៦០
សិរីរុងរឿងរបស់ព្រះអម្ចាស់បំភ្លឺលើក្រុងយេរូសាឡិម
១ ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ ២ ដ្បិតមើល សេចក្តីងងឹតនឹងគ្របលើផែនដី ហើយសេចក្តីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង ៣ អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង ៤ ចូរងើបភ្នែកឯងមើលជុំវិញ គេមូលគ្នាមកឯឯង ទាំងអស់ហើយពួកកូនប្រុសៗរបស់ឯងនឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗនៃឯងមកដែរ ៥ នោះឯងនឹងឃើញ ហើយនឹងមានសេចក្តីរីករាយ ចិត្តឯងនឹងខ្លាច ហើយរីកធំឡើងពីព្រោះសេចក្តីបរិបូរនៃសមុទ្រ នឹងត្រូវបង្វែរមកឯឯងវិញ ហើយអស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯឯង ៦ ឯងនឹងមានពេញដោយសត្វអូដ្ឋយ៉ាងសន្ធឹក គឺជាអូដ្ឋស្ទាវរបស់ពួកម៉ាឌាន និងពួកអេផា ហើយទាំងអស់ដែលនៅស្រុកសេបានឹងមកដែរ ព្រមទាំងដឹកយកមាស និងកំញានមក ហើយនឹងប្រកាសប្រាប់ពីសេចក្តីសរសើររបស់ព្រះយេហូវ៉ា ៧ អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯឯង ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់ឯង វាទាំងឡាយនឹងឡើងមកលើអាសនាអញ ដោយស្ម័គ្រពីចិត្ត ហើយអញនឹងលើកដំកើងវិហារនៃសិរីល្អរបស់អញ ៨ តើពួកណាហ្ន៎ ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាបនោះ ៩ ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំអញ ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនឹងនាំពួកកូនប្រុសៗរបស់ឯងមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯង ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងឡើង។
១០ ពួកសាសន៍ដទៃនឹងសង់កំផែងឯងឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់ឯង ដ្បិតទោះបើអញបានវាយឯងក្នុងពេលដែលមានសេចក្តីក្រោធក៏ដោយ គង់តែអញបានអាណិតដល់ឯង ក្នុងគ្រាដែលផ្តល់ព្រះគុណវិញ ១១ ទ្វារកំផែងរបស់ឯងនឹងនៅចំហជានិច្ច ឥតដែលបិទទាំងយប់ទាំងថ្ងៃឡើយ ដើម្បីឲ្យមនុស្សបាននាំយកទ្រព្យសម្បត្តិរបស់សាសន៍ទាំងប៉ុន្មានមកឯឯង ព្រមទាំងដឹកនាំស្តេចរបស់គេមកជាឈ្លើយផង ១២ ដ្បិតសាសន៍ណា និងនគរណាដែលមិនព្រមគោរពដល់ឯង នោះនឹងត្រូវវិនាស អើ សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង ១៣ សេចក្តីលំអនៃព្រៃល្បាណូននឹងមកឯឯង គឺជាឈើកកោះ ឈើស្រល់ នឹងឈើស្រឡៅផង ដើម្បីនឹងតុបតែងកន្លែងនៃទីបរិសុទ្ធរបស់អញ ហើយអញនឹងធ្វើឲ្យទីនៃជើងអញបានរុងរឿងឧត្តម ១៤ ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនឯង គេនឹងមកទាំងអោនក្រាបនៅចំពោះឯង ហើយអស់អ្នកណាដែលធ្លាប់មើលងាយឯង គេនឹងក្រាបចុះនៅទៀបបាទជើងឯង គេនឹងហៅឯងថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
១៥ ទោះបើឯងបានត្រូវចោលស្ងាត់ ហើយត្រូវគេស្អប់ ដល់ម៉្លេះបានជាគ្មានមនុស្សណាដើរកាត់ឯងឡើយ គង់តែអញនឹងធ្វើឲ្យឯងបានជាទីប្រសើរ នៅអស់កល្បជានិច្ចវិញ ជាទីអំណរដល់ច្រើនដំណតទៅ ១៦ ឯងនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ នោះឯងនឹងដឹងថា អញនេះគឺយេហូវ៉ាជាព្រះដ៏ជួយសង្គ្រោះឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានព្រះចេស្តានៃយ៉ាកុប ១៧ អញនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង អញនឹងយកសេចក្តីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្តីសុចរិតជាអ្នកគ្រប់គ្រងលើឯងផង ១៨ នៅក្នុងស្រុកឯងនឹងមិនដែលឮនិយាយពីសេចក្តីច្រឡោតទៀត ឬពីការរឹបជាន់ ឬពីការបំផ្លាញនៅក្នុងព្រំដែនឯងឡើយ គឺឯងនឹងហៅកំផែងឯងថា «សេចក្តីសង្គ្រោះ»ហើយទ្វារឯងថា «សេចក្តីសរសើរ» ១៩ គ្រានោះព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់ឯងនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងបានសំរាប់ជាពន្លឺដល់ឯងតទៅ គឺព្រះយេហូវ៉ា ទ្រង់នឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯងវិញ ហើយព្រះនៃឯងនឹងជាសិរីល្អដល់ឯងដែរ ២០ ព្រះអាទិត្យរបស់ឯងនឹងលែងលិច ហើយព្រះចន្ទរបស់ឯងនឹងមិនជ្រេទៀតឡើយ ពីព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯង ហើយគ្រានៃសេចក្តីសោកសៅរបស់ឯងនឹងផុតទៅ ២១ ពួកអ្នកនៅក្នុងឯងនឹងបានជាមនុស្សសុចរិតទាំងអស់ គេនឹងគ្រងបានស្រុកជាមរដកនៅជាដរាប គេជាមែកដែលអញបានផ្សាំ ជាការដែលដៃអញបានធ្វើ ដើម្បីឲ្យអញបានដំកើងឡើង ២២ អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច និងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។