១២
នាង​ម៉ារា​ចាក់​ប្រេង​ក្រអូប​លាប​ព្រះបាទា​ព្រះយេស៊ូវ
(ម៉ាថាយ​២៦.៦-១៣ ម៉ាកុស​១៤.៣-៩)
១ កាល​មុន​បុណ្យ​រំលង​៦​ថ្ងៃ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ដល់​ភូមិ​បេថានី ជា​កន្លែង​ឡាសារ​នៅ គឺ​ជា​អ្នក​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ២ នៅ​ទី​នោះ គេ​រៀបចំ​ព្រះស្ងោយ​ថ្វាយ​ទ្រង់ ហើយ​នាង​ម៉ាថា​ក៏​ខ្វល់ខ្វាយ​បំរើ ឯ​ឡាសារ គាត់​នៅ​ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ ជា​មួយ​នឹង​ទ្រង់​ដែរ ៣ នោះ​នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេព្វិរូ​សុទ្ធ​១​នាលិ មាន​ដំឡៃ​ណាស់ មក​ចាក់​លាប​ព្រះបាទ​ទ្រង់ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ ៤ ដូច្នេះ ពួក​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​យូដាស-អ៊ីស្ការីយ៉ុត ជា​កូន​ស៊ីម៉ូន ដែល​រៀប​នឹង​បញ្ជូន​ទ្រង់ ក៏​និយាយ​ឡើង​ថា ៥ ម្តេច​ឡើយ​ក៏​មិន​បាន​លក់​ប្រេង​ក្រអូប​នេះ​ជា​ដំឡៃ​៦០​រៀល ដើម្បី​ចែក​ឲ្យ​មនុស្ស​ក្រីក្រ​វិញ ៦ វា​និយាយ​ដូច្នោះ មិន​មែន​ដោយ​ព្រោះ​វា​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ក្រីក្រ​ទេ គឺ​ដោយ​ព្រោះ​វា​ជា​ចោរ វា​កាន់​ថង់​ប្រាក់ ហើយ​ក៏​លួច​យក​របស់​ដែល​ដាក់​នៅ​ក្នុង​ថង់​នោះ​ផង ៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា កុំ​ឲ្យ​ធ្វើ​នាង​ឡើយ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សំរាប់​ដល់​ថ្ងៃ​បញ្ចុះ​ខ្មោច​ខ្ញុំ ៨ ឯ​អ្នក​រាល់​គ្នា តែង​តែ​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ។
ការ​ឃុបឃិត​ចង់​សំឡាប់​លោក​ឡាសារ
៩ មាន​ពួក​សាសន៍​យូដា​សន្ធឹក​ណាស់ បាន​ដឹង​ថា ទ្រង់​គង់​ទី​នោះ ដូច្នេះ គេ​ក៏​នាំ​គ្នា​មក តែ​មិន​មែន​ដោយ​ព្រោះ​ព្រះយេស៊ូវ​ប៉ុណ្ណោះ គឺ​មក​ចង់​ឃើញ​ឡាសារ ដែល​ទ្រង់​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ផង ១០ តែ​ពួក​សង្គ្រាជ​គេ​ជំនុំ​គ្នា​នឹង​សំឡាប់​ទាំង​ឡាសារ​ដែរ ១១ ដ្បិត ដោយ​ព្រោះ​តែ​គាត់ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន ដក​ខ្លួន​ចេញ​ពី​ពួក​គេ ទៅ​ជឿ​ដល់​ព្រះយេស៊ូវ​វិញ។
ព្រះយេស៊ូវ​យាង​ចូល​ក្រុង​យេរូសាឡិម
(មថ.២១.១-១១​មក.១១.១-១១ លក.១៩.២៨-៤០)
