១៣
របៀប​រស់​នៅ​ដែល​គាប់​ព្រះហឫទ័យ​ព្រះ
១ ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​គ្នា ជា​បង​ប្អូន​ជានិច្ច ២ កុំ​ឲ្យ​ភ្លេច​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង ៣ ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​ជាប់​គុក ទុក​ដូច​ជា​ជាប់​ចំណង​ជា​មួយ​គ្នា ហើយ​ពី​ពួក​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ផង ដ្បិត​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​រូបកាយ​ដែរ។
៤ ការ​វិវាហមង្គល​ជា​ការ​ប្រសើរ​ដល់​គ្រប់​គ្នា ហើយ​ដែល​រួម​ដំណេក នោះ​ក៏​ជា​ការ​ឥត​សៅហ្មងដែរ តែ​ព្រះ​ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​កំផិត ហើយ​និង​មនុស្ស​សហាយស្មន់​គ្នា​វិញ។
៥ ចូរ​ឲ្យ​កិរិយា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត បាន​ឥត​លោភ​ឡើយ ឲ្យ​ស្កប់​ចិត្ត​នឹង​របស់​ដែល​មាន​ហើយ​ប៉ុណ្ណោះ​ចុះ ដ្បិត​ទ្រង់​មាន​ព្រះបន្ទូល​ថា «អញ​នឹង​មិន​ចាក​ចេញ​ពី​ឯង ក៏​មិន​បោះ​បង់​ចោល​ឯង​ឡើយ» ៦ បាន​ជា​យើង​រាល់​គ្នា​អាច​នឹង​និយាយ ដោយ​ក្លាហាន​ថា «ខ្ញុំ​មិន​ព្រម​ខ្លាច​ឡើយ ព្រោះ​ព្រះអម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ តើ​មនុស្ស​នឹង​ធ្វើ​ដល់​ខ្ញុំ​ជា​យ៉ាង​ណា​បាន»។
៧ ចូរ​នឹក​ចាំ​ពី​ពួក​អ្នក​នាំ​មុខ ដែល​បាន​ផ្សាយ​ព្រះបន្ទូល​មក​អ្នក​រាល់​គ្នា ត្រូវ​តែ​ត្រាប់​តាម​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ទាំង​ពិចារណា​មើល​ចុង​បំផុត​នៃ​កិរិយា​គេ​ផង ៨ ដ្បិត​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ ៩ ដូច្នេះ កុំ​ឲ្យ​បណ្តែត​បណ្តោយ​តាម​សេចក្តី​បង្រៀន​ប្លែកៗ ឡើយ ដ្បិត​គួរ​ឲ្យ​ចិត្ត​បាន​តាំង​នៅ​ខ្ជាប់ខ្ជួន ដោយ​ព្រះគុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ ដែល​ពួក​អ្នក​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ពី​នោះ​មក​ឡើយ ១០ យើង​រាល់​គ្នា​មាន​អាសនា​១ ដែល​ពួក​អ្នក​បំរើ​ក្នុង​រោង​ឧបោសថ គេ​គ្មាន​ច្បាប់​នឹង​ចូល​មក​បរិភោគ​ពី​អាសនា​នោះ​ទេ ១១ ដ្បិត​ឯ​សត្វ​ទាំង​ប៉ុន្មាន ដែល​សំដេច​សង្ឃ​នាំ​យក​ឈាម ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​ព្រោះ​បាប នោះ​ត្រូវ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ ១២ ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​រង​ទុក្ខ នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជាជន​ឲ្យ​បរិសុទ្ធ ដោយសារ​ព្រះលោហិត​នៃ​អង្គ​ទ្រង់ ១៣ ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ចេញ​ទៅ​ឯ​ទ្រង់ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដែរ ទាំង​ផ្ទុក​សេចក្តី​ដំនៀល​របស់​ទ្រង់​ចុះ ១៤ ដ្បិត​នៅ​ស្ថាន​នេះ យើង​រាល់​គ្នា​គ្មាន​ទី​ក្រុង​ណា ដែល​ស្ថិត​នៅ​ជាប់​ជានិច្ច​ទេ តែ​យើង​កំពុង​តែ​ស្វែង​រក​ក្រុង​នោះ​ដែល​ត្រូវ​មក ១៥ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​ថ្វាយ​ពាក្យ​សរសើរ ដោយសារ​ទ្រង់ ទុក​ជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះនាម​ទ្រង់ ១៦ កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ។
១៧ ចូរ​ស្តាប់​តាម ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក ដែល​នាំ​មុខ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ថែ​រក្សា​ព្រលឹង​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ ពី​ព្រោះ​អ្នក​ទាំង​នោះ​ថែ​រក្សា ហាក់​ដូច​ជា​នឹង​ត្រូវ​រាប់​រៀប​ទូល​ដល់​ទ្រង់​វិញ។
១៨ សូម​ជួយ​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ជឿជាក់​ថា យើង​ខ្ញុំ​មាន​បញ្ញា​ចិត្ត​ជ្រះថ្លា ហើយ​ក៏​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ ក្នុង​គ្រប់​ការ​ទាំង​អស់ ១៩ ខ្ញុំ​ក៏​សូម​ជា​លើស​ទៅ​ទៀត​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អធិស្ឋាន សូម​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ​ជា​ឆាប់ៗ។
២០ សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​ទ្រង់​ប្រោស​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​ត្រឡប់​ពី​ពួក​ស្លាប់​មក​វិញ គឺ​ជា​អ្នក​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ២១ ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ដោយសារ​ព្រះលោហិត នៃ​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់ ដោយ​ទ្រង់​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា ដែល​គាប់​ដល់​ព្រះហឫទ័យ​នៃ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ នៅ​អស់​កល្ប​ជានិច្ច រៀង​រាប​ត​ទៅ អាម៉ែន។
២២ តែ​បង​ប្អូន​អើយ ចូរ​ទ្រាំទ្រ​នឹង​សេចក្តី​ប្រដៅ​ទូន្មាន​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា​យ៉ាង​ខ្លីៗ ទេ ២៣ សូម​ឲ្យ​ដឹង​ថា គេ​បាន​លែង​ធីម៉ូថេ ជា​បង​ប្អូន​យើង​ហើយ បើ​គាត់​មក​យ៉ាង​ឆាប់ នោះ​ខ្ញុំ​នឹង​បាន​មក​សួរ​អ្នក​រាល់​គ្នា ជា​មួយ និង​គាត់​ដែរ ២៤ សូម​ជំរាប​សួរ​ដល់​ពួក​អ្នក​នាំ​មុខ​អ្នក​រាល់​គ្នា និង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ពួក​អ្នក​នៅ​ស្រុក​អ៊ីតាលី ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។
២៥ សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​ទាំង​អស់​គ្នា។ អាម៉ែន។:៚