១១
អំពីជំនឿ
១ រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ ២ ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណ ដោយព្រោះគេមានសេចក្តីជំនឿនោះឯង ៣ យើងរាល់គ្នាក៏យល់ដោយសារសេចក្តីជំនឿនោះថា លោកីយ៍បានកើតមក ដោយសារព្រះបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ។
៤ ដោយសារសេចក្តីជំនឿ នោះអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងដង្វាយរបស់កាអ៊ីន ហើយមានសេចក្តីបន្ទាល់ពីគាត់ ដោយព្រោះយញ្ញបូជានោះថា គាត់សុចរិត ទាំងមានព្រះធ្វើបន្ទាល់ពីដង្វាយគាត់ផង បានជាទោះបើគាត់ស្លាប់ក៏ដោយ គង់តែនៅមាននិយាយទៅទៀត ដោយសារដង្វាយនោះឯង។
៥ ដោយសារសេចក្តីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្តីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្តីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់ ៦ តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។
៧ ដោយសារសេចក្តីជំនឿ នោះព្រះបានមានព្រះបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយ៍ដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្តីសុចរិត ដែលត្រូវខាងសេចក្តីជំនឿ ទុកជាមរដកដែរ។
៨ ដោយសារសេចក្តីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ ៩ ដោយសារសេចក្តីជំនឿ នោះលោកបានស្នាក់នៅក្នុងស្រុក ដែលទ្រង់បានសន្យាឲ្យ ដូចជានៅប្រទេសដទៃ ក៏នៅតែក្នុងត្រសាល ជាមួយនឹងអ៊ីសាក ហើយនិងយ៉ាកុប ជាអ្នកគ្រងសេចក្តីសន្យាដដែល ទុកជាមរដកជាមួយគ្នា ១០ ពីព្រោះលោករង់ចាំក្រុង១ ដែលមានឫសជញ្ជាំង ដែលព្រះទ្រង់ជាអ្នកគូរ ហើយជាជាងសង់។
១១ ដោយសារសេចក្តីជំនឿ នោះនាងសារ៉ាក៏ទទួលអំណាច ឲ្យមានគភ៌បង្កើតកូនបាន ហើយនាងបង្កើតកូនមក ក្នុងកាលដែលហួសអាយុហើយ ពីព្រោះនាងបានរាប់ព្រះដែលសន្យានោះ ទុកជាស្មោះត្រង់ ១២ ដូច្នេះ ក៏មានមនុស្ស១ហ្វូង ដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនចេះអស់ បានកើតមកអំពីមនុស្សតែម្នាក់ ដែលអ្នកនោះក៏ទុកដូចជាស្លាប់ហើយដែរ។
១៣ ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្តីជំនឿ ឥតទទួលសេចក្តីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ ១៤ ពួកអ្នកដែលនិយាយដូច្នោះ នោះសំដែងថា គេជាអ្នករកស្រុកសំរាប់ខ្លួនគេពិត ១៥ ហើយបើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន ១៦ តែឥឡូវនេះ គេសង្វាតចង់បានស្រុក១ដ៏ប្រសើរជាង គឺខាងស្ថានសួគ៌វិញ បានជាព្រះទ្រង់គ្មានសេចក្តីខ្មាស ដោយគេហៅទ្រង់ជាព្រះនៃគេនោះឡើយ ដ្បិតទ្រង់បានរៀបចំទីក្រុង១ឲ្យគេហើយ។
១៧ ដោយសារសេចក្តីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក ក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្តីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ ១៨ ដែលមានសេចក្តីចែងទុកពីដំណើរកូននោះថា «ពូជឯងនឹងបានរាប់តាមអ៊ីសាក» ១៩ លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន ឲ្យរស់ពីស្លាប់ឡើងវិញបានផង ហើយលោកបានទទួលវាមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។
