ការ​ស្រឡាញ់​លោកីយ៍
១ ឯ​សេចក្តី​ទាស់ទែង និង​សេចក្តី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​មក​ពី​ណា តើ​មិន​មែន​មក​ពី​សេចក្តី​សំរើប ដែល​ច្បាំង​ក្នុង​អវយវៈ​របស់​អ្នក​រាល់​គ្នាទេ​អី ២ អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន តែ​មិន​បាន​ទេ អ្នក​រាល់​គ្នា​សំឡាប់​គេ ហើយ​មាន​ចិត្ត​ច្រណែន តែ​ពុំ​អាច​នឹង​បាន​ឡើយ ក៏​ឈ្លោះ​ប្រកែក ហើយ​តយុទ្ធ​គ្នា តែ​មិន​បាន​អ្វី​សោះ ពី​ព្រោះ​មិន​សូម ៣ អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្តី​សំណូម​នោះ​បែប​អាក្រក់ សំរាប់​នឹង​ចាយ​បំពេញ​សេចក្តី​សំរើប​របស់​អ្នក​រាល់​គ្នា​វិញ ៤ ឱ​ពួក​កំផិតទាំង​ប្រុស​ទាំង​ស្រី​អើយ តើ​មិន​ដឹង​ទេ​ឬ​អី​ថា ដែល​ស្រឡាញ់​ដល់​លោកីយ៍ នោះ​គឺ​ជា​ស្អប់​ដល់​ព្រះ​ហើយ ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ៍ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំងសត្រូវ​នឹង​ព្រះ​វិញ ៥ ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គម្ពីរ​សំដែង​ចេញ​ជា​ឥត​ប្រយោជន៍​ឬ​អី រីឯ​ព្រះវិញ្ញាណ​ដែល​បាន​សណ្ឋិត​នៅ​ក្នុង​យើង ទ្រង់​រំឭក​ដល់​យើង ដោយ​មាន​ព្រះហឫទ័យ​ប្រចណ្ឌ ៦ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើង ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ» ៧ ដូច្នេះ ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ ៨ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ឱ​ពួក​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ ចូរ​សំអាត​ចិត្ត​ឡើង ៩ ចូរ​ឲ្យ​មាន​សេចក្តី​ទុក្ខ ហើយ​យំ​សោក ទាំង​ស្រក់​ទឹក​ភ្នែក​ចុះ សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ ហើយ​ឲ្យ​សេចក្តី​អំណរ​ទៅ​ជា​សេចក្តី​ព្រួយ​វិញ ១០ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង។
កុំ​ថ្កោល​ទោស​បង​ប្អូន
១១ បង​ប្អូន​អើយ កុំ​ឲ្យ​និន្ទា​គ្នា​ឡើយ អ្នក​ណា​ដែល​និន្ទា ហើយ​ថ្កោល​ទោស​បង​ប្អូន​ខ្លួន​នោះ​ក៏​និន្ទា ហើយ​ថ្កោល​ទោស​ចំពោះ​ក្រឹត្យវិន័យ​ដែរ បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យវិន័យ នោះ​អ្នក​មិន​មែន​កាន់​តាម​ក្រឹត្យវិន័យ​ទេ គឺ​ឈ្មោះ​ថា​ជា​អ្នក​ថ្កោល​ទោស​វិញ ១២ ឯ​អ្នក​ដែល​តែង​ក្រឹត្យវិន័យ ហើយ​ជំនុំ​ជំរះ​ផង នោះ​មាន​តែ​១​ទេ គឺ​ជា​ព្រះ ដែល​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ ឬ​បំផ្លាញ​ក៏​បាន ចុះ​តើ​អ្នក​ជា​អ្វី ដែល​ថ្កោល​ទោស​អ្នក​ដទៃ​នោះ។
កុំ​មាន​គំនិត​ខ្ពស់
១៣ ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ ១៤ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ ១៥ គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ ១៦ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួត​អាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាង​នោះ សុទ្ធ​តែ​អាក្រក់​ទាំង​អស់ ១៧ ដូច្នេះ ឯ​អ្នក​ណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ។