត្រនេះមក ទូលដល់ព្រះករុណាថ្វាយទ្រង់ជ្រាបផង ១៥ ដើម្បីឲ្យមានគេពិនិត្យរកក្នុងសៀវភៅ ជាពង្សាវតារនៃពួកវង្សានុវង្សរបស់ទ្រង់ យ៉ាងនោះ ទ្រង់នឹងទតឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់អាណាខេត្តផង ហើយថា កាលពីចាស់បូរាណ គេចេះតែបង្កើតការក្បត់ គឺដោយហេតុនោះបានជាទីក្រុងនោះ ត្រូវបំផ្លាញចេញទៅ ១៦ យើងខ្ញុំសូមទូលបញ្ជាក់ដល់ព្រះករុណាថ្វាយទ្រង់ជ្រាបថា បើគេសង់ទីក្រុងនោះឡើងវិញ ហើយបានលើកកំផែងឡើងជាស្រេច នោះនឹងធ្វើឲ្យព្រះករុណាលែងមានចំណែកណា នៅខាងនាយទន្លេទៀតហើយ។
ចម្លើយរបស់ស្តេចអើថាស៊ើកសេស
១៧ ស្តេចទ្រង់ក៏ធ្វើព្រះរាជសាសន៍ តបទៅចាងហ្វាងរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេដែលនៅស្រុកសាម៉ារី និងស្រុកឯទៀត នៅខាងនាយទន្លេថា សូមឲ្យបានប្រកបដោយសេចក្តីសុខចុះ៘ ១៨ ឯសំបុត្រដែលអ្នករាល់គ្នាបានផ្ញើទៅយើង នោះបានអានមើលប្រែសេចក្តីយ៉ាងច្បាស់ នៅមុខយើងហើយ ១៩ យើងក៏បានបង្គាប់ឲ្យគេពិនិត្យរក នោះឃើញថា កាលពីចាស់បូរាណ ទីក្រុងនោះបានលើកគ្នាឡើង ទាស់នឹងពួកស្តេចក៏បង្កើតការបះបោរនឹងការកម្បត់មែន ២០ ហើយមានស្តេចដែលមានឫទ្ធិយ៉ាងសន្ធឹក បានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអស់ទាំងស្រុកនៅខាងនាយទន្លេ មនុស្សក៏បានបង់សួយអាករ ពន្ធខ្លួន និងពន្ធគយថ្វាយស្តេចទាំងនោះដែរ ២១ ដូច្នេះ ចូរអ្នករាល់គ្នាចេញបញ្ញត្ត ឲ្យមនុស្សទាំងនោះឈប់ការនោះទៅ កុំឲ្យគេសង់ទីក្រុងនោះឡើងឡើយ ដរាបដល់មានបង្គាប់ចេញពីយើងមកទៀត ២២ ហើយត្រូវប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វេសប្រហែសចំពោះការនោះដែរ និងឲ្យមានការខូចខាតកើតឡើងដល់ពួកស្តេចធ្វើអី។
២៣ កាលគេបានអានមើលព្រះរាជសាសន៍របស់ស្តេចអើថាស៊ើកសេស នៅមុខរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេស្រេចហើយ ស្រាប់តែគេទៅឯពួកសាសន៍យូដា នៅក្រុងយេរូសាឡិមជាប្រញាប់ ក៏បង្ខំឲ្យគេឈប់ ដោយកំឡាំង និងអំណាច។
កូនចៅយូដានាំគ្នាសង់ព្រះវិហារជាបន្តទៀត
២៤ ដូច្នេះ គេលែងស្អាងព្រះវិហារនៃព្រះដែលនៅក្រុងយេរូសាឡិមទៅ ហើយការនោះក៏ខានធ្វើដរាបដល់ឆ្នាំទី២ក្នុងរាជ្យដារីយុស ជាស្តេចពើស៊ី។