ហាបាគុក
១
១ នេះជាសេចក្តីទំនាយទាយយ៉ាងធ្ងន់ ដែលហោរាហាបាគុកបានឃើញ។ ២ ឱព្រះយេហូវ៉ាអើយ តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត ឥតទ្រង់ឆ្លើយតបសោះដូច្នេះ ទូលបង្គំស្រែកដល់ទ្រង់អំពីការច្រឡោត តែទ្រង់មិនជួយសង្គ្រោះឡើយ ៣ ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែសេចក្តីទំនាស់ចិត្តដូច្នេះ ដ្បិតមានសុទ្ធតែការបំផ្លាញ និងការច្រឡោតនៅមុខទូលបង្គំ ក៏មានសេចក្តីឈ្លោះប្រកែក និងការទាស់ទែងគ្នាកើតឡើង ៤ ហេតុដូច្នេះ បញ្ញត្តច្បាប់បានអន់ថយទៅ ហើយសេចក្តីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត បានជាសេចក្តីយុត្តិធម៌ចេញមកខូចហើយ។
ចម្លើយរបស់ព្រះអម្ចាស់
៥ ចូរពិចារណាមើល ក្នុងសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្តីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ អញកំពុងតែធ្វើការ១ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ ៦ ដ្បិតមើល អញនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅ ដែលមិនមែនជារបស់ផងខ្លួន ៧ គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្តីយុត្តិធម៌ និងយសសក្តិរបស់គេ នោះមកតែពីខ្លួនគេទេ ៨ ឯសេះរបស់គេ ក៏លឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេ សំរុកចូលដោយឥតញញើត អើ ពួកពលសេះរបស់គេមកពីឆ្ងាយ គេលឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី ៩ គេសុទ្ធតែមកដើម្បីរឹបជាន់ មុខគេរកតែទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់ ១០ អើ គេឡកឡឺយឲ្យអស់ទាំងស្តេច ហើយយកពួកចៅហ្វាយជាទីមើលងាយ គេសើចចំពោះអស់ទាំងទីមាំមួន ដ្បិតគេនឹងគ្រាន់តែពូនធូលីដីឡើង ចាប់យកបានហើយ ១១ រួចបោសហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកំឡាំងរបស់ខ្លួនទុកជាព្រះ។
១២ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើទ្រង់មិនគង់នៅតាំងពីអស់កល្បរៀងមកទេឬអី យើងខ្ញុំរាល់គ្នានឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ទ្រង់បានតម្រូវទុកគេឲ្យត្រូវជំនុំជំរះ ហើយឱថ្មដាអើយ ទ្រង់បានតាំងគេឡើង ដើម្បីវាយផ្ចាល ១៣ ទ្រង់មានព្រះនេត្របរិសុទ្ធក្រៃលែង និងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ ហេតុអ្វីបានជាទ្រង់ទតមើលចំពោះពួកអ្នកដែលប្រព្រឹត្តកម្បថ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ ១៤ គឺធ្វើឲ្យមនុស្សបានដូចជាត្រីនៅសមុទ្រ ឬដូចជាសត្វលូនវារដែលគ្មានអ្នកណាគ្រប់គ្រងរក្សាសោះ ១៥ គេស្ទួចចាប់យកទាំងអស់ ក៏ចាប់ដោយសំណាញ់ ហើយកៀរយកដោយអួន ដូច្នេះគេមានចិត្តរីករាយ ហើយអរសប្បាយ ១៦ ហេតុនោះបានជាគេថ្វាយយញ្ញបូជាដល់សំណាញ់របស់គេ ហើយដុតកំញានថ្វាយដល់អួន ពីព្រោះចំណែករបស់គេបានធំឡើង ហើយគេមានអាហារជាបរិបូរ ដោយសាររបស់ទាំងនោះ ១៧ ដូច្នេះ តើគេនឹងចេះតែចាក់ចេញពីអួន ហើយសំឡាប់អស់ទាំងសាសន៍ឥតប្រណីជានិច្ចឬ។