២៩
លិខិតផ្ញើទៅប្រជាជនដែលជាឈ្លើយសឹក
១ នេះឯងជាសេចក្តីចុះក្នុងសំបុត្រ ដែលហោរាយេរេមាបានផ្ញើពីក្រុងយេរូសាឡិម ទៅឯសំណល់ពួកចាស់ទុំ ក្នុងពួកដែលត្រូវដឹកទៅជាឈ្លើយ ហើយនឹងពួកសង្ឃ ពួកហោរា និងបណ្តាជនទាំងអស់ ដែលនេប៊ូក្នេសាបានដឹកជាឈ្លើយ ពីក្រុងយេរូសាឡិមទៅឯស្រុកបាប៊ីឡូន ២ គឺក្នុងគ្រាក្រោយដែលស្តេចយេកូនាស និងអគ្គមហេសី ពួកសេនាបតី ពួកចៅហ្វាយនៃស្រុកយូដា និងក្រុងយេរូសាឡិម ព្រមទាំងពួកជាងឈើ និងជាងដែក បានចេញពីក្រុងយេរូសាឡិមអស់ហើយ ៣ លោកផ្ញើសំបុត្រនោះដោយសារដៃអេលាសារ ជាកូនសាផាន និងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលសេដេគា ស្តេចយូដាបានចាត់ទៅឯស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា ៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលទ្រង់បានឲ្យគេដឹកជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា ៥ ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ ៦ ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្តីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ ៧ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្តីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្តីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្តីសុខដែរ ៨ ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យពួកហោរា និងពួកគ្រូទាយរបស់ឯង ដែលនៅកណ្តាលពួកឯងរាល់គ្នាបញ្ឆោតឯងឡើយ ក៏កុំឲ្យស្តាប់តាមសប្តិរបស់ឯង ដែលឯងរាល់គ្នាបានយល់សប្តិនោះដែរ ៩ ដ្បិតគេទាយកុហកដល់ឯងរាល់គ្នា ដោយនូវឈ្មោះអញទេ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញមិនបានចាត់គេឡើយ ១០ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ ១១ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម ១២ នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ១៣ ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត ១៤ ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងឲ្យឯងរាល់គ្នារកអញឃើញ អញនឹងដោះឯងរាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយនឹងប្រមូលឯងពីគ្រប់ទាំងសាសន៍ និងពីគ្រប់កន្លែងណាដែលអញបានបណ្តេញឯង នាំវិលត្រឡប់មកឯកន្លែងដែលអញបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
១៥ ហេតុដែលអ្នករាល់គ្នានិយាយថា ព្រះយេហូវ៉ាទ្រង់បានបង្កើតឲ្យយើងមានពួកហោរា នៅស្រុកបាប៊ីឡូននេះ ១៦ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ពីដំណើរស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ ហើយពីដំណើរជនទាំងឡាយដែលអាស្រ័យនៅទីក្រុងនេះ គឺជាបងប្អូនរបស់ឯងរាល់គ្នា ដែលមិនបានដឹកទៅជាឈ្លើយជាមួយនឹងឯងរាល់គ្នាទេ ១៧ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា មើល អញនឹងចាត់ដាវ សេចក្តីអំណត់អត់ និងអាសន្នរោគមកលើគេ ហើយនឹងធ្វើឲ្យគេត្រឡប់ទៅដូចជាផ្លែល្វាអាក្រក់ ដែលបរិភោគមិនបាន ១៨ ហើយអញនឹងដេញតាមគេ ដោយដាវ អំណត់អត់ និងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្តាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ និងជាទីត្មះតិះដៀលនៅកណ្តាលអស់ទាំងសាសន៍ ដែលអញនឹងបណ្តេញគេនោះ ១៩ គឺដោយព្រោះគេមិនបានស្តាប់តាមពាក្យអញ ដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានចាត់ពួកហោរា ជាអ្នកបំរើរបស់អញទៅឯគេ ព្រមទាំងក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
២០ ដូច្នេះ ឯងរាល់គ្នា ជាពួកឈ្លើយ ដែលអញបានបណ្តេញចេញពីក្រុងយេរូសាឡិម ទៅឯស្រុកបាប៊ីឡូនអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ២១ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរអ័ហាប់ ជាកូនកូឡាយ៉ា និងសេដេគាជាកូនម្អាសេយ៉ា ដែលគេទាយជាសេចក្តីកុហកដល់ឯងរាល់គ្នា ដោយនូវព្រះនាមទ្រង់ គឺទ្រង់មានព្រះបន្ទូលថា មើលអញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងសំឡាប់អ្នកទាំង២នោះនៅមុខឯងរាល់គ្នា ២២ ហើយពួកឈ្លើយ ជាសាសន៍យូដា ដែលនៅក្រុងបាប៊ីឡូន នឹងយករឿងនោះប្រើជាពាក្យផ្តាសាដល់អ្នកដទៃថា សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យឯងបានដូចជាសេដេគា និងអ័ហាប់ ដែលស្តេចបាប៊ីឡូនបានឆ្អើរនឹងភ្លើងនោះចុះ ២៣ ពីព្រោះគេបានប្រព្រឹត្តអំពើចំកួតក្នុងពួកអ៊ីស្រាអែល គេបានសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាង ហើយពោលពាក្យកុហក ដោយនូវឈ្មោះអញជាសេចក្តីដែលអញមិនបានបង្គាប់ដល់គេឡើយ ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺអញហើយដែលដឹង អញជាទីបន្ទាល់ពិត។
២៤ រីឯដំណើរសេម៉ាយ៉ា ជាអ្នកនៅស្រុកនេហេលេម នោះត្រូវឲ្យឯងប្រាប់ថា ២៥ ព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងបានធ្វើសំបុត្រដោយនូវឈ្មោះខ្លួនឯង ផ្ញើដល់អស់អ្នកនៅក្រុងយេរូសាឡិម និងដល់សេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ហើយដល់ពួកសង្ឃទាំងអស់ផងថា ២៦ ព្រះយេហូវ៉ា ទ្រង់បានតាំងឯងឡើងធ្វើជាសង្ឃ ជំនួសយេហូយ៉ាដាដ៏ជាសង្ឃ ដើម្បីឲ្យមានពួកនាយកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ប្រយោជន៍ឲ្យឯងបានចាប់អស់អ្នកឆ្កួត ដែលតាំងខ្លួនឡើងធ្វើជាហោរា ដាក់គុក ដាក់ខ្នោះ ២៧ ចុះហេតុអ្វីបានជាមិនបានបន្ទោសដល់យេរេមា ដែលនៅក្រុងអាណាថោត ជាអ្នកដែលតាំងខ្លួនឡើងជាហោរាដល់លោករាល់គ្នានោះ ២៨ ពីព្រោះវាបានផ្ញើសំបុត្រទៅយើងរាល់គ្នា នៅឯស្រុកបាប៊ីឡូន ប្រាប់ថា ដំណើរនេះនឹងត្រូវយូរនៅ ចូរធ្វើផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលទៅ ២៩ ឯសេផានាដ៏ជាសង្ឃ ក៏អានមើលសំបុត្រនោះ ឲ្យហោរាយេរេមាស្តាប់ ៣០ ខណៈនោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាដូច្នេះ ៣១ ចូរផ្ញើទៅប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរសេម៉ាយ៉ាជាអ្នកដែលមកពីស្រុកនេហេលេមថា ដោយព្រោះសេម៉ាយ៉ា ជាអ្នកដែលអញមិនបានចាត់ប្រើឡើយ បានទាយដល់ឯងរាល់គ្នា ហើយបាននាំឲ្យឯងរាល់គ្នាទុកចិត្តចំពោះសេចក្តីកំភូត ៣២ បានជាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងធ្វើទោសដល់សេម៉ាយ៉ា ជាអ្នកស្រុកនេហេលេម ព្រមទាំងពូជពង្សគេផង គេនឹងគ្មានពូជណាអាស្រ័យនៅកណ្តាលជនជាតិនេះឡើយ ក៏នឹងមិនឃើញការល្អដែលអញនឹងប្រោសដល់រាស្ត្រអញដែរ ពីព្រោះគេបានពោលជាសេចក្តីបះបោរទាស់នឹងព្រះយេហូវ៉ា នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។