២
ការដាក់ទោសជនជាតិខាល់ដេ
១ ខ្ញុំនឹងនៅត្រង់ទីចាំយាម ខ្ញុំនឹងឡើងទៅលើប៉ម ហើយខំមើលទៅ ដើម្បីឲ្យដឹងជាទ្រង់នឹងមានព្រះបន្ទូលមកដូចម្តេច ហើយនឹងឆ្លើយពីដំណើរដែលខ្ញុំចោទប្រកាន់ជាយ៉ាងណា ២ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបមកខ្ញុំថា ចូរកត់ការជាក់ស្តែងនេះទុក ត្រូវឲ្យចារឹកឲ្យច្បាស់នៅលើក្តារចុះ ដើម្បីឲ្យមនុស្សដែលកំពុងរត់ ក៏អាចមើលបានដែរ ៣ ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ។
៤ មើល ចិត្តគេបានប៉ោងឡើង មិនទៀងត្រង់នៅក្នុងខ្លួនគេទេ តែមនុស្សសុចរិតនឹងរស់នៅ ដោយសារសេចក្តីជំនឿរបស់ខ្លួន ៥ ១ទៀត ដែលស្រាទំពាំងបាយជូរជាគ្រឿងបញ្ឆោតយ៉ាងណា មនុស្សអំនួតក៏មិនចេះនៅផ្ទះខ្លួនដូច្នោះដែរ គេពង្រីកសេចក្តីប៉ងប្រាថ្នារបស់ខ្លួនឲ្យធំដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយក៏ដូចជាសេចក្តីស្លាប់ ដែលមិនចេះឆ្អែតឆ្អន់ គឺគេកៀរប្រមូលអស់ទាំងសាសន៍មកឯខ្លួន ក៏បំព្រួមជនជាតិទាំងឡាយទុកសំរាប់ខ្លួនដែរ ៦ ឯពួកទាំងនោះ តើមិនចាប់ផ្តើមនិយាយពាក្យប្រៀបធៀប និងពាក្យប្រស្នាដែលបញ្ឈឺចិត្តទេឬអី ដោយពាក្យថា វេទនាដល់មនុស្សដែលចំរើនរបស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួនទេ ហើយផ្ទុកខ្លួនដោយរបស់ដែលទទួលបញ្ចាំផង តើនឹងបានដូច្នេះដល់កាលណាទៅ ៧ តើមិនត្រូវឲ្យមានពួកអ្នកកើតឡើង ដែលនឹងខាំឯងជា១រំពេច និងពួក១ភ្ញាក់ឡើងធ្វើទុក្ខឯងទេឬ នោះឯងនឹងត្រូវជារបឹបដល់គេវិញ ៨ ហើយពីព្រោះឯងបានប្លន់សាសន៍ជាច្រើន នោះសំណល់នៃជនជាតិទាំងឡាយនឹងប្លន់ឯងវិញ ដោយព្រោះឈាមមនុស្ស និងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងអស់មនុស្សដែលនៅក្នុងក្រុងនោះផង។
៩ វេទនាដល់មនុស្សដែលបានកំរៃទុច្ចរិតសំរាប់ផ្ទះខ្លួន ដើម្បីនឹងតាំងសំបុកខ្លួននៅលើទីខ្ពស់ ឲ្យបានរួចពីកណ្តាប់ដៃនៃសេចក្តីអាក្រក់ ១០ ឯងគិតគូរបង្កើតសេចក្តីអាម៉ាស់ខ្មាសដល់ផ្ទះឯងវិញ ដោយផ្តាច់ផ្តិលជនជាតិជាច្រើន ក៏មានបាបទាស់នឹងព្រលឹងឯងហើយ ១១ ដ្បិតថ្មជញ្ជាំងនឹងស្រែកចេញមក ហើយធ្នឹមនៅកណ្តាលអស់ទាំងគ្រឿងឈើនឹងឆ្លើយទទួល។ ១២ វេទនាដល់អ្នកណាដែលតាំងភូមិ ដោយកំចាយឈាម ហើយសង់ទីក្រុងដោយការទុច្ចរិត ១៣ មើល ដែលជនជាតិទាំងឡាយខំធ្វើការសំរាប់តែឲ្យភ្លើងឆេះ ហើយសាសន៍ទាំងប៉ុន្មាន ក៏ប្រឹងធ្វើនឿយហត់ជាឥតប្រយោជន៍ នោះតើមិនមកពីព្រះយេហូវ៉ានៃពួកពលបរិវារទេឬ ១៤ ដ្បិតមនុស្សនឹងស្គាល់ដល់សិរីល្អនៃព្រះយេហូវ៉ា នៅពេញលើផែនដី ដូចជាទឹកក៏នៅពេញសមុទ្រដែរ។
១៥ វេទនាដល់អ្នកណា ដែលបំផឹកដល់អ្នកជិតខាងខ្លួន គឺដែលចេះតែចាក់ឲ្យគេផឹកដល់ស្រវឹង ដើម្បីឲ្យបានឃើញសណ្ឋានអាក្រាតរបស់គេ ១៦ ឯងឆ្អែតពេញដោយសេចក្តីអាម៉ាស់ខ្មាស មិនមែនជាសិរីល្អទេ ចូរឲ្យឯងផឹកដែរ ហើយឲ្យគេឃើញថា ឯងមិនបានកាត់ស្បែកពិត ឯពែងនៅព្រះហស្តស្តាំនៃព្រះយេហូវ៉ា នោះនឹងវិលមកដល់ឯងដូចគ្នា ហើយសេចក្តីអាម៉ាស់ខ្មាសដ៏ជួជាតិ នឹងគ្របលើសិរីល្អរបស់ឯងវិញ ១៧ ដ្បិតការច្រឡោតដែលបានធ្វើដល់ព្រៃល្បាណូននឹងគ្របលើឯង ព្រមទាំងការបំផ្លាញអស់ទាំងសត្វ ដែលនាំឲ្យវាភ័យភ្ញាក់ផង ដោយព្រោះឈាមមនុស្ស និងការច្រឡោត ដែលបានធ្វើនៅក្នុងស្រុកគេ ហើយដល់ទីក្រុង និងមនុស្សទាំងប៉ុន្មាន ដែលនៅក្នុងក្រុងនោះផង។
១៨ ឯរូបធ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្តីកំភូតនោះផង បានជាជាង ដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ ១៩ វេទនាដល់អ្នកណាដែលនិយាយដល់ដុំឈើថា សូមតើនឡើង ហើយដល់ដុំថ្មគថា សូមក្រោកឡើងចុះ តើរូបនោះនឹងបង្រៀនបានឬ មើល គេស្រោបវាដោយមាស និងប្រាក់តែគ្មានខ្យល់ដង្ហើមនៅខាងក្នុងទេ ២០ ឯព្រះយេហូវ៉ា ទ្រង់គង់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់វិញ ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះទ្រង់ចុះ។