២
ប៉ុល និងសាវ័កឯទៀតៗ នៅក្រុងយេរូសាឡិម
១ លុះកន្លងក្រោយមក១៤ឆ្នាំ នោះខ្ញុំបានឡើងទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយនឹងបាណាបាស ក៏យកទីតុសទៅជាមួយដែរ ២ ខ្ញុំបានឡើងទៅ តាមសេចក្តីដែលបើកសំដែងមក ហើយបានបង្ហាញដំណឹងល្អ ដែលខ្ញុំថ្លែងប្រាប់នៅក្នុងពួកសាសន៍ដទៃ ឲ្យពួកអ្នកមុខបានស្គាល់ដោយឡែក ក្រែងខ្ញុំកំពុងតែរត់ ឬបានរត់ពីដើមនោះ ជាបែបឥតប្រយោជន៍យ៉ាងណា ៣ (តែគេមិនបង្ខំឲ្យទីតុស ជាសាសន៍ក្រេក ដែលនៅជាមួយនឹងខ្ញុំ បានកាត់ស្បែកទេ) ៤ ដែលបង្ហាញគេដូច្នេះ គឺដោយព្រោះពួកបងប្អូនក្លែងក្លាយ ដែលបានស៊កសៀតចូលមក ដោយលួចលាក់ គេបានលួចចូល ដើម្បីនឹងលបមើលសេរីភាពនៃយើងខ្ញុំ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដោយចង់នាំឲ្យយើងខ្ញុំជាប់ចំណងវិញ ៥ តែយើងខ្ញុំមិនព្រមចុះចូលនឹងពួកនោះ សូម្បីតែ១ភ្លែតផង ដើម្បីឲ្យសេចក្តីពិតរបស់ដំណឹងល្អ បាននៅស្ថិតស្ថេរជាប់នឹងអ្នករាល់គ្នា ៦ តែពួកអ្នក ដែលគេរាប់ទុកជាប្រសើរ ទោះបើគេជាអ្វីក៏ដោយ នោះឥតមានអំពល់អ្វីដល់ខ្ញុំទេ ព្រោះព្រះទ្រង់មិនរើសមុខអ្នកណាឡើយ ពួកអ្នកមុខនោះមិនបានបន្ថែមចំណេះអ្វីឲ្យខ្ញុំសោះ ៧ តែកាលគេបានឃើញថា ដំណឹងល្អសំរាប់ពួកមិនកាត់ស្បែក បានផ្ញើទុកនឹងខ្ញុំ ដូចជាដំណឹងល្អសំរាប់ពួកកាត់ស្បែក បានផ្ញើទុកនឹងលោកពេត្រុសដែរ ៨ (ដ្បិតព្រះ ដែលបណ្តាលឲ្យលោកពេត្រុស ធ្វើជាសាវ័កដល់ពួកកាត់ស្បែក នោះបានបណ្តាលឲ្យខ្ញុំ ធ្វើជាសាវ័កដល់ពួកសាសន៍ដទៃដែរ) ៩ ហើយកាលបានឃើញព្រះគុណ ដែលទ្រង់ប្រទានមកខ្ញុំ នោះលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ទុកជាសសរទ្រូង លោកបានលូកដៃស្តាំមកទទួលខ្ញុំ និងបាណាបាស ក្នុងសេចក្តីប្រកបគ្នា ដើម្បីឲ្យយើងខ្ញុំទៅឯសាសន៍ដទៃ ហើយលោកទៅឯពួកកាត់ស្បែកវិញ ១០ លោកផ្តាំឲ្យតែយើងខ្ញុំនឹងចាំពីពួកអ្នកក្រ ជាការដែលខ្ញុំឧស្សាហ៍ខំធ្វើដែរ។
ការខ្វែងគំនិតគ្នារវាងប៉ុល និងពេត្រុស
១១ ប៉ុន្តែ កាលលោកពេត្រុសបានមកដល់អាន់ទីយ៉ូក នោះខ្ញុំបានទាស់ទទឹងនឹងលោកនៅប្រទល់មុខ ពីព្រោះលោកគួរឲ្យបន្ទោសបាន ១២ ដ្បិតមុនដែលមានអ្នកខ្លះមកពីលោកយ៉ាកុប នោះលោកបានបរិភោគជាមួយនឹងពួកសាសន៍ដទៃ តែលុះគេមកដល់ហើយ នោះលោកដកខ្លួនថយចេញ ដោយកោតខ្លាចដល់ពួកកាត់ស្បែក ១៣ ឯពួកសាសន៍យូដាឯទៀត ក៏ធ្វើជាពើជាមួយនឹងលោកដែរ ដល់ម៉្លេះបានជាបាណាបាស ត្រូវបណ្តោយតាមអំពើកំពុតរបស់គេទៀត ១៤ កាលខ្ញុំឃើញថា គេមិនដើរត្រង់តាមសេចក្តីពិតនៃដំណឹងល្អទេ នោះខ្ញុំក៏សួរលោកពេត្រុស នៅមុខមនុស្សទាំងអស់ថា បើលោក ដែលជាសាសន៍យូដា មិនប្រព្រឹត្តតាមទំនៀមទំលាប់របស់សាសន៍យូដាទេ គឺប្រព្រឹត្តតាមទំនៀមទំលាប់សាសន៍ដទៃវិញ នោះហេតុអ្វីបានជាបង្ខំឲ្យសាសន៍ដទៃ ប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ ១៥ ឯយើងដែលជាសាសន៍យូដាពីកំណើត ហើយមិនមែនជាអ្នកដែលមានបាបក្នុងសាសន៍ដទៃ ១៦ យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ គឺដោយសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ ហេតុនោះបានជាយើងជឿដល់ព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ ជឿដល់ព្រះគ្រីស្ទនោះ មិនមែនដោយប្រព្រឹត្តតាមក្រឹត្យវិន័យទេ ពីព្រោះគ្មានមនុស្សណាបានរាប់ជាសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ១៧ រីឯ កាលយើងខ្ញុំកំពុងតែសែ្វងរកឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រីស្ទ នោះបើសិនជាគេឃើញយើងមានបាបវិញ ដូច្នេះ តើព្រះគ្រីស្ទជាអ្នកចែកចាយអំពើបាបឬអី ទេ មិនមែនឡើយ ១៨ ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ ១៩ ពីព្រោះខ្ញុំបានស្លាប់ខាងឯក្រឹត្យវិន័យ ដោយសារក្រឹត្យវិន័យនោះឯង ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះវិញ ២០ ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ ២១ ខ្ញុំមិនលើកព្រះគុណនៃព្រះចោលទេ ដ្បិតបើសិនជាសេចក្តីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ។