១០
១ វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ ២ ដើម្បីនឹងបង្វែរពួកកំសត់ទុគ៌តចេញពីសេចក្តីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួករាស្ត្ររបស់អញ ឲ្យតែបានពួកស្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន ៣ តើឯងរាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់ឯងទុកនៅឯណា ៤ នៅគ្រានោះ ឯងនឹងបានតែកន្លែងឱនចុះ នៅកណ្តាលពួកឈ្លើយប៉ុណ្ណោះ ហើយនឹងត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នក ដែលត្រូវគេសំឡាប់ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្តីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
ព្រះជាម្ចាស់ប្រើកងទ័ពអាស្ស៊ីរីជាឧបករណ៍ ដាក់ទោសប្រជារាស្ត្ររបស់ព្រះអង្គ
៥ វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្តីកំហឹងរបស់អញ ហើយរំពាត់នៅដៃគេ គឺជាសេចក្តីគ្នាន់ក្នាញ់របស់អញ ៦ អញនឹងចាត់គេឲ្យទៅទាស់នឹងនគរ១ ដែលទមិលល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ដែលត្រូវសេចក្តីក្រោធរបស់អញ ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង ៧ ប៉ុន្តែគេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម៉្លោះដែរ គឺមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់នគរជាច្រើន ឲ្យសូន្យចេញ មិនតិចឡើយ ៨ ដ្បិតគេថា ឯចៅហ្វាយរបស់អញទាំងប៉ុន្មាន តើមិនមែនជាស្តេចគ្រប់គ្នាទេឬអី ៩ ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី ១០ ដៃអញបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ ១១ ចុះតើអញនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬអី។
១២ ព្រោះហេតុនោះ កាលណាអញ ជាព្រះអម្ចាស់បានសំរេចគ្រប់ទាំងការរបស់អញ នៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមហើយ នោះអញនឹងធ្វើទោសដល់ស្តេចអាសស៊ើរ ដោយព្រោះការ ដែលសេចក្តីអំនួតរបស់គេបានធ្វើ ហើយដល់សេចក្តីអង់អាចនៃឫកខ្ពស់របស់គេដែរ ១៣ ដ្បិតគេបានថា យើងបានធ្វើការនេះដោយកំឡាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទំលាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់ ១៤ ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសំបុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកំរើកស្លាប ឬហាមាត់ ឬស្រែកចេកចាចឡើយ។ ១៥ ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬអី តើរណារនឹងដំកើងខ្លួនចំពោះអ្នកដែលអារដែរឬ នេះឧបមាដូចជារំពាត់ដែលនឹងយារអ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង ១៦ ព្រោះហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់សេចក្តីស្គមស្គាំងទៅកណ្តាល ពួកធាត់ៗរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ ១៧ ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសំរាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្តាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយបន្សុសពួកបន្លានឹងអញ្ចាញរបស់គេនៅថ្ងៃតែ១ ១៨ ព្រមទាំងធ្វើឲ្យលំអនៃព្រៃ និងចំការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នោះនឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ ១៩ ឯសំណល់ដើមឈើ ដែលសល់នៅក្នុងព្រៃរបស់គេ នោះនឹងបានតិចណាស់ ដល់ម៉្លេះបានជាកូនក្មេងនឹងអាចកត់ទុកបាន។
ប្រជាជនអ៊ីស្រាអែលដែលនៅសេសសល់
២០ នៅថ្ងៃនោះ សំណល់ពួកសាសន៍អ៊ីស្រាអែល និងអស់អ្នកក្នុងពូជពង្សយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងផ្អែកមនុស្សដែលបានវាយគេតទៅ ហើយនឹងផ្អែកលើព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដោយពិតត្រង់វិញ ២១ ឯពួកដែលសល់ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្តាវិញ ២២ ឱអ៊ីស្រាអែលអើយ ទោះបើជនជាតិឯងបានដូចជាខ្សាច់នៅសមុទ្រក៏ដោយ គង់តែនឹងមានតែសំណល់ប៉ុណ្ណោះដែលមកវិញ ដ្បិតបានសំរេចឲ្យមានការបំផ្លាញ ដោយសេចក្តីសុចរិតដ៏លើសលន់ ២៣ ពីព្រោះព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងបង្ហើយការបំផ្លាញសព្វគ្រប់នៅកណ្តាលស្រុកទាំងមូល ដូចជាបានសំរេចហើយ
ព្រះអម្ចាស់នឹងកំទេចស្រុកអាស្ស៊ីរី
២៤ ដូច្នេះ ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ឱរាស្ត្រអញ ដែលអាស្រ័យនៅក្រុងស៊ីយ៉ូនអើយ កុំឲ្យខ្លាចចំពោះសាសន៍អាសស៊ើរនោះឡើយ ទោះបីគេវាយឯងដោយរំពាត់ ហើយលើកដំបងខ្លួនឡើងទាស់នឹងឯង ដូចយ៉ាងសាសន៍អេស៊ីព្ទក៏ដោយ ២៥ ដ្បិតនៅតែបន្តិចទៀត សេចក្តីគ្នាន់ក្នាញ់នឹងបានសំរេច ហើយសេចក្តីកំហឹងរបស់អញ នឹងបែរទៅជាបំផ្លាញដល់គេវិញ ២៦ ព្រះយេហូវ៉ា នៃពួកពលបរិវារទ្រង់នឹងពន្យុះរំពាត់១មកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍ម៉ាឌាននៅត្រង់ថ្មអូរិប ទ្រង់នឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ ២៧ នៅថ្ងៃនោះបន្ទុកដែលគេដាក់លើឯងនឹងបាត់ចេញពីស្មាឯងទៅ ហើយនឹមដែលគេដាក់លើឯងនឹងបាត់ចេញពីកឯងដែរ ឯនឹមនោះនឹងត្រូវបំផ្លាញ ដោយព្រោះពិធីលាបប្រេង។
២៨ គេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន មកដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ ២៩ គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ ហើយបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូល បានរត់អស់ហើយ ៣០ ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតឯងណាស់ហ្ន៎ ៣១ ពួកម៉ាតមេណាបានរត់រួចទៅហើយ ឯពួកកេប៊ីមក៏កំពុងតែរត់ដែរ ៣២ នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម ៣៣ មើល ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងផ្តាច់មែកឈើ ដោយសេចក្តីស្ញែងខ្លាច នោះពួកដែលមានកំពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់ នឹងត្រូវបន្ទាបវិញ ៣៤ ទ្រង់នឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។