បញ្ជី​រាយ​នាម​អស់​អ្នក​ដែល​វិល​ត្រឡប់​ទៅ​ជា​មួយ​អែសរ៉ា
១ រីឯ​ពួក​អ្នក​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក ហើយ​តាម​ពង្សាវតារ​របស់​ពួក​អ្នក ដែល​ចេញ​ពី​ក្រុង​បាប៊ីឡូន ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ ក្នុង​រាជ្យ​ស្តេច​អើថាស៊ើកសេស ២ នោះ​ក្នុង​ពួក​កូន​ចៅ​ភីនេហាស មាន​គើសុន ក្នុង​ពួក​កូន​ចៅ​អ៊ីថាម៉ារ មាន​ដានីយ៉ែល ក្នុង​ពួក​កូន​ចៅ​ដាវីឌ មាន​ហាធូស ៣ ក្នុង​ពួក​កូន​ចៅ​សេកានា ខាង​កូន​ចៅ​ប៉ារ៉ូស​នោះ​មាន​សាការី ហើយ​តាម​បញ្ជីជាតិ នោះ​រាប់​បាន​ពួក​ប្រុសៗ​១៥០​នាក់ ដែល​ទៅ​ជា​មួយ ៤ ក្នុង​ពួក​កូន​ចៅ​ផាហាត-ម៉ូអាប់ មាន​អេលីយ៉ូន៉ាយ ជា​កូន​សេរ៉ាហ៊ា ហើយ​មាន​ពួក​ប្រុសៗ​២០០​នាក់​ទៅ​ជា​មួយ ៥ ក្នុង​ពួក​កូន​ចៅ​សេកានា មាន​កូន​របស់​យ៉ាហាសៀល ហើយ​មាន​ពួក​ប្រុសៗ​៣០០​នាក់​ទៅ​ជា​មួយ ៦ ក្នុង​ពួក​កូន​ចៅ​អេឌីន មាន​អេបេឌ ជា​កូន​យ៉ូណាថាន ហើយ​មាន​ពួក​ប្រុសៗ​៥០​នាក់​ទៅ​ជា​មួយ ៧ ក្នុង​ពួក​កូន​ចៅ​អេឡាំ មាន​យេសាយ៉ា ជា​កូន​អ័ថាលា ហើយ​មាន​ពួក​ប្រុសៗ​៧០​នាក់​ទៅ​ជា​មួយ ៨ ក្នុង​ពួក​កូន​ចៅ​សេផាធា មាន​សេបាឌា ជា​កូន​មីកែល ហើយ​មាន​ពួក​ប្រុសៗ​៨០​នាក់​ទៅ​ជា​មួយ ៩ ក្នុង​ពួក​កូន​ចៅ​យ៉ូអាប់ មាន​អូបាឌា ជា​កូន​យេហ៊ីអែល ហើយ​មាន​ពួក​ប្រុសៗ​២១៨​នាក់​ទៅ​ជា​មួយ ១០ ក្នុង​ពួក​កូន​ចៅ​សឡូមិត មាន​កូន​របស់​យ៉ូសិភា ហើយ​មាន​ពួក​ប្រុស​១៦០​នាក់​ទៅ​ជា​មួយ ១១ ក្នុង​ពួក​កូន​ចៅ​បេបាយ មាន​សាការី ជា​កូន​បេបាយ ហើយ​មាន​ពួក​ប្រុសៗ​២៨​នាក់​ទៅ​ជា​មួយ ១២ ក្នុង​ពួក​កូន​ចៅ​អាសកាឌ មាន​យ៉ូហាណាន ជា​កូន​ហាកាថាន ហើយ​មាន​ពួក​ប្រុសៗ​១១០​នាក់​ទៅ​ជា​មួយ ១៣ ក្នុង​ពួក​កូន​ចៅ​អ័ដូនីកាម​ដែល​នៅ​ក្រោយ​គេ នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​អេលីផាលេត យីអែល និង​សេម៉ាយ៉ា ហើយ​មាន​ពួក​ប្រុសៗ​៦០​នាក់​ទៅ​ជា​មួយ ១៤ ក្នុង​ពួក​កូន​ចៅ​ប៊ីកវ៉ាយ មាន​អ៊ូថាយ និង​សាប៊ូឌ ហើយ​មាន​ពួក​ប្រុសៗ​៧០​នាក់​ទៅ​ជា​មួយ។
ការ​រៀបចំ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម
១៥ ខ្ញុំ​បាន​ប្រមូល​អ្នក​ទាំង​នោះ​មក​ត្រង់​មាត់​ទន្លេ ដែល​ហូរ​ទៅ​ឯ​ក្រុង​អាហាវ៉ា យើង​រាល់​គ្នា​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ​៣​ថ្ងៃ កំពុង​ដែល​ខ្ញុំ​ត្រួត​មើល​បណ្តាជន និង​ពួក​សង្ឃ តែ​ឥត​មាន​ឃើញ​ពួក​កូន​ចៅ​លេវី​ណា​មួយ នៅ​ទី​នោះ​ឡើយ ១៦ ដូច្នេះ ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អេលាស៊ើរ អើរាល សេម៉ាយ៉ា អែលណាថាន យ៉ារីប អែលណាថាន ណាថាន់ សាការី និង​មស៊ូឡាម ជា​ពួក​ប្រធាន​មក ព្រម​ទាំង​យ៉ូយ៉ារីប និង​អែលណាថាន ជា​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា ១៧ រួច​ខ្ញុំ​ចាត់​ពួក​អ្នក​ទាំង​នោះ ឲ្យ​ទៅ​ឯ​អ៊ីដោ​ជា​មេ ដែល​នៅ​កន្លែង​ហៅ​ថា កាសិភា ដោយ​បង្គាប់​ពាក្យ​ដែល​គេ​ត្រូវ​ជំរាប​ដល់​អ៊ីដោ និង​ពួក​នេធីនិម ជា​បង​ប្អូន​លោក នៅ​ត្រង់​កាសិភា​នោះ ដើម្បី​នឹង​នាំ​ពួក​អ្នក​សំរាប់​ធ្វើ​ការងារ ក្នុង​ព្រះវិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​មក​ជា​១​ផង ១៨ ហើយ​តាម​ដែល​ព្រះហស្ត​ល្អ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា បាន​សណ្ឋិត​លើ​យើង នោះ​គេ​បាន​នាំ​មនុស្ស​ម្នាក់​ប្រកប​ដោយ​ប្រាជ្ញា មក​ឯ​យើង ពី​ពួក​ម៉ាស់លី ជា​កូន​លេវី ដែល​ជា​កូន​អ៊ីស្រាអែល ព្រម​ទាំង​សេរេប៊ីយ៉ា និង​កូន​ចៅ ហើយ​បង​ប្អូន ទាំង​អស់​មាន​១៨​នាក់ ១៩ និង​ហាសាបយ៉ា ហើយ​មាន​យេសាយ៉ា ពី​ពួក​កូន​ចៅ​ម្រ៉ារី និង​បង​ប្អូន ហើយ​កូន​ចៅ ទាំង​អស់​រួម​គ្នា​២០​នាក់ មក​ជា​មួយ ២០ ឯ​ពួក​នេធីនិម​ដែល​ដាវីឌ និង​អ្នក​ជា​ប្រធាន​បាន​ថ្វាយ​សំរាប់​ជួយ​ការងារ​ពួក​លេវី នោះ​មាន​២២០​នាក់ ដែល​សុទ្ធ​តែ​បាន​តម្រូវ​ដោយ​ឈ្មោះ​រៀង​ខ្លួន។
២១ រួច​មក​ខ្ញុំ​បាន​ប្រកាស​ប្រាប់ ឲ្យ​មាន​ការ​តម​នៅ​មាត់​ទន្លេ​អាហាវ៉ា​នោះ ដើម្បី​ឲ្យ​យើង​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ប្រយោជន៍​នឹង​សូម​ទ្រង់​ឲ្យ​ដំរង់​ផ្លូវ​យើង និង​កូន​ចៅ ហើយ​របស់​ទ្រព្យ​យើង​ទាំង​អស់​ផង ២២ ដ្បិត​ដែល​សូម​ទាហាន និង​ពល​សេះ ពី​ស្តេច​ឲ្យ​ទៅ​រាំងរា​ពួក​ខ្មាំងសត្រូវ​តាម​ផ្លូវ នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​ខ្មាស ពី​ព្រោះ​យើង​បាន​ទូល​ស្តេច​ហើយ​ថា ព្រះហស្ត​នៃ​ព្រះ​របស់​យើង​រាល់​គ្នា សណ្ឋិត​នៅ​នឹង​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដើម្បី​នឹង​ប្រោស​ឲ្យ​បាន​សេចក្តី​ល្អ តែ​ព្រះចេស្តា និង​សេចក្តី​ក្រេវក្រោធ​នៃ​ទ្រង់ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះបង់​ចោល​ទ្រង់​វិញ ២៣ ដូច្នេះ យើង​រាល់​គ្នា​បាន​តម ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ទ្រង់​ក៏​ទទួល​ស្តាប់​តាម​យើង។
២៤ រួច​មក ខ្ញុំ​ក៏​ញែក​មេ​ពួក​សង្ឃ​១២​នាក់​ចេញ​ទុក គឺ​សេរេប៊ីយ៉ា និង​ហាសាបយ៉ា ព្រម​ទាំង​បង​ប្អូន​គេ​១០​នាក់​ឯ​ទៀត ២៥ រួច​ខ្ញុំ​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​គេ គឺ​ជា​ដង្វាយ​សំរាប់​ព្រះវិហារ​នៃ​ព្រះ​របស់​យើង ដែល​ស្តេច ពួក​សេនាបតី ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ និង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដែល​នៅ​ទី​នោះ​បាន​ថ្វាយ ២៦ ខ្ញុំ​ថ្លឹង​ប្រាក់​៦៥០​ហាប គ្រឿង​ប្រាក់​១០០​ហាប និង​មាស​១០០​ហាប ២៧ ព្រម​ទាំង​ពែង​មាស​២០ មាន​ដំឡៃ​១​ពាន់​ដារីក ហើយ​ប្រដាប់ប្រដា​ធ្វើ​ពី​ទង់ដែង​យ៉ាង​ភ្លឺ ដែល​មាន​ដំឡៃ​ដូច​ជា​មាស ប្រគល់​ដល់​ដៃ​គេ ២៨ រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​មនុស្ស​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ហើយ​គ្រឿង​ប្រដាប់​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ ឯ​ប្រាក់ និង​មាស​នេះ ជា​ដង្វាយ​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា ២៩ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន និង​ថែ​រក្សា​របស់​ទាំង​នេះ ដរាប​ដល់​អ្នក​រាល់​គ្នា​បាន​ថ្លឹង​ទាំង​អស់ នៅ​ក្រុង​យេរូសាឡិម ប្រគល់​នៅ​ចំពោះ​មេ​ពួក​សង្ឃ និង​ពួក​លេវី ហើយ​នឹង​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​សាសន៍​អ៊ីស្រាអែល ដាក់​ទៅ​ក្នុង​បន្ទប់​នៃ​ព្រះវិហារ​របស់​ព្រះយេហូវ៉ា​រួច​ជា​ស្រេច ៣០ ពួក​សង្ឃ ហើយ​នឹង​ពួក​លេវី ក៏​ទទួល​យក​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ទាំង​នោះ តាម​ទំងន់ ដើម្បី​នឹង​យក​ទៅ​ដាក់​ក្នុង​ព្រះវិហារ​នៃ​ព្រះ ជា​ព្រះ​របស់​យើង​រាល់​គ្នា នៅ​ក្រុង​យេរូសាឡិម។
ការ​មក​ដល់​ក្រុង​យេរូសាឡិម
៣១ រួច​មក នៅ​ថ្ងៃ​ទី​១២​ខែ​ចេត្រ នោះ​យើង​រាល់​គ្នា​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទន្លេ​អាហាវ៉ា ដើម្បី​នឹង​ទៅ​ឯ​ក្រុង​យេរូសាឡិម ព្រះហស្ត​នៃ​ព្រះ​របស់​យើង​ក៏​សណ្ឋិត​នៅ​ជា​មួយ ហើយ​ទ្រង់​ជួយ​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ និង​ពួក​ចោរ​ដែល​បង្កប់​ខ្លួន​តាម​ផ្លូវ​ផង ៣២ យើង​រាល់​គ្នា​ក៏​បាន​ដល់​ក្រុង​យេរូសាឡិម ហើយ​បាន​នៅ​ទី​នោះ​អស់​៣​ថ្ងៃ ៣៣ លុះ​ដល់​ថ្ងៃ​ទី​៤ នោះ​យើង​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​ដៃ​ម្រេម៉ូត ជា​កូន​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ​របស់​យើង​រាល់​គ្នា មាន​អេលាសារ ជា​កូន​ភីនេហាស ព្រម​ទាំង​យ៉ូសាបាឌ ជា​កូន​យេសួរ និង​ណូអាឌា ជា​កូន​ប៊ីនុយ ជា​ពួក​លេវី នៅ​ជា​មួយ​ដែរ ៣៤ គេ​ត្រួត​មើល​ទាំង​អស់​តាម​ចំនួន​តាម​ទំងន់ ហើយ​ក៏​កត់​ទុក​នៅ​វេលា​នោះ​ឯង។
៣៥ ឯ​ពួក​អ្នក​ដែល​បាន​ត្រឡប់​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ គេ​ក៏​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​គោ​ឈ្មោល​១២​ឲ្យ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​ចៀម​ឈ្មោល​៩៦ កូន​ចៀម​៧៧ និង​ពពែ​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប នោះ​សុទ្ធ​តែ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះយេហូវ៉ា​ទាំង​អស់ ៣៦ គេ​ក៏​ប្រគល់​ព្រះរាជសាសន៍ ដល់​នាយក​ដំណាង​ស្តេច និង​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​លោក​ទាំង​នោះ ក៏​ជួយ​ចំរើន​ដល់​ពួក​បណ្តាជន និង​ព្រះវិហារ​នៃ​ព្រះ។