៤៨
ព្រះអម្ចាស់​មាន​អំណាច​លើ​ព្រឹត្តិការណ៍​ទាំង​អស់
១ ចូរ​ស្តាប់​សេចក្តី​នេះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រាអែល ហើយ​បាន​ចេញ​ពី​ទឹក​របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះនាម​ព្រះយេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ផង តែ​មិន​មែន​ដោយ​ស្មោះ​ចំពោះ ឬ​ដោយ​សុចរិត​ទេ ២ (ពី​ព្រោះ​គេ​ហៅ​ខ្លួន ជា​អ្នក​ក្រុង​បរិសុទ្ធ ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ព្រះនាម​ទ្រង់ ជា​ព្រះយេហូវ៉ា​នៃ ពួក​ពលបរិវារ) ៣ ឯ​ការ​ដែល​បាន​កើត​ឡើង​តាំង​តែ​ពី​ដើម​មក នោះ​អញ​បាន​ថ្លែង​ប្រាប់​ចាប់​តាំង​ពី​បុរាណ​ហើយ អើ សេចក្តី​នោះ​បាន​ចេញ​ពី​មាត់​អញ​ទៅ ហើយ​អញ​បាន​សំដែង​ច្បាស់ ឯ​ការ​ទាំង​នោះ អញ​បាន​ធ្វើ​ភ្លាម​១​រំពេច ដូច្នេះ ការ​ទាំង​នោះ​បាន​កើត​ឡើង​ហើយ ៤ ដ្បិត​អញ​បាន​ដឹង​ថា ឯង​ជា​មនុស្ស​រឹងចចេស ហើយ​មាន​ក​ដូច​ជា​ចំរ៉ឹង​ដែក ឯ​ថ្ងាស​ឯង​ក៏​ជា​លង្ហិន ៥ ហេតុ​នោះ​បាន​ជា​អញ​ថ្លែង​ប្រាប់​សេចក្តី​នោះ​ដល់​ឯង​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​ឯង​ដឹង​មុន​ដែល​ការ​នោះ​កើត​មក​ផង ក្រែង​ឯង​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​ឯង​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​ឯង ដែល​បង្គាប់​ការ​នោះ​ឡើង ៦ ឯង​បាន​ឮ​ហើយ ចូរ​ពិចារណា​ការ​ទាំង​នេះ​ចុះ ឯ​ឯង តើ​មិន​ព្រម​ថ្លែង​ប្រាប់​ដែរ​ឬ ឥឡូវ​នេះ អញ​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​ថ្មី​ទៀត គឺ​ជា​ការ​លាក់​កំបាំង​ដែល​ឯង​មិន​បាន​ស្គាល់​ផង ៧ ការ​ទាំង​នោះ​ទើប​នឹង​កើត​ឡើង​ឥឡូវ មិន​មែន​កាល​ពី​បុរាណ​ទេ ហើយ​កាល​មុន​ថ្ងៃ​នេះ ឯង​មិន​ដែល​បាន​ឮ​និយាយ​ពី​ការ​ទាំង​នោះ​ឡើយ ក្រែង​ឯង​និយាយ​ថា មើល ខ្ញុំ​បាន​ដឹង​ការ​នោះ​ហើយ ៨ អើ ឯង​មិន​បាន​ឮ​សោះ អើ មិន​បាន​ដឹង​ផង អើ តាំង​ពី​បុរាណ​មក​ត្រចៀក​ឯង​មិន​ទាន់​បាន​បើក​ឡើង​នៅ​ឡើយ ដ្បិត​អញ​បាន​ដឹង​ថា ឯង​នឹង​ប្រព្រឹត្ត​ដោយ​ចិត្ត​ក្បត់ ហើយ​ឯង​មាន​ឈ្មោះ​ថា ជា​អ្នក​បះបោរ​តាំង​ពី​តែ​ផ្ទៃ​ម្តាយ​មក ៩ ប៉ុន្តែ អញ​នឹង​ផ្អាក​សេចក្តី​កំហឹង​ដោយ​យល់​ដល់​ឈ្មោះ​អញ និង​ដោយ​យល់​ដល់​សេចក្តី​សរសើរ​របស់​អញ នោះ​អញ​នឹង​ឈប់​លែង​ដំណើរ​ឯង ក្រែង​អញ​កាត់​ឯង​ចេញ​ទៅ ១០ មើល អញ​បាន​សំរង​ឯង​តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​អញ​បាន​រើស​ឯង​នៅ​ឡ​នៃ​សេចក្តី​វេទនា​វិញ ១១ អញ នឹង​ធ្វើ​ការ​នោះ ដោយ​យល់​ដល់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ខ្លួន​អញ​ហើយ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ឈ្មោះ​អញ​ត្រូវ​បង្អាប់​បាន ឯ​សិរីល្អ​របស់​អញៗ​មិន​ព្រម​លើក​ឲ្យ​ទៅ​អ្នក​ដទៃ​ឡើយ។
១២ ឱ​ពួក​យ៉ាកុប និង​អ៊ីស្រាអែល ជា​អ្នក​ដែល​អញ​បាន​ហៅ​អើយ ចូរ​ស្តាប់​អញ​ចុះ គឺ​អញ​នេះ​ហើយ អញ​ជា​ដើម ហើយ​ជា​ចុង​ដែរ ១៣ អើ ដៃ​អញ​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​អញ​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​អញ​ហៅ នោះ​ទាំង​២​ក៏​ឈរ​ឡើង​ជា​មួយ​គ្នា ១៤ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ទាំង​អស់ ហើយ​ស្តាប់​ចុះ ក្នុង​ពួក​គេ​តើ​មាន​អ្នក​ណា​ដែល​ថ្លែង​ប្រាប់​ពី​ការ​ទាំង​នេះ​ឬ អ្នក​១​នោះ​ដែល​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់ គេ​នឹង​សំរេច​ដល់​ក្រុង​បាប៊ីឡូន តាម​បំណង​ព្រះហឫទ័យ​ទ្រង់ ដៃ​របស់​គេ​នឹង​សង្កត់​លើ​ពួក​ខាល់ដេ ១៥ អញ គឺ​អញ​នេះ​ហើយ អញ​បាន​ពោល អើ អញ​បាន​ហៅ​គេ អញ​បាន​នាំ​គេ​មក ហើយ​គេ​នឹង​បញ្ជឿន​ការ​ខ្លួន​ឲ្យ​កើត​ឡើង​ផង ១៦ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចូល​មក​ជិត​អញ ហើយ​ស្តាប់​សេចក្តី​នេះ​ចុះ តាំង​តែ​ពី​ដើម​ដំបូង​មក អញ​មិន​បាន​និយាយ​ដោយ​សំងាត់​ទេ តាំង​ពី​ការ​នោះ​ចាប់​ផ្តើម​កើត​ឡើង នោះ​អញ​ក៏​មាន​នៅ​ហើយ ឥឡូវ​នេះ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​បាន​ចាត់​ខ្ញុំ​ជា​មួយ​នឹង​ព្រះវិញ្ញាណ​ទ្រង់​ឲ្យ​មក។
ប្រជាជន​អ៊ីស្រាអែល មិន​ព្រម​ស្តាប់​ព្រះបន្ទូល​ព្រះអម្ចាស់
១៧ ព្រះយេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ ១៨ ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្តី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្តី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ ១៩ ឯ​ពូជពង្ស​ឯង​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​ឯង​មក នោះ​នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឯ​ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​អញ​ឡើយ។
២០ ចូរ​ចេញ​ពី​ក្រុង​បាប៊ីឡូន​ទៅ ហើយ​រត់​ពី​កណ្តាល​ពួក​ខាល់ដេ​ចេញ ចូរ​ប្រកាស​ប្រាប់ ដោយ​ឡើង​សំឡេង​ច្រៀង ចូរ​ថ្លែង​ពី​រឿង​នេះ ហើយ​បញ្ជូន​រហូត​ដល់​ចុង​ផែនដី​ផង ចូរ​ប្រាប់​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រោស​លោះ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​ទ្រង់​ហើយ ២១ គេ​មិន​បាន​ស្រេក​ឡើយ កំពុង​ដែល​ទ្រង់​នាំ​គេ​ដើរ​កាត់​សមុទ្រ​ខ្សាច់ គឺ​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្មដា​សំរាប់​គេ ទ្រង់​ក៏​បំប្រេះ​ថ្មដា ឲ្យ​ទឹក​ផុស​ចេញ​មក ២២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា គ្មាន​សេចក្តី​សុខ​សោះ ដល់​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់។