៤៧
ក្រុងបាប៊ីឡូនជាប់ទោស
១ ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅឯងថា ជាអ្នកល្វន់ល្វត ហើយទន់ភ្លន់ទៀត ២ ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវឲ្យដោះស្បៃឯងចេញហើយបកសំលៀកឯងចុះ ចូរសើយសំពត់ឯងឡើងលុយកាត់ទន្លេទៅ ៣ កាយអាក្រាតរបស់ឯងនឹងត្រូវបើកចំហ អើ គេនឹងឃើញកេរ្តិ៍ខ្មាសឯងផង អញនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ ៤ ឯព្រះដែលប្រោសលោះយើង ទ្រង់ព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ៥ ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យឯងអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅឯងជាម្ចាស់នៃអស់ទាំងសាសន៍ទៀត ៦ អញបានក្រោធចំពោះរាស្ត្ររបស់អញ ក៏បានឲ្យមរដកអញត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃរបស់ឯង ឯឯងមិនបានអាណិតមេត្តាដល់គេទេ ឯងបានដាក់នឹមឯងទៅលើពួកចាស់ៗយ៉ាងធ្ងន់ ៧ ហើយបានគិតថា ឯងនឹងធ្វើជាម្ចាស់ជាដរាបទៅ បានជាឯងមិនបានយកចិត្តទុកដាក់នឹងសេចក្តីទាំងនេះ ក៏មិនបានគិតដល់ចុងបំផុតដែរ។
៨ ដូច្នេះ ចូរស្តាប់សេចក្តីនេះឥឡូវ ឯងដែលអាល័យតែលេងសប្បាយ ហើយនៅដោយឥតកង្វល់ ឯងនឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ អញនឹងមិនដែលអង្គុយជាស្រីមេម៉ាយ ក៏មិនដែលស្គាល់ការប្រាសចាកកូនឡើយ ៩ តែសេចក្តីទាំង២មុខនេះនឹងកើតដល់ឯងជា១រំពេច នៅថ្ងៃដដែល គឺទាំងការប្រោសចាកកូន ហើយនៅជាមេម៉ាយផង នោះនឹងកើតដល់ឯងពេញទី ទោះបើឯងមានរបៀនជាច្រើន ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ ១០ ពីព្រោះឯងបានទុកចិត្តនឹងអំពើកំណាចរបស់ឯង ឯងបានគិតថា គ្មានអ្នកណាឃើញឯងទេ ឯប្រាជ្ញា និងចំណេះរបស់ឯង នោះបានបង្ខូចចិត្តឯងហើយ ឯងបាននឹកក្នុងចិត្តថា គឺអញនេះហើយ ឥតមានអ្នកណាទៀតឡើយ ១១ ដោយហេតុនោះនឹងមានការអាក្រក់កើតដល់ឯង ដែលឯងនឹងមិនដឹងជាកើតមកពីណាផង ហើយនឹងមានសេចក្តីវេទនាធ្លាក់មកលើឯង ដែលឯងនឹងបង្វែរចេញមិនបានឡើយ ក៏នឹងមានសេចក្តីវិនាសលោមកលើឯងភ្លាម ជាសេចក្តីដែលឯងនឹងមិនដែលបានស្គាល់ឡើយ។
១២ ចូរឈរឡើងឥឡូវ ដោយពឹងដល់វេទមន្ត និងរបៀនរបស់ឯងដែលមានជាច្រើននោះ ជាវិជ្ជាដែលឯងបានខំប្រព្រឹត្តតាម តាំងតែពីក្មេងមក ហើយលមើលបើឯងនឹងបានប្រយោជន៍ណាខ្លះ ឬបើឯងនឹងអាចឈ្នះបាន ១៣ ឯងបានណាយចិត្តហើយ ដោយសេចក្តីប្រឹក្សាដ៏បរិបូររបស់ឯង ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូទាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយជួយសង្គ្រោះឯងឲ្យរួចពីការដែលត្រូវមកលើឯងចុះ ១៤ មើលគេនឹងបានដូចជាជញ្ជ្រាំង ភ្លើងនឹងឆេះគេអស់ទៅ គេនឹងដោះខ្លួនឲ្យរួចពីអំណាចភ្លើងមិនបាន ភ្លើងនោះនឹងមិនបានជារងើក ដែលគ្រាន់តែល្មមនឹងអាំងកំដៅខ្លួន ឬជាភ្លើងដែលនឹងអង្គុយជុំវិញប៉ុណ្ណោះទេ ១៥ របស់ទាំងប៉ុន្មានដែលឯងបានខំតាមនោះ នឹងបានដូច្នោះឯង ហើយពួកអ្នកដែលបានខំតាមជាមួយនឹងឯងតាំងតែពីក្មេងមក គេនឹងងេងងោងទៅតាមផ្លូវរបស់គេរៀងខ្លួន ហើយនឹងគ្មានអ្នកណាសំរាប់ជួយសង្គ្រោះឯងឡើយ។