១២
ព្រះជាឪពុករបស់យើង
១ ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ២ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ ៣ ដូច្នេះ ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ ៤ ដ្បិតអ្នករាល់គ្នាមិនទាន់តយុទ្ធនឹងអំពើបាប ដល់ទៅហូរឈាមនៅឡើយទេ ៥ តែអ្នករាល់គ្នាបានភ្លេចសេចក្តីដំបូន្មានអស់រលីងទៅ ដែលទ្រង់បានទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនថា «កូនអើយ កុំឲ្យមើលងាយសេចក្តីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ឡើយ ក៏កុំឲ្យរសាយចិត្តក្នុងកាលដែលទ្រង់បន្ទោសឯងដែរ ៦ ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ ហើយទ្រង់វាយប្រដៅដល់អស់ទាំងកូនដែលទ្រង់ទទួល» ៧ បើសិនជាអ្នករាល់គ្នាត្រូវសេចក្តីផ្ចាញ់ផ្ចាល នោះគឺព្រះអង្គទ្រង់ប្រព្រឹត្តនឹងអ្នករាល់គ្នា ដូចជាកូនហើយ ដ្បិតតើមានកូនឯណាដែលឪពុកមិនវាយផ្ចាលនោះ ៨ តែបើសិនជាអ្នករាល់គ្នាមិនដែលត្រូវផ្ចាញ់ផ្ចាលសោះ ជាសេចក្តីដែលគ្រប់គ្នាត្រូវរងទ្រាំ នោះអ្នករាល់គ្នាជាកូនឥតខាន់ស្លាទេ មិនមែនជាកូនពិតប្រាកដឡើយ ៩ មួយទៀតយើងរាល់គ្នាមានឪពុកខាងសាច់ឈាម ដែលវាយផ្ចាលយើង ហើយយើងក៏កោតខ្លាចដល់គាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូល ចំពោះព្រះវរបិតាខាងវិញ្ញាណជាជាងទៅទៀត ដើម្បីឲ្យបានរស់នៅទេឬអី ១០ ដ្បិតឪពុកយើងតែងវាយប្រដៅយើង តាមតែខណៈចិត្តរបស់គាត់ប៉ុណ្ណោះ តែមិនមែនជាយូរឆ្នាំទេ ចំណែកព្រះដែលទ្រង់វាយផ្ចាល នោះសំរាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់ ១១ កាលណាយើងត្រូវសេចក្តីផ្ចាញ់ផ្ចាល នោះមើលទៅដូចជាព្រួយណាស់ មិនមែនសប្បាយទេ តែក្រោយមក នោះទើបបង្កើតផលដ៏សុខសាន្ត នៃសេចក្តីសុចរិតដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ។
១២ ដូច្នេះ ចូរលើកដៃដែលស្រពន់ឡើង និងជង្គង់ដែលស្លុតដែរ ១៣ ហើយធ្វើផ្លូវឲ្យត្រង់ សំរាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញទៅ ស៊ូឲ្យបានជាឡើងវិញ។
ត្រូវស្មោះត្រង់នឹងការត្រាស់ហៅរបស់ព្រះ
១៤ ចូរដេញតាមសេចក្តីមេត្រី ចំពោះមនុស្សទាំងអស់ចុះ ហើយឲ្យបានញែកជាបរិសុទ្ធដែរ បើអ្នកណាគ្មានសេចក្តីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ ១៥ ហើយត្រូវប្រយ័ត្នឲ្យមែនទែន ក្រែងមានអ្នកណាខ្វះខាងឯព្រះគុណនៃព្រះ ហើយមានឫសជូរចត់ណាពន្លកឡើង នាំឲ្យទំនាស់ចិត្ត រួចមានមនុស្សជាច្រើនបានស្មោកគ្រោក ដោយសារសេចក្តីនោះ ១៦ ក្រែងមានអ្នកកំផិត ឬមនុស្សទមិលណា ដូចជាអេសាវ ដែលលក់ច្បាប់បងច្បងរបស់ខ្លួន សង្វាតឲ្យបានតែម្ហូប១មុខប៉ុណ្ណោះដែរ ១៧ ដ្បិតអ្នករាល់គ្នាដឹងថា ក្រោយមកគាត់សង្វាតចង់បានពរ តែគាត់ត្រូវចោលចេញវិញ ដ្បិតទោះបើគាត់ខំស្វែងរក ទាំងស្រក់ទឹកភ្នែកក៏ដោយ គង់តែរកផ្លូវប្រែចិត្តមិនឃើញទេ។
