១១
លោកឡាសារទទួលមរណភាព
១ មានមនុស្សម្នាក់ ឈ្មោះឡាសារ មានជំងឺឈឺ គាត់នៅភូមិបេថានី ជាភូមិរបស់នាងម៉ារា និងបងនាងឈ្មោះម៉ាថា ២ ឯនាងម៉ារា ដែលប្អូននាងឈ្មោះឡាសារមានជំងឺនេះ គឺនាងនេះហើយ ដែលបានចាក់ប្រេងក្រអូប លាបថ្វាយព្រះអម្ចាស់ រួចយកសក់នាងជូតព្រះបាទទ្រង់ ៣ បងប្អូនស្រី២នាក់នោះ ក៏ចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ ៤ កាលទ្រង់បានឮដូច្នេះ នោះក៏មានព្រះបន្ទូលថា ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសំរាប់ជាកិត្តិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង ៥ រីឯព្រះយេស៊ូវ ទ្រង់ស្រឡាញ់នាងម៉ាថា និងប្អូនស្រីនាង ហើយនិងឡាសារផង ៦ ដូច្នេះ កាលទ្រង់បានឮថា គាត់ឈឺ នោះទ្រង់ក៏គង់នៅកន្លែងដដែល២ថ្ងៃទៀត ៧ ក្រោយនោះមក ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរយើងត្រឡប់ទៅស្រុកយូដាវិញ ៨ ពួកសិស្សទូលទ្រង់ថា លោកគ្រូ ពួកសាសន៍យូដាទើបនឹងរកចោលលោកនឹងថ្មពីមុននោះ ដូច្នេះ តើលោកគិតទៅឯណោះទៀតឬ ៩ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ក្នុង១ថ្ងៃ មាន១២ម៉ោងទេតើ បើអ្នកណាដើរនៅពេលថ្ងៃ នោះមិនជំពប់ជើងទេ ព្រោះឃើញពន្លឺលោកីយ៍នេះ ១០ តែបើអ្នកណាដើរទៅពេលយប់ នោះត្រូវជំពប់ជើងវិញ គឺព្រោះគ្មានពន្លឺនៅក្នុងខ្លួនសោះ ១១ ក្រោយដែលទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះហើយ នោះក៏មានព្រះបន្ទូលទៀតថា ឡាសារ ជាសំឡាញ់យើង គាត់បានដេកលក់ទៅហើយ ខ្ញុំទៅដើម្បីនឹងដាស់គាត់ឡើង ១២ ដូច្នេះ ពួកសិស្សទូលថា ព្រះអម្ចាស់អើយ បើគាត់ដេកលក់ នោះគាត់នឹងបានជាវិញ ១៣ ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលពីគាត់ស្លាប់ទេ តែគេស្មានថា ទ្រង់មានព្រះបន្ទូលអំពីគាត់គ្រាន់តែដេកសំរាកប៉ុណ្ណោះ ១៤ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេជាយ៉ាងច្បាស់ថា ឡាសារស្លាប់ហើយ ១៥ ខ្ញុំក៏អរណាស់ ដោយយល់ដល់អ្នករាល់គ្នា ព្រោះខ្ញុំមិនបាននៅឯណោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ ឥឡូវ ចូរយើងទៅឯគាត់ចុះ ១៦ ដូច្នេះ ថូម៉ាសដែលហៅថា ឌីឌីម គាត់និយាយទៅពួកសិស្សជាគូកនគាត់ថា ចូរយើងរាល់គ្នាទៅដែរ ដើម្បីនឹងប្តូរស្លាប់ជាមួយនឹងលោក។
ព្រះយេស៊ូវជាអ្នកផ្តល់ជីវិតរស់ឡើងវិញ
១៧ កាលព្រះយេស៊ូវយាងទៅដល់ហើយ នោះបានឮថា ឡាសារនៅក្នុងផ្នូរអស់៤ថ្ងៃហើយ ១៨ រីឯភូមិបេថានី នោះនៅជិតក្រុងយេរូសាឡិម ប្រហែលជា៣គីឡូម៉ែត្រទេ ១៩ ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកំសាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់ ២០ កាលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នោះនាងក៏ទៅទទួលទ្រង់ តែម៉ារាអង្គុយនៅឯផ្ទះ ២១ ម៉ាថាទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ ២២ ប៉ុន្តែ ខ្ញុំម្ចាស់ដឹងថា ទោះទាំងនៅគ្រាឥឡូវនេះ នោះការអ្វីដែលទ្រង់នឹងសូមពីព្រះ គង់តែព្រះនឹងប្រទានមកទ្រង់ជាមិនខាន ២៣ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងវិញ ២៤ ម៉ាថាទូលទ្រង់ថា ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ ២៥ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ២៦ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្តីនេះឬទេ ២៧ នាងទូលឆ្លើយថា ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយ៍មែន។
ព្រះយេស៊ូវទ្រង់ព្រះកន្សែង
២៨ កាលនាងបានពោលពាក្យដូច្នោះហើយ នោះក៏ទៅហៅម៉ារា ប្អូននាង មកដោយសំងាត់ ប្រាប់ថា លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅរកឯង ២៩ កាលនាងម៉ារាបានឮពាក្យនោះ ក៏ក្រោកឡើងជាប្រញាប់ទៅឯទ្រង់ ៣០ ឯព្រះយេស៊ូវ ទ្រង់មិនទាន់យាងចូលក្នុងភូមិនៅឡើយ គឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានជួបនោះ ៣១ កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះ កំពុងតែជួយកំសាន្តចិត្តនាងម៉ារា បានឃើញថា នាងក្រោកឡើងចេញទៅជាប្រញាប់ដូច្នេះ គេក៏តាមនាងទៅ ដោយនិយាយគ្នាថា នាងគិតទៅយំឯផ្នូរហើយ។
៣២ នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ ៣៣ កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្តីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ ៣៤ ហើយមានព្រះបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល ៣៥ ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង ៣៦ ដូច្នេះ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎ ៣៧ ហើយពួកខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ។
ព្រះយេស៊ូវប្រោសឡាសារឲ្យបានរស់ឡើងវិញ
៣៨ នោះព្រះយេស៊ូវយាងទៅដល់ផ្នូរ ទាំងមានសេចក្តីក្នាញ់ក្នុងព្រះហឫទ័យម្តងទៀត ឯផ្នូរនោះជារអាងភ្នំ ហើយមានថ្ម១បិទសន្ធប់ ៣៩ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរយកថ្មចេញ តែម៉ាថា ជាបងរបស់រូបបុគ្គលនោះទូលថា ព្រះអម្ចាស់អើយ ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ ៤០ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី ៤១ ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា ឱព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ដោយព្រោះទ្រង់បានអនុញ្ញាតតាមទូលបង្គំ ៤២ ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន ៤៣ កាលទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក ៤៤ នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។
ការឃុបឃិតចាប់ព្រះយេស៊ូវ
៤៥ ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់ ៤៦ តែមានខ្លះទៅជំរាបដល់ពួកផារិស៊ី ពីការដែលព្រះយេស៊ូវបានធ្វើ ៤៧ នោះពួកសង្គ្រាជ និងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់ ៤៨ បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង ៤៩ មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ ៥០ ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ ៥១ តែលោកមិននិយាយសេចក្តីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ ៥២ ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ ៥៣ ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ ៥៤ ហេតុនោះបានជាព្រះយេស៊ូវ មិនបានយាងនៅក្នុងពួកសាសន៍យូដា ឲ្យគេឃើញទៀតទេ គឺទ្រង់យាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម ក៏គង់នៅទីនោះជាមួយនឹងពួកសិស្ស។
៥៥ រីឯបុណ្យរំលងរបស់សាសន៍យូដា នោះជិតដល់ហើយ ក៏មានមនុស្សជាច្រើនចេញពីស្រុកស្រែ ឡើងទៅឯក្រុងយេរូសាឡិមមុនបុណ្យនោះ ដើម្បីឲ្យបានញែកខ្លួនជាបរិសុទ្ធ ៥៦ ពួកអ្នកទាំងនោះកំពុងតែឈរនៅក្នុងព្រះវិហារ សួរគ្នារកព្រះយេស៊ូវថា លោកនោះមិនមកឯបុណ្យនេះទេឬអី តើគិតដូចម្តេច ៥៧ ឯពួកសង្គ្រាជ និងពួកផារិស៊ីបានបង្គាប់មកថា បើអ្នកណាដឹងជាទ្រង់គង់នៅឯណា នោះត្រូវប្រាប់ឲ្យគេដឹងផង ដើម្បីឲ្យគេបានទៅចាប់ទ្រង់។