៥
១ រីឯហោរាហាកាយ និងហោរាសាការី ជាកូនអ៊ីដោក៏ទាយដោយនូវព្រះនាមព្រះនៃសាសន៍អ៊ីស្រាអែល ដល់ពួកយូដាដែលនៅស្រុកយូដា និងក្រុងយេរូសាឡិម ២ គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់តាំងស្អាងព្រះវិហារដែលនៅក្រុងយេរូសាឡិម ក៏មានពួកហោរានៃព្រះជួយគ្នាដែរ ៣ ហើយនៅវេលានោះឯង ថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេនោះ ព្រមទាំងសេថារ-បូសណាយ និងពួកគូកនលោកក៏មកសួរថា តើអ្នកណាបានចេញបង្គាប់ឲ្យឯងរាល់គ្នាស្អាងវិហារនេះ ហើយធ្វើកំផែងនេះឡើង ៤ លោកក៏សួរដូច្នេះទៀតថា មនុស្សដែលធ្វើការនេះ តើមានឈ្មោះអ្វីខ្លះ ៥ ប៉ុន្តែ ព្រះនេត្រនៃព្រះបានទតមកលើពួកចាស់ទុំសាសន៍យូដា ហើយលោកចៅហ្វាយមិនបានបញ្ឈប់ការដែលកំពុងតែធ្វើនោះទេ ចាំទំរាំបញ្ជូនរឿងនោះ ទៅដល់ដារីយុស ហើយមានព្រះរាជសាសន៍តបមកកាត់សេចក្តី។
៦ នេះជាសំណៅនៃសំបុត្រ ដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនលោក នៅខាងនាយទន្លេ បានផ្ញើទៅស្តេចដារីយុស ៧ ក្នុងសំបុត្រដែលផ្ញើទៅស្តេចនោះមានសេចក្តីដូច្នេះថា សូមក្រាបថ្វាយបង្គំចូលមកដល់ព្រះករុណាដារីយុស សូមឲ្យទ្រង់បានប្រកប ដោយសេចក្តីសុខចំរើន ៨ សូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំបានទៅក្នុងខេត្តយូដា គឺទៅមើលព្រះវិហារនៃព្រះដ៏ធំ ដែលគេកំពុងតែស្អាង ដោយថ្មយ៉ាងធំៗ ឃើញថាគេដាក់ធ្នឹមលើជញ្ជាំងរួចហើយ ការនោះក៏ធ្វើយ៉ាងឆាប់រហ័ស ហើយចំរើនឡើង ដោយសារដៃគេដែរ ៩ ដូច្នេះ យើងខ្ញុំបានសាកសួរពួកចាស់ទុំរបស់គេថា តើអ្នកណាបានចេញបង្គាប់ឲ្យស្អាងព្រះវិហារនេះ ហើយនឹងធ្វើកំផែងនេះឡើង ១០ យើងខ្ញុំក៏បានសួរឈ្មោះគេ ដើម្បីនឹងកត់ឈ្មោះមនុស្សទាំងប៉ុន្មាន ដែលជាមេរបស់គេ ផ្ញើមកថ្វាយទ្រង់ឲ្យបានជ្រាប ១១ គេឆ្លើយមកយើងខ្ញុំដូច្នេះថា យើងខ្ញុំជាពួកអ្នកបំរើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយយើងខ្ញុំកំពុងតែស្អាងព្រះវិហារនេះឡើងវិញ ជាវិហារដែលស្តេចធំ នៃសាសន៍អ៊ីស្រាអែល១អង្គ បានស្អាងរួចជាស្រេច ជាយូរមកម្តងហើយ ១២ តែនៅគ្រាដែលពួកឰយុកោយើងខ្ញុំបានបណ្តាលឲ្យព្រះនៃស្ថានសួគ៌មានសេចក្តីក្រោធ នោះទ្រង់បានប្រគល់គេទៅក្នុងកណ្តាប់ព្រះហស្តនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាសាសន៍ខាល់ដេទៅ ស្តេចនោះបានបំផ្លាញព្រះវិហារនេះទៅ ក៏ដឹកនាំពួកបណ្តាជនទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ១៣ តែនៅឆ្នាំដំបូង ក្នុងរាជ្យស៊ីរូស ជាស្តេចបាប៊ីឡូន នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ១ច្បាប់ឲ្យស្អាងព្រះវិហារនេះឡើងវិញ ១៤ ហើយគ្រឿងប្រដាប់មាស និងប្រាក់ទាំងប៉ុន្មាន របស់ព្រះវិហារនៃព្រះ ដែលនេប៊ូក្នេសាបានយកចេញពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិម នាំទៅដាក់ក្នុងព្រះវិហារ នៅក្រុងបាប៊ីឡូន នោះស្តេចស៊ីរូសបានយកចេញពីព្រះវិហារនោះ ប្រគល់ទាំងអស់ដល់ម្នាក់ឈ្មោះ សេសបាសារ ដែលទ្រង់បានតាំងឡើងជាចៅហ្វាយខេត្ត ១៥ ទ្រង់បង្គាប់ដល់លោកថា ចូរយកគ្រឿងប្រដាប់ទាំងនេះ ទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមទៅ ហើយស្អាងព្រះវិហារនៃព្រះ នៅកន្លែងដដែលនោះឡើងវិញ ១៦ ដូច្នេះ សេសបាសារក៏ទៅដាក់ជើងជញ្ជាំងព្រះវិហារនៃព្រះ ដែលធ្លាប់មាននៅក្រុងយេរូសាឡិម ហើយចាប់តាំងពីវេលានោះ ដរាបដល់សព្វថ្ងៃនេះ គេចេះតែធ្វើការស្អាងព្រះវិហារនោះឡើង តែមិនទាន់បានហើយនៅឡើយ ១៧ ដូច្នេះ បើព្រះករុណាយល់ឃើញថាគួរដែរ នោះសូមឲ្យគេពិនិត្យរកក្នុងមន្ទីរលិខិតហ្លួង នៅក្រុងបាប៊ីឡូននេះ ឲ្យបានដឹងពិតជាស្តេចស៊ីរូសទ្រង់ចេញព្រះរាជឱង្ការ ឲ្យស្អាងព្រះវិហារនោះ ដែលនៅក្រុងយេរូសាឡិម ឬមិនមែន រួចសូមទ្រង់ព្រះករុណាផ្ញើទៅបង្គាប់ដល់យើងខ្ញុំ ឲ្យដឹងពីដំណើរនេះ តាមទ្រង់សព្វព្រះហឫទ័យចុះ។