១៨ អ្នករាល់គ្នាមិនមែនមកដល់ភ្នំ ដែលនឹងពាល់បាន ហើយដែលមានភ្លើងឆេះនោះទេ ឬដល់សេចក្តីងងឹត ឬស្រអាប់ ឬខ្យល់ព្យុះ ១៩ ឬសូរផ្លុំត្រែ ឬព្រះសៀងនៃព្រះ ដែលមានព្រះបន្ទូលមក ជាសូរសៀង ដែលពួកអ្នកឮ ក៏អង្វរកុំឲ្យព្រះបន្ទូលបានមកដល់ខ្លួនទៀតឡើយ ២០ ដ្បិតគេទ្រាំនឹងសេចក្តីដែលបង្គាប់មកមិនបាន គឺជាសេចក្តីថា «សូម្បីសត្វណាដែលពាល់ភ្នំ នោះនឹងត្រូវចោលនឹងថ្ម ឬបាញ់ទំលុះដោយព្រួញ» ២១ ហើយការដែលគេឃើញនោះ ក៏គួរស្ញែងខ្លាចណាស់ ដល់ម៉្លេះបានជាម៉ូសេ លោកមានប្រសាសន៍ថា «ខ្ញុំភ័យញ័រជាខ្លាំង» ២២ គឺអ្នករាល់គ្នាបានមកដល់ភ្នំស៊ីយ៉ូនវិញ ជាទីក្រុងនៃព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡិមនៃស្ថានសួគ៌ ហើយដល់ពួកទេវតាទាំងសល់សែន ២៣ ដល់ទីប្រជុំរបស់មនុស្សទាំងឡាយ និងជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ ដល់ព្រះដ៏ជាចៅក្រមនៃមនុស្សទាំងអស់ ដល់អស់ទាំងវិញ្ញាណនៃពួកសុចរិត ដែលបានគ្រប់លក្ខណ៍ហើយ ២៤ ដល់ព្រះយេស៊ូវ ដែលជាអ្នកកណ្តាលនៃសេចក្តីសញ្ញាថ្មី ហើយដល់ព្រះលោហិត ដែលសំរាប់នឹងប្រោះ ជាព្រះលោហិត ដែលសំដែងពីសេចក្តីប្រសើរ ជាជាងឈាមរបស់អេបិលទៅទៀតផង។
២៥ ចូរប្រយ័ត្ន កុំឲ្យប្រកែកមិនព្រមស្តាប់តាមព្រះអង្គ ដែលទ្រង់មានព្រះបន្ទូលឡើយ ដ្បិតបើសិនជាអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមលោកម៉ូសេ ក្នុងកាលដែលលោកសំដែងព្រះបន្ទូល ឲ្យស្តាប់នៅផែនដី គេមិនបានរួចទោសទៅហើយ នោះចំណង់បើយើងរាល់គ្នា ដែលងាកបែរចេញពីព្រះ ដែលមានព្រះបន្ទូលពីស្ថានសួគ៌មក តើតឹងជាងយ៉ាងណាទៅ ២៦ សំឡេងទ្រង់បានធ្វើឲ្យផែនដីកក្រើករញ្ជួយនៅវេលានោះ តែឥឡូវនេះ ទ្រង់សន្យាថា «អញនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ២៧ រីឯពាក្យដែលថា «ម្តងទៀត» នោះសំដែងថា របស់ដែលត្រូវកក្រើក នោះត្រូវរើចេញ ទុកដូចជារបស់ដែលបានធ្វើហើយ ដើម្បីឲ្យរបស់ដែលមិនបានកក្រើកទាំងប៉ុន្មាន បានធន់នៅវិញ ២៨ ដូច្នេះ ដែលទទួលនគរ១ដ៏កក្រើករញ្ជួយពុំបាន នោះត្រូវឲ្យយើងដឹងគុណ ដែលដោយសារសេចក្តីនោះ យើងនឹងបំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចដល់ទ្រង់ ២៩ ដ្បិតព្រះនៃយើងរាល់គ្នា ទ្រង់ជាភ្លើងដែលឆេះបន្សុស។