១២
១ នៅគ្រានោះឯងនឹងនិយាយថា ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទោះបើទ្រង់បានខ្ញាល់នឹងទូលបង្គំក៏ដោយ តែឥឡូវនេះសេចក្តីខ្ញាល់នោះបានបែរចេញទៅហើយ ទ្រង់បានកំសាន្តចិត្តទូលបង្គំវិញ ២ មើល ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្តីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ ៣ ដោយហេតុនោះឯងរាល់គ្នានឹងដងទឹកពីអណ្តូងនៃសេចក្តីសង្គ្រោះដោយអំណរ ៤ ហើយនៅគ្រានោះ ឯងរាល់គ្នានឹងពោលថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ទ្រង់ចុះ នៅកណ្តាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមទ្រង់ខ្ពស់វិសេស ៥ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ពីព្រោះទ្រង់បានធ្វើការដ៏ប្រសើរ ត្រូវឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង ៦ ឱពួកអ្នកនៅក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងឡើង ហើយស្រែកហ៊ោដោយអំណរចុះ ដ្បិតព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់ធំប្រសើរនៅកណ្តាលឯងរាល់គ្នា។