១១
រាជ្យរបស់ព្រះមែស្ស៊ី
១ មានលំពង់១នឹងដុះចេញពីគល់របស់អ៊ីសាយហើយមែក១ ដែលចេញពីឫសគាត់ នឹងកើតមានផលផ្លែ ២ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្តីចេះដឹង និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ៣ អ្នកនោះនឹងវៃរហ័សចំពោះសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយនឹងជំនុំជំរះ មិនមែនតាមភ្នែកមើលឃើញ ឬសំរេចសេចក្តីតាមត្រចៀកស្តាប់ឮនោះឡើយ ៤ គឺនឹងជំនុំជំរះពួកទាល់ក្រ ដោយសេចក្តីសុចរិត ហើយសំរេចក្តីឲ្យមនុស្សរាបសានៅផែនដី ដោយសេចក្តីទៀងត្រង់ ក៏នឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងប្រហារជីវិតមនុស្សដែលប្រព្រឹត្តអាក្រក់ ដោយខ្យល់ដង្ហើមពីបបូរមាត់ផង ៥ សេចក្តីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះរបស់អ្នកនោះ ហើយសេចក្តីស្មោះត្រង់ជាខ្សែក្រវាត់កំឡាំងផង។ ៦ នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាអ្នកគង្វាលវា ៧ គោញីនឹងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ ៨ កូនមនុស្សដែលនៅបៅដោះនឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន ៩ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ ១០ នៅគ្រានោះ ឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ ឯគ្រប់សាសន៍ គេនឹងស្វែងរកអ្នកនោះ ឯទីសំរាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្តម។
ប្រជាជនដែលគេចាប់យកទៅជាឈ្លើយសឹក នឹងវិលមកស្រុកវិញ
១១ នៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ ១២ ទ្រង់នឹងលើកទង់១ឡើងសំរាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដាមកពីទិសទាំង៤នៃផែនដី ១៣ ឯសេចក្តីច្រណែនរបស់ពួកអេប្រាអិម នោះនឹងបាត់ទៅ ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេ នឹងត្រូវកាត់ចេញ ពួកអេប្រាអិមនឹងលែងមានសេចក្តីច្រណែនចំពោះពួកយូដា ហើយពួកយូដានឹងលែងធ្វើទុក្ខដល់ពួកអេប្រាអិម ១៤ គេនឹងរួមចិត្តគ្នាឆាបចុះទៅលើស្មាសាសន៍ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដំម នឹងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូន នឹងស្តាប់បង្គាប់គេដែរ ១៥ ព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញដៃសមុទ្រអេស៊ីព្ទអស់រលីង ហើយនឹងលើកព្រះហស្តទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ទ្រង់ ទៅវាយទន្លេឲ្យបែកជា៧ផ្លូវ ដើម្បីឲ្យមនុស្សដែលពាក់ស្បែកជើងដើរឆ្លងទៅបាន ១៦ ហើយនឹងមានថ្នល់១សំរាប់ពួកសំណល់នៃរាស្ត្រទ្រង់ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសំរាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ។