៥៩
អំពើបាបរបស់ប្រជាជន
១ មើល ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លីដែលនឹងជួយសង្គ្រោះមិនបាននោះទេ ព្រះកាណ៌ទ្រង់ក៏មិនបានទៅជាធ្ងន់ ដែលនឹងស្តាប់មិនឮនោះដែរ ២ គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ ៣ ដ្បិតដៃរបស់ឯងរាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃដោយអំពើទុច្ចរិតដែរ បបូរមាត់ឯងបានពោលពាក្យកំភូត ហើយអណ្តាតឯងពោលងាំៗចេញជាសេចក្តីទុច្ចរិត ៤ គ្មានអ្នកណាមួយហៅរកសេចក្តីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្តីពិតឡើយ គេទុកចិត្តនឹងសេចក្តីសោះសូន្យ ហើយពោលតែសេចក្តីភូតភរទទេ គេមានទំងន់ជាគំនិតបៀតបៀន ហើយសំរាលចេញជាអំពើទុច្ចរិត ៥ គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ នោះរមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក នោះក៏ញាស់ចេញជាពស់វែក ៦ មងរបស់គេនឹងប្រើធ្វើជាសំលៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួន ដោយការដែលគេធ្វើក៏មិនបានដែរ ការរបស់គេសុទ្ធតែជាអំពើទុច្ចរិតទាំងអស់ ហើយមានអំពើច្រឡោតនៅដៃគេ ៧ ជើងគេរត់ទៅតាមសេចក្តីអាក្រក់ គេក៏រហ័សនឹងកំចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីសេចក្តីទុច្ចរិតទទេ មានសេចក្តីវិនាស និងសេចក្តីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ ៨ គេមិនស្គាល់ផ្លូវនៃសេចក្តីសុខទេ ហើយសេចក្តីយុត្តិធម៌ក៏គ្មាន នៅក្នុងអស់ទាំងដំណើររបស់គេផង គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សំរាប់ខ្លួន ឯអ្នកណាដែលចូលតាមផ្លូវនោះ ជាអ្នកមិនស្គាល់សេចក្តីសុខឡើយ។
ប្រជារាស្ត្ររបស់ព្រះអម្ចាស់ទទួលស្គាល់កំហុស
៩ ហេតុនោះបានជាសេចក្តីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ឯសេចក្តីសុចរិតក៏មកតាមយើងខ្ញុំមិនទាន់ផង យើងខ្ញុំរង់ចាំពន្លឺ តែយើង មានសុទ្ធតែងងឹតទទេ ក៏ចាំឲ្យស្វាងឡើង តែយើងខ្ញុំដើរក្នុងសេចក្តីសូន្យសុងវិញ ១០ យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ អើ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្តាលទីសាបសូន្យ ១១ យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្តីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្តីសង្គ្រោះតែសេចក្តីនោះនៅឆ្ងាយពីយើងខ្ញុំទេ ១២ ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចំរើនជាច្រើនឡើងនៅចំពោះទ្រង់ ឯចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ ពីព្រោះអំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ ឯអំពើទុច្ចរិតរបស់យើងខ្ញុំ នោះយើងខ្ញុំក៏ស្គាល់ទាំងអស់ហើយ ១៣ គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក ១៤ ឯសេចក្តីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្តីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្តីពិតបានដួលនៅកណ្តាលផ្លូវ ហើយសេចក្តីទៀងត្រង់ចូលមកមិនបាន ១៥ អើ សេចក្តីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។
ព្រះយេហូវ៉ាក៏ទតឃើញហើយ ឯការដែលឥតមានសេចក្តីយុត្តិធម៌ដូច្នេះ ក៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ១៦ ទ្រង់ឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សំរាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ទ្រង់បាននាំយកសេចក្តីសង្គ្រោះមកឯទ្រង់ ហើយសេចក្តីសុចរិតរបស់ទ្រង់ក៏ទប់ទល់ទ្រង់ ១៧ ទ្រង់បានប្រដាប់អង្គដោយសេចក្តីសុចរិត ទុកជាអាវក្រោះ ហើយសេចក្តីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក ក៏ទ្រង់ព្រះពស្ត្រដោយសេចក្តីសងសឹក និងសេចក្តីខ្មីឃ្មាត ទុកជាព្រះភូសាគ្រលុំអង្គ ១៨ ទ្រង់នឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្តីក្រោធដល់ពួកទាស់ទទឹងនឹងទ្រង់ ហើយជាសំណង តបដល់ពួកខ្មាំងសត្រូវទ្រង់នឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រ យ៉ាងនោះដែរ ១៩ យ៉ាងនោះគេនឹងកោតខ្លាច ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច ហើយដល់សិរីល្អនៃទ្រង់ ចាប់តាំងពីទិសខាងថ្ងៃរះ កាលណាខ្មាំងនឹងចូលមកដូចជាទឹកជន់ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងលើកទង់ជ័យឡើងទាស់នឹងវា ២០ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានអ្នកដ៏ជួយប្រោសលោះមកឯក្រុងស៊ីយ៉ូន ហើយដល់ពួកអ្នកពូជពង្សយ៉ាកុប ដែលលះលែងពីអំពើរំលង ២១ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ឯអញ នេះឯងជាសេចក្តីសញ្ញាដែលអញបានតាំងនឹងគេ គឺថាវិញ្ញាណរបស់អញដែលសណ្ឋិតនៅលើឯង ហើយពាក្យអញដែលអញបានដាក់នៅក្នុងមាត់ឯង នោះនឹងមិនដែលឃ្លាតចេញពីមាត់ឯង ឬពីមាត់នៃពូជពង្សរបស់ឯង ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។