៦១
ដំណឹងល្អស្តីអំពីការសង្គ្រោះ
១ ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង ២ ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ ដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ និងពីថ្ងៃ ដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក ៣ នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្តីអំណរជំនួសសេចក្តីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្តីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្តីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង។
៤ គេនឹងសង់អស់ទាំងទី ដែលខូចបង់ពីដើមឡើងវិញ ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់ ហើយអស់ទាំងទីកន្លែងដែលចោលស្ងាត់ តាំងពីច្រើនដំណតមកផង ៥ គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យឯង ហើយមនុស្សប្រទេសក្រៅនឹងភ្ជួររាស់ ហើយថែរក្សាចំការទំពាំងបាយជូរឲ្យឯង ៦ តែឯឯងរាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅឯងរាល់គ្នាជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា ឯងរាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយនឹងមានសេចក្តីរីករាយដោយរបស់រុងរឿងនៃគេ ៧ ឯងរាល់គ្នានឹងបានចំណែក១ជា២ជំនួសសេចក្តីខ្មាសរបស់ឯង ហើយនឹងមានសេចក្តីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្តីអាប់យស ដូច្នេះ ឯងនឹងបាន២ចំណែកនៅក្នុងស្រុករបស់ឯង ហើយនឹងមានសេចក្តីអំណរ ដ៏នៅអស់កល្បជានិច្ច ៨ ដ្បិតអញ គឺព្រះយេហូវ៉ា អញស្រឡាញ់សេចក្តីយុត្តិធម៌ តែស្អប់ការលួចប្លន់ និងសេចក្តីទុច្ចរិតវិញ អញនឹងឲ្យរង្វាន់ដល់ឯងដោយសេចក្តីពិត ហើយនឹងតាំងសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ចនឹងឯង ៩ គេនឹងស្គាល់ពូជពង្សរបស់ឯង នៅកណ្តាលអស់ទាំងសាសន៍ ហើយកូនចៅរបស់ឯង នៅកណ្តាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញឯងនឹងទទួលស្គាល់ថា ឯងជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ។
១០ ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្តីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្តីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ ១១ ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្តាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងធ្វើឲ្យសេចក្តីសុចរិត និងសេចក្តីសរសើរ បានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។