៥
ការព្រមានពួកអ្នកមាន
១ ឥឡូវនេះ ពួកអ្នកមានអើយ ចូរយំសោកចុះ ព្រមទាំងស្រែកទ្រហោផង ដោយព្រោះសេចក្តីវេទនា ដែលត្រូវមកលើអ្នករាល់គ្នា ២ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសំលៀកបំពាក់អ្នករាល់គ្នា ត្រូវកន្លាតកាត់អស់ហើយ ៣ មាសប្រាក់របស់អ្នករាល់គ្នាបានដុះស្នឹម ឯស្នឹមនោះ នឹងបានទុកសំរាប់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នា ហើយនិងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើង នៅជាន់ក្រោយបង្អស់នេះ ៤ មើល ប្រាក់ឈ្នួល ដែលអ្នករាល់គ្នាបានបង្ខានចំពោះពួកជើងឈ្នួល ជាអ្នកច្រូតនៅស្រែរបស់អ្នករាល់គ្នា នោះក៏ស្រែកឡើង ហើយសំរែកនៃពួកអ្នកដែលច្រូតនោះ បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ ៥ អ្នករាល់គ្នាបាននៅលើផែនដី បែបប្រសើររុងរឿង តាមតែចិត្តសំរើបស្រើប ទាំងចំអែតចិត្ត ដូចជានៅថ្ងៃសំឡាប់សត្វ ៦ អ្នករាល់គ្នាបានកាត់ទោស ក៏បានសំឡាប់មនុស្សសុចរិត តែគេមិនបានតយុទ្ធនឹងអ្នករាល់គ្នាវិញសោះ។
ការអត់ធ្មត់ និងការព្យាយាមអធិស្ឋាន
៧ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើល អ្នកធ្វើស្រែគេរង់ចាំផងវិសេស ដែលកើតពីដីមក ដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង ៨ ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរ ទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ ៩ បងប្អូនអើយ កុំឲ្យរទូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ក្រែងមានទោស មើលចៅក្រម លោកឈរនៅមាត់ទ្វារហើយ ១០ បងប្អូនអើយ ចូរយកពួកហោរា ដែលបានទាយដោយនូវព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីសេចក្តីទុក្ខលំបាក និងពីសេចក្តីអត់ធ្មត់ចុះ ១១ មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្តីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា និងសេចក្តីអាណិតអាសូរពោរពេញដែរ ១២ តែបងប្អូនអើយ កុំឲ្យស្បថជាដើម ទោះបើនឹងស្ថានសួគ៌ ឬ និងផែនដីក្តី ក៏កុំឲ្យស្បថយ៉ាងណាឲ្យសោះ តែឲ្យពាក្យ «បាទ» របស់អ្នករាល់គ្នា បាននៅតែ «បាទ» ហើយពាក្យ «ទេ» នៅតែ «ទេ» ដដែល ក្រែងអ្នករាល់គ្នាធ្លាក់ទៅជាមានទោស។
១៣ តើមានពួកអ្នករាល់គ្នាណា កើតទុក្ខលំបាកឬទេ ត្រូវឲ្យអ្នកនោះអធិស្ឋាន តើមានអ្នកណាអរសប្បាយឬទេ ត្រូវឲ្យគេច្រៀងសរសើរដល់ព្រះចុះ ១៤ តើមានពួកអ្នករាល់គ្នាណាឈឺឬទេ ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំក្នុងពួកជំនុំមកអធិស្ឋានឲ្យចុះ ព្រមទាំងលាបប្រេងឲ្យ ដោយនូវព្រះនាមព្រះអម្ចាស់ផង ១៥ នោះពាក្យអធិស្ឋាននៃសេចក្តីជំនឿ នឹងជួយសង្គ្រោះដល់មនុស្សហេវនោះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង បើគាត់បានធ្វើបាបអ្វី នោះនឹងបានអត់ទោសឲ្យផង ១៦ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្តីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់ ១៧ ឯហោរាអេលីយ៉ា លោកមានចិត្តដូចជាយើងដែរ តែលោកបានអធិស្ឋាន សូមកុំឲ្យមានភ្លៀង នោះនៅផែនដីក៏រាំងអស់រវាង៣ឆ្នាំ៦ខែ ១៨ រួចលោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីបានបង្កើតផលផ្លែឡើង។
១៩ បងប្អូនអើយ បើមានអ្នកណាក្នុងពួកអ្នករាល់គ្នា គេវង្វេងចេញពីសេចក្តីពិត ហើយមានអ្នកណានាំអ្នកនោះត្រឡប់មកវិញ ២០ នោះត្រូវដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យត្រឡប់ពីផ្លូវវង្វេងមកវិញ នោះឈ្មោះថា បានជួយសង្គ្រោះព្រលឹង១ ឲ្យរួចពីសេចក្តីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្តផង។:៚