៩
១ ឱអ៊ីស្រាអែលអើយ កុំឲ្យរីករាយដោយចិត្តអំណរដូចជាអស់ទាំងសាសន៍ឡើយ ដ្បិតឯងបានប្រព្រឹត្តសេចក្តីកំផិតចាកចេញពីព្រះរបស់ឯងហើយ ឯងពេញចិត្តនឹងទទួលរង្វាន់ នៅគ្រប់ទាំងទីលានស្រូវ ២ ដូច្នេះ ទីលានស្រូវ និងធុងជាន់ផ្លែទំពាំងបាយជូរ និងមិនចិញ្ចឹមគេទៀតហើយទឹកទំពាំងបាយជូរនឹងខានមានទៅ ៣ គេនឹងលែងអាស្រ័យនៅក្នុងស្រុករបស់ព្រះយេហូវ៉ា ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ ហើយគេនឹងស៊ីអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសស៊ើរ ៤ គេនឹងលែងច្រួចស្រាទំពាំងបាយជូរ ថ្វាយដល់ព្រះយេហូវ៉ា ក៏មិនបានជាទីគាប់ព្រះហឫទ័យដល់ទ្រង់ដែរ អស់ទាំងយញ្ញបូជារបស់គេនឹងបានដូចជានំបុ័ងរបស់អ្នកណាកាន់ទុក្ខដល់គេវិញ អស់អ្នកណាដែលស៊ីទៅ នឹងត្រូវស្មោកគ្រោកហើយ នំបុ័ងរបស់គេនឹងបានសំរាប់តែចំអែតចំពោះគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ ៥ នៅថ្ងៃជំនុំមុតមាំ ហើយនៅថ្ងៃបុណ្យនៃព្រះយេហូវ៉ា នោះតើឯងរាល់គ្នានឹងធ្វើដូចម្តេច ៦ ដ្បិតមើល គេបានចេញទៅរួចពីការបំផ្លាញហើយ តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេទុក ក្រុងណូពនឹងកប់ខ្មោចគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នោះនឹងទៅជារបស់ដើមកន្ទេចអាលវិញ ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ ៧ គ្រាស្នងទោសបានមកដល់ គឺគ្រាសងសំណងដល់គេបានមកហើយ ពួកអ៊ីស្រាអែលនឹងដឹងដែរ ឯហោរា គេឆ្កួត ហើយមនុស្សដែលមាននិស្ស័យខាងវិញ្ញាណក៏លីលា តែដោយព្រោះអំពើទុច្ចរិតដ៏បរិបូណ៌របស់ឯង និងសេចក្តីសំអប់ដ៏ជាខ្លាំង ៨ អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយនឹងព្រះនៃខ្ញុំ តែពួកហោរាសុទ្ធតែជាលប់ សំរាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្តីសំអប់នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន ៩ គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។ ១០ អញបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន អញបានឃើញពួកឰយុកោឯងរាល់គ្នា ដូចជាផ្លែនៅដើមល្វាដែលទុំមុនគេនៅរដូវជាដំបូង តែគេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើមដូចជារបស់ដែលគេស្រឡាញ់នោះ ១១ ចំណែកអេប្រាអិមសិរីល្អរបស់គេនឹងហើរបាត់ទៅដូចជាសត្វស្លាប និងឥតមានការសំរាល ឬមានទំងន់ ឬការចាប់ទុំផ្ទៃទៀតឡើយ ១២ ហើយទោះបើគេបីបាច់ចិញ្ចឹមកូនឲ្យធំឡើង គង់តែអញនឹងបង្អត់ទៅ ឲ្យឥតមានមនុស្សណានៅសល់សោះ អើវេទនាដល់គេដែរ ក្នុងកាលដែលអញចាកចេញពីគេទៅ ១៣ ឯអេប្រាអិម បានតាំងនៅក្នុងទីគាប់ចិត្ត ដូចជាអញបានឃើញក្រុងទីរ៉ុសដែរ ប៉ុន្តែអេប្រាអិមនឹងត្រូវនាំកូនខ្លួនចេញមកឲ្យអ្នកដែលកាប់សំឡាប់វិញ ១៤ ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តែត្រូវប្រទានអ្វី គឺត្រូវឲ្យគេមានផ្ទៃដែលរលូតកូនហើយដោះរីងស្ងួត ១៥ អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលអញបានស្អប់គេ អញនឹងបណ្តេញគេចេញពីព្រះវិហាររបស់អញ ដោយព្រោះសេចក្តីអាក្រក់នៃការដែលគេធ្វើអញនឹងមិនស្រឡាញ់គេតទៅទៀត ពួកចៅហ្វាយរបស់គេសុទ្ធតែជាមនុស្សបះបោរ ១៦ អេប្រាអិមត្រូវវាយហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ អើ ទោះបើគេបង្កើតកូនបានដែរ គង់តែអញនឹងសំឡាប់កូនសំឡាញ់ ដែលចេញពីផ្ទៃគេមក ១៧ ព្រះនៃខ្ញុំទ្រង់នឹងបោះគេចោល ពីព្រោះគេមិនបានស្តាប់តាមទ្រង់នោះគេនឹងបានជាមនុស្សសាត់អណ្តែត នៅកណ្តាលអស់ទាំងសាសន៍។