៣
ជំនឿ និងក្រឹត្យវិន័យ
១ ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសំដែងព្រះយេស៊ូវគ្រីស្ទមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្តីពិតវិញដូច្នេះ ២ ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្តីជំនឿ ៣ តើអ្នករាល់គ្នាជាមនុស្សឥតបើគិតជាខ្លាំងដល់ម៉្លេះឬអី ដែលបានចាប់ផ្តើម ដោយព្រះវិញ្ញាណហើយ តើឥឡូវនេះបានគ្រប់លក្ខណ៍ឡើង ដោយសាច់ឈាមវិញឬ ៤ តើបានរងទុក្ខច្រើនម៉្លេះជាឥតប្រយោជន៍ឬអី គឺបើជាឥតប្រយោជន៍មែន ៥ ឯព្រះ ដែលទ្រង់ប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា ហើយធ្វើការឫទ្ធិបារមីក្នុងពួកអ្នករាល់គ្នា នោះតើដោយអ្នករាល់គ្នាប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយស្តាប់ ទាំងមានសេចក្តីជំនឿវិញ ៦ ដូចជាលោកអ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក ៧ ដូច្នេះ ចូរដឹងថា ពួកអ្នកដែលមានសេចក្តីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ ៨ ហើយដោយគម្ពីរបានដឹងជាមុនថា ព្រះទ្រង់នឹងរាប់ពួកសាសន៍ដទៃជាសុចរិត ដោយសេចក្តីជំនឿ បានជាមានសេចក្តីប្រកាសប្រាប់មក ដល់លោកអ័ប្រាហាំជាមុនថា «អស់ទាំងសាសន៍នឹងបានពរដោយសារឯង» ៩ ដូច្នេះ អស់អ្នកដែលមានសេចក្តីជំនឿ នោះឈ្មោះថាបានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿដែរ ១០ តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រឹត្យវិន័យ នោះត្រូវបណ្តាសាវិញ ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម» ១១ ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ពីព្រោះ«មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្តីជំនឿ» ១២ ឯក្រឹត្យវិន័យ មិនអាងសេចក្តីជំនឿទេ គឺអ្នកណាដែលអាចនឹងប្រព្រឹត្ត តាមសេចក្តីទាំងនោះបាន អ្នកនោះនឹងរស់នៅ ដោយសារសេចក្តីទាំងនោះ ១៣ ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ») ១៤ ដើម្បីឲ្យពររបស់លោកអ័ប្រាហាំ បានមកដល់អស់ទាំងសាសន៍ក្នុងព្រះគ្រីស្ទយេស៊ូវ ប្រយោជន៍ឲ្យយើងបានទទួលសេចក្តីសន្យា គឺជាព្រះវិញ្ញាណ ដោយសារសេចក្តីជំនឿ។
ក្រឹត្យវិន័យ និងព្រះបន្ទូលសន្យា
១៥ បងប្អូនអើយ ខ្ញុំនិយាយតាមបែបភាពមនុស្សថា សូម្បីតែសេចក្តីសញ្ញារបស់មនុស្ស បើគេយល់ព្រមតាំងនឹងគ្នាជាស្រេចហើយ នោះគ្មានអ្នកណានឹងលើកចោល ឬបន្ថែមបញ្ចូលអ្វីឡើយ ១៦ រីឯសេចក្តីសន្យាទាំងប៉ុន្មាន នោះបានតាំងនឹងលោកអ័ប្រាហាំ ហើយនិងពូជលោក តែទ្រង់មិនបានមានព្រះបន្ទូលថា «និងពូជទាំងប៉ុន្មាន» ដូចជាមានពូជជាច្រើននោះទេ គឺចំពោះពូជតែ១វិញ ដោយថា «និងពូជលោក១នោះឯង» គឺជាព្រះគ្រីស្ទ ១៧ ខ្ញុំចង់និយាយដូច្នេះថា សេចក្តីសញ្ញាដែលព្រះបានយល់ព្រមជាមុន នោះក្រឹត្យវិន័យ ដែលកើតឡើង៤៣០ឆ្នាំជាក្រោយនឹងលើកចោល ឲ្យសេចក្តីសញ្ញានោះទៅជាឥតប្រយោជន៍មិនបាន ១៨ ដ្បិតបើសិនជាមរដកនោះបានមក ដោយអាងក្រឹត្យវិន័យ នោះមិនមែនអាងសេចក្តីសន្យាទៀតទេ តែព្រះទ្រង់បានប្រទានដល់លោកអ័ប្រាហាំ តាមសេចក្តីសន្យាវិញ ១៩ ដូច្នេះ តើហេតុអ្វីបានជាមានក្រឹត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្តីរំលងច្បាប់ ទាល់តែពូជបានកើតឡើង ដែលទ្រង់តាំងសេចក្តីសន្យានោះឲ្យ ដោយសារពួកទេវតា នៅដៃនៃអ្នកកណ្តាលម្នាក់ ២០ រីឯអ្នកកណ្តាល នោះមិនមែនបង្រួបបង្រួមអ្នកណាតែម្នាក់ឯងនោះឡើយ តែចំណែកព្រះ ទ្រង់ជាព្រះតែ១ទេ។
២១ ដូច្នេះ តើក្រឹត្យវិន័យទាស់ទទឹងនឹងសេចក្តីសន្យានៃព្រះឬអី មិនមែនទេ ដ្បិតបើសិនជាមានក្រឹត្យវិន័យណាប្រទានមក ដែលអាចនឹងធ្វើឲ្យរស់បាន នោះប្រាកដជាសេចក្តីសុចរិតនឹងមក ដោយសារក្រឹត្យវិន័យនោះហើយ ២២ ប៉ុន្តែ គម្ពីរបានបង្ខាំងគ្រប់ទាំងអស់ក្នុងអំពើបាប ដើម្បីឲ្យសេចក្តីដែលទ្រង់សន្យា បានប្រទានមកដល់ពួកអ្នកជឿវិញ ដោយសារសេចក្តីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ២៣ តែកាលមុនដែលមានសេចក្តីជំនឿចូលមក នោះយើងរាល់គ្នាត្រូវបង្ខាំងនៅក្រោមក្រឹត្យវិន័យ គឺត្រូវឃុំទុក សំរាប់សេចក្តីជំនឿ ដែលត្រូវលេចមក ២៤ បានជាក្រឹត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្តីជំនឿ ២៥ តែលុះកាលសេចក្តីជំនឿបានមកដល់ នោះយើងមិនមែននៅក្រោមអំណាច របស់អ្នកដឹកនាំនោះទៀតទេ ២៦ ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ ២៧ ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ ២៨ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ២៩ ហើយបើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះក៏ពេញជាពូជរបស់លោកអ័ប្រាហាំហើយ ក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផង។