៣០
មាតុភូមិនិវត្តន៍
១ នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ា ដល់យេរេមាថា ២ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យឯងសរសេរអស់ទាំងពាក្យ ចុះក្នុងសៀវភៅ ដូចអញបានប្រាប់ឯង ៣ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងនាំរាស្ត្រអញ ជាពួកឈ្លើយនោះ គឺពួកអ៊ីស្រាអែល និងពួកយូដា ឲ្យត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងធ្វើឲ្យគេវិលទៅឯស្រុក ដែលអញបានឲ្យដល់ពួកព្ធយុកោគេ ហើយគេនឹងបានស្រុកនោះ ជារបស់ផងខ្លួន។
៤ នេះជាសេចក្តី ដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរពួកអ៊ីស្រាអែល និងពួកយូដា ៥ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ យើងបានឮសំឡេងញាប់ញ័រ គឺមានសេចក្តីភិតភ័យ មិនមែនជាសេចក្តីសុខទេ ៦ ចូរស៊ើបសួរឥឡូវ ឲ្យដឹង បើមនុស្សប្រុសដែលឈឺនឹងសំរាលកូនឬ ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់ កំពុងតែយកដៃស្ទឹមចុចចង្កេះ ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសំរាលកូន ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ ៧ វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម ដល់ម៉្លេះបានជាគ្មានថ្ងៃណាមួយឲ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែគេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ ៨ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងបំបាក់នឹមគេពីកឯងចេញ ហើយផ្តាច់ចំណងឯងផង នោះពួកសាសន៍ដទៃនឹងមិនចាប់ប្រើឯងជាបាវទៀតឡើយ ៩ គឺឯងនឹងបំរើព្រះយេហូវ៉ា ជាព្រះនៃឯង និងដាវីឌ ជាស្តេចរបស់ឯង ជាអ្នកដែលអញនឹងបង្កើតឡើងដល់ឯង ១០ ដូច្នេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើអញអើយ កុំឲ្យខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តដែរ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ពីចំងាយនឹងពូជពង្សឯង ឲ្យរួចពីស្រុកដែលគេនៅជាឈ្លើយនោះផង នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនឹងនៅដោយសុខស្រួល និងសេចក្តីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ ១១ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯង ពីព្រោះអញនឹងធ្វើឲ្យអស់ទាំងនគរ ដែលអញបានកំចាត់កំចាយឯងទៅនោះត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យឯងផុតទេ គឺអញនឹងវាយផ្ចាលឯងតាមខ្នាតវិញ អញនឹងមិនបណ្តោយឲ្យឯងនៅដោយឥតវាយផ្ចាលឡើយ។
១២ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថាដំបៅឯងមើលមិនជាទេ ហើយរបួសឯងក៏ធ្ងន់ណាស់ផង ១៣ គ្មានអ្នកណានឹងកាន់ក្តីឯង ដើម្បីនឹងរុំរបួសឯងសោះ ឯងក៏គ្មានថ្នាំណាផ្សះផង ១៤ អស់ទាំងសហាយរបស់ឯងបានភ្លេចឯងហើយ គេមិនរកឯងទៀតទេ ពីព្រោះអញបានវាយឯងឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលឯង ដូចជាមនុស្សសាហាវ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចំរើនជាច្រើនឡើងហើយ ១៥ ហេតុអ្វីបានជាឯងស្រែកដោយព្រោះដំបៅឯងដូច្នេះ សេចក្តីឈឺចាប់របស់ឯង នោះមើលមិនជាទេ អញបានធ្វើដល់ឯងយ៉ាងនេះ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចំរើនជាច្រើនឡើងហើយ ១៦ ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីឯង នឹងត្រូវគេត្របាក់ស៊ីវិញ ឯអស់ទាំងខ្មាំងសត្រូវរបស់ឯង គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលរឹបជាន់ឯង នឹងត្រូវគេរឹបជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់ឯង នោះអញនឹងឲ្យដល់គេ ទុកជារំពាវិញ ១៧ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងមើលឯងឲ្យជា ហើយនឹងធ្វើឲ្យរបួសឯងបានសះទៅ ពីព្រោះគេបានហៅឯងជាពួកបំបរបង់ ដោយពាក្យថា នេះក្រុងស៊ីយ៉ូនដែលឥតមានអ្នកណាស្វែងរកសោះ។
១៨ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុប ឲ្យត្រឡប់មកវិញ អញនឹងមានសេចក្តីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញ នៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម ១៩ ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ ចេញពីនោះមកអញនឹងធ្វើឲ្យគេចំរើនឡើង គេនឹងមិនមានគ្នាតិចឡើយ អញក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើងដែរ គេនឹងមិនមែនជានគរតូចទាបទេ ២០ កូនចៅរបស់គេនឹងបានដូចជាកាលពីដើម ហើយពួកជំនុំរបស់គេ នឹងបានតាំងឡើង នៅចំពោះអញ អញធ្វើនឹងទោស ដល់អស់អ្នកណា ដែលសង្កត់សង្កិនគេ ២១ ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្តាលពួកគេដែរ អញនឹងនាំគេ ហើយគេនឹងចូលមកជិតអញ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើដែលមានអ្នកណាមានចិត្តក្លាហាន ហ៊ានចូលមកជិតអញដូច្នេះឬ ២២ នោះឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា។
២៣ មើល ព្យុះសង្ឃរារបស់ព្រះយេហូវ៉ា គឺជាសេចក្តីក្រោធរបស់ទ្រង់បានចេញមកហើយ គឺជាខ្យល់កួចដែលបោសរំលីង ខ្យល់នោះនឹងធ្លាយមកលើក្បាលរបស់ពួកអាក្រក់ ២៤ សេចក្តីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ានឹងមិនវិលមកវិញ ដរាបដល់ទ្រង់បានធ្វើសំរេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ ឯនៅគ្រាជាន់ក្រោយបង្អស់ នោះឯងរាល់គ្នានឹងយល់បាន។