១០
១ អ៊ីស្រាអែល​ជា​ដើម​ទំពាំងបាយជូរ​ទ្របទ្រល់​ដែល​កើត​មាន​ផ្លែ គេ​មាន​ផល​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា នោះ​ក៏​ចំរើន​អាសនា​របស់​ខ្លួន​ជា​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ ហើយ​ស្រុក​គេ​បាន​ឮ​យ៉ាង​ណា នោះ​គេ​បាន​ធ្វើ​បង្គោល​គោរព​ឲ្យ​ល្អ​យ៉ាង​នោះ​ដែរ ២ ចិត្ត​គេ​ចែក​ជា​ពីរ​ហើយ គេ​នឹង​ត្រូវ​ឃើញ​ថា​មាន​ទោស​ឥឡូវ ទ្រង់​នឹង​វាយ​អស់​ទាំង​អាសនា​របស់​គេ ហើយ​បំផ្លាញ​បង្គោល​គោរព​របស់​គេ​បង់ ៣ ឥឡូវ​នេះ ពិត​ប្រាកដ​ជា​គេ​នឹង​ពោល​ថា យើង​គ្មាន​ស្តេច​ទេ ដ្បិត​យើង​មិន​បាន​កោតខ្លាច​ដល់​ព្រះយេហូវ៉ា តែ​បើ​មាន​ស្តេច​វិញ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​យើង។ ៤ គេ​ពោល​ចេញ​តែ​ពាក្យ​ប៉ុណ្ណោះ ដោយ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​គ្នា ហេតុ​នោះ​មាន​ការ​វិនិច្ឆ័យ​ដុះ​ឡើង​ដូច​ជា​ដើម​ពុល តាម​គន្លង​ក្នុង​ចំការ ៥ ឯ​ពួក​អ្នក​នៅ​ក្រុង​សាម៉ារី​គេ​នឹង​ភ័យ​ស្លុត​ពី​ដំណើរ​រូប​កូន​គោ​ដែល​នៅ​បេត-អាវេន ដ្បិត​ពួក​ជន​ទាំងឡាយ​នឹង​សោយ​រាជ្យ​ព្រោះ​រូប​នោះ ព្រម​ទាំង​ពួក​សង្ឃ​ដែល​បាន​យក​រូប​នោះ​ជា​ទី​រីករាយ​ចិត្ត​ផង ពី​ព្រោះ​សិរីល្អ​របស់​រូប​នោះ​បាន​បាត់​ទៅ​ហើយ ៦ គេ​នឹង​ដឹកនាំ​ទៅ​ឯ​ស្រុក​អាសស៊ើរ ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ស្តេច​យ៉ារែប អេប្រាអិម​នឹង​ទទួល​តែ​សេចក្តី​អាម៉ាស់​ខ្មាស ហើយ​អ៊ីស្រាអែល​នឹង​ត្រូវ​ខ្មាស​ចំពោះ​សេចក្តី​ប្រឹក្សា​របស់​ខ្លួន ៧ ចំណែក​ក្រុង​សាម៉ារី ស្តេច​គេ​បាន​សូន្យ​បាត់​ដូច​ជា​ពពុះ​នៅ​លើ​ទឹក ៨ ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន​គឺ​ជា​អំពើ​បាប​របស់​ពួក​អ៊ីស្រាអែល នោះ​នឹង​ត្រូវ​បំផ្លាញ​ហើយ​មាន​បន្លា និង​អញ្ចាញ​ដុះ​ឡើង នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​និយាយ​ដល់​ភ្នំ​ធំ​ទាំង​ប៉ុន្មាន​ថា ចូរ​គ្រប​បាំង​យើង​រាល់​គ្នា​ចុះ ហើយ​ដល់​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ថា ចូរ​ធ្លាក់​មក​លើ​យើង​ចុះ។ ៩ ឱ​អ៊ីស្រាអែល​អើយ ឯង​បាន​ប្រព្រឹត្ត​អំពើ​បាប​ចាប់​តាំង​ពី​គ្រា​ក្រុង​គីបៀរ​រៀង​មក នៅ​ទី​នោះ​គេ​បាន​ឈរ​នឹង​នៅ នៅ​ត្រង់​គីបៀរ​នោះ ចំបាំង​ទាស់​នឹង​មនុស្ស​ទុច្ចរិត​មិន​ទាន់​មក​លើ​គេ​នៅ​ឡើយ ១០ កាល​ណា​អញ​ពេញ​ចិត្ត​នោះ​អញ​នឹង​វាយផ្ចាល​គេ ហើយ​ជន​ទាំង​ប៉ុន្មាន​នឹង​មូល​គ្នា​ទាស់​នឹង​គេ ក្នុង​កាល​ដែល​គេ​បាន​ទឹម​នឹម​ជា​មួយ​នឹង​អំពើ​បាប​របស់​គេ​ទាំង​២​នោះ ១១ អេប្រាអិម​ជា​គោ​ក្រមុំ​ថ្នឹក​ហើយ ដែល​ចូល​ចិត្ត​បញ្ជាន់​ស្រូវ តែ​អញ​បាន​បំពាក់​នឹម​ទៅ​លើក​ដ៏​ល្អ​របស់​គេ អញ​នឹង​ឲ្យ​ម្នាក់​ជិះ​លើ​អេប្រាអិម ឯ​យូដា​គេ​នឹង​ភ្ជួរ ហើយ​យ៉ាកុប​នឹង​រាស់។ ១២ ចូរ​សាបព្រោះ​សំរាប់​ខ្លួន​ដោយ​សុចរិត ហើយ​ច្រូត​កាត់​ដោយ​សេចក្តី​សប្បុរស ចូរ​កំសុល​ដី​របស់​ឯង​រាល់​គ្នា​ឡើង ដ្បិត​ដល់​ពេល​ដែល​គួរ​ស្វែង​រក​ព្រះយេហូវ៉ា ទាល់​តែ​ទ្រង់​យាង​មក​បង្អុរ ឲ្យ​ភ្លៀង​ជា​សេចក្តី​សុចរិត​មក​លើ​ឯង​រាល់​គ្នា ១៣ ឯង​រាល់​គ្នា បាន​ភ្ជួរ​ជា​អំពើ​អាក្រក់ ហើយ​បាន​ច្រូត​កាត់​ជា​សេចក្តី​ទុច្ចរិត ឯង​រាល់​គ្នា​បាន​ស៊ី​ផល​នៃ​ការ​កុហក​ហើយ ដ្បិត​ឯង​បាន​ទុក​ចិត្ត​នឹង​ផ្លូវ​របស់​ខ្លួន ហើយ​នឹង​ចំនួន​ច្រើន​នៃ​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង ១៤ ហេតុ​នោះ​នឹង​មាន​ការ​ជ្រួលជ្រើម​កើត​ឡើង​ក្នុង​ជនជាតិ​ឯង អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ត្រូវ​បំផ្លាញ ដូច​ជា​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល ក្នុង​ថ្ងៃ ចំបាំង នៅ​គ្រា​នោះ​ទាំង​ម្តាយ​នឹង​កូន​ផង ក៏​ត្រូវ​បោក​ខ្ទេចខ្ទី​ជា​មួយ​គ្នា ១៥ ឯ​បេត-អែល និង​នាំ​ឲ្យ​ឯង​បាន​ដូច្នោះ​ដែរ ដោយ​ព្រោះ​អំពើ​អាក្រក់​ដ៏​ធំ​ក្រៃលែង​របស់​ឯង គឺ​នៅ​ពេល​ព្រលឹម​ស្រាង​នោះ​ស្តេច​អ៊ីស្រាអែល​នឹង​ត្រូវ​ផ្តាច់​ចេញ​អស់​ទៅ។