២០ ដោយសារសេចក្តីជំនឿ នោះអ៊ីសាកបានឲ្យពរដល់យ៉ាកុប និងអេសាវ ពីដំណើរការទៅខាងមុខ។
២១ ដោយសារសេចក្តីជំនឿ នោះយ៉ាកុបបានឲ្យពរដល់កូនយ៉ូសែបទាំង២ ហើយក៏ថ្វាយបង្គំព្រះ ទាំងច្រត់លើចុងឈើច្រត់ ក្នុងកាលដែលលោកហៀបនឹងស្លាប់។
២២ ដោយសារសេចក្តីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិអ៊ីស្រាអែល ដើរចេញពីស្រុកអេស៊ីព្ទ ក៏ផ្តាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង។
២៣ ដោយសារសេចក្តីជំនឿ កាលម៉ូសេបានកើតមក នោះឪពុកម្តាយបានលាក់លោកទុក៣ខែ ឥតមាននឹកខ្លាចដល់បញ្ញត្តរបស់ស្តេចឡើយ ពីព្រោះបានឃើញថាជាកូនថ្លោសល្អ ២៤ ដោយសារសេចក្តីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ ២៥ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្តីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ ២៦ ដោយបានរាប់សេចក្តីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសំឡឹងចំទៅឯរង្វាន់វិញ ២៧ ដោយសារសេចក្តីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្តីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ ២៨ ដោយសារសេចក្តីជំនឿ នោះលោកបានធ្វើបុណ្យរំលង ទាំងរលាស់ឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង បានមកពាល់ដល់គេឡើយ។
២៩ ដោយសារសេចក្តីជំនឿ នោះគេបានដើរកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទបានល្បងល នោះគេក៏ត្រូវលេបបាត់ទៅ ៣០ ដោយសារសេចក្តីជំនឿ លុះគេដើរព័ទ្ធជុំវិញក្រុងយេរីខូរ អស់៧ថ្ងៃហើយ នោះកំផែងទីក្រុងក៏រលំទៅ ៣១ ដោយសារសេចក្តីជំនឿ នោះនាងរ៉ាហាប ជាស្រីសំផឹង មិនបានវិនាសទៅ ជាមួយនឹងពួកអ្នករឹងចចេសឡើយ ពីព្រោះនាងបានទទួលពួកឈ្លបលប ដោយមេត្រីចិត្ត។
៣២ តើត្រូវឲ្យខ្ញុំនិយាយអ្វីទៀត ដ្បិតគ្មានពេលវេលានឹងថ្លែងប្រាប់រឿងពីគេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល និងពួកហោរាទេ ៣៣ ដែលដោយសារសេចក្តីជំនឿ នោះគេបានឈ្នះនគរដទៃ បានសំរេចការសុចរិត បានទទួលសេចក្តីសន្យា បានបិទមាត់សិង្ហ ៣៤ បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទាំងកំចាត់ពលទ័ពសាសន៍ដទៃផង ៣៥ ពួកស្រីៗ បានទទួលមនុស្សស្លាប់របស់ខ្លួនមក ដោយរស់ពីស្លាប់ឡើងវិញ ខ្លះត្រូវគេធ្វើទុក្ខវេទនា ឥតទទួលការប្រោសលោះឲ្យរួចឡើយ គឺដើម្បីឲ្យបានរស់ឡើងវិញបែបប្រសើរជាង ៣៦ ខ្លះទៀតត្រូវសេចក្តីល្បង ដោយមានគេចំអកឲ្យ ទាំងវាយនឹងរំពាត់ ក៏ទ្រាំទាំងជាប់ចំណង និងជាប់គុកផង ៣៧ ត្រូវគេចោលនឹងថ្ម ល្បួង ហើយអារបណ្តាច់ ក៏ត្រូវស្លាប់នឹងដាវ ត្រូវដើរវីមវាម ទាំងស្លៀកស្បែកចៀម និងស្បែកពពែ ត្រូវកំសត់ទុគ៌ត ត្រូវគេសង្កត់សង្កិន ហើយធ្វើបាប ៣៨ ក៏ដើរសាត់ព្រាត់នៅក្នុងទីរហោស្ថាន ហើយនៅទីភ្នំ ទាំងនៅក្នុងរអាង ហើយនិងរូងក្នុងដី លោកីយ៍មិនគួរនឹងពួកអ្នកទាំងនោះទេ ៣៩ ពួកអ្នកទាំងនោះ ទោះបើមានសេចក្តីបន្ទាល់ពីគេថា គេមានសេចក្តីជំនឿក៏ដោយ គង់តែគេមិនបានទទួលសេចក្តី ដែលបានសន្យានោះទេ ៤០ ដ្បិតព្រះបានផ្គត់ផ្គង់សេចក្តីប្រសើរជាងសំរាប់យើងរាល់គ្នា ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ ក្រៅពីយើងឡើយ។