១២ លុះ​ថ្ងៃ​ស្អែក​ឡើង កាល​បណ្តា​មនុស្ស ដែល​មក​ឯ​បុណ្យ បាន​ឮ​ថា ព្រះយេស៊ូវ​កំពុង​យាង​ចូល​មក​ក្នុង​ក្រុង​យេរូសាឡិម ១៣ នោះ​មាន​គ្នា​សន្ធឹក យក​ធាង​ចាក​ចេញ​ទៅ​ទទួល​ទ្រង់ ទាំង​ស្រែក​ថា ហូសាណា ព្រះអង្គ​ដែល​យាង​មក​ដោយ​ព្រះនាម​ព្រះអម្ចាស់ គឺ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ព្រះអង្គ​ដែល​យាង​មក​ដោយ​ព្រះនាម​ព្រះអម្ចាស់ គឺ​ជា​ស្តេច​នៃ​អ៊ីស្រាអែល ទ្រង់​ប្រកប​ដោយ​ព្រះពរ ១៤ កាល​ព្រះយេស៊ូវ​រក​បាន​កូន​លា​១ នោះ​ក៏​គង់​លើ​វា តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា ១៥ «កុំ​ខ្លាច​អ្វី កូន​ស្រី​ស៊ីយ៉ូន​អើយ មើល ស្តេច​ឯង​ទ្រង់​យាង​មក ទាំង​គង់​លើ​កូន​លា» ១៦ មុន​ដំបូង ពួក​សិស្ស​ទ្រង់​មិន​បាន​យល់​សេចក្តី​ទាំង​នោះ​ទេ តែ​កាល​ព្រះយេស៊ូវ​បាន​ដំកើង​ឡើង​ហើយ នោះ​គេ​នឹង​ឃើញ​ថា មាន​សេចក្តី​ទាំង​នោះ​ចែង​ទុក​ពី​ទ្រង់ ហើយ​ថា គេ​បាន​សំរេច​ការ​ទាំង​នោះ​ថ្វាយ​ទ្រង់​ដែរ ១៧ រីឯ​ហ្វូង​មនុស្ស ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ធ្វើ​បន្ទាល់​ពី​កាល​ទ្រង់​ហៅ​ឡាសារ​ចេញ​ពី​ផ្នូរ​មក ហើយ​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​ឡើង​វិញ ១៨ គឺ​ដោយ​ហេតុ​នោះ បាន​ជា​មាន​ហ្វូង​មនុស្ស​ទៅ​ទទួល​ទ្រង់ ពី​ព្រោះ​គេ​ឮ​ថា ទ្រង់​បាន​ធ្វើ​ទី​សំគាល់​នោះ ១៩ ដូច្នេះ ពួក​ផារិស៊ី​និយាយ​គ្នា​គេ​ថា មើល ពួក​យើង​មិន​ឈ្នះ​ទេ ឃើញ​ឬ​ទេ លោកីយ៍​ទាំង​ស្រុង​ទៅ​តាម​អ្នក​នោះ​ហើយ។
ជនជាតិ​ក្រេក​ចង់​ជួប​ព្រះយេស៊ូវ
២០ ក្នុង​ពួក​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ​បង្គំ នៅ​ក្នុង​វេលា​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រេក​ខ្លះ​ដែរ ២១ គេ​មក​ឯ​ភីលីព ជា​អ្នក​នៅ​ភូមិ​បេតសៃដា ស្រុក​កាលីឡេ គេ​សូម​គាត់​ថា លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះយេស៊ូវ ២២ ភីលីព​ក៏​ទៅ​ប្រាប់​អនទ្រេ និង​ភីលីព​ទៅ​ទូល​ដល់​ព្រះយេស៊ូវ ២៣ តែ​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ ២៤ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង ២៥ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ៍​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់​កល្ប​រៀង​ទៅ ២៦ បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះបី​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរបិតា​នឹង​លើក​មុខ​អ្នក​នោះ។
ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​អំពី​ព្រះអង្គ​សោយ​ទិវង្គត
២៧ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះវរបិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូលបង្គំ​មក​ដល់​ពេល​នេះ ២៨ ឱ​ព្រះវរបិតា​អើយ សូម​ដំកើង​ព្រះនាម​ទ្រង់​ឡើង នោះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា អញ​បាន​ដំកើង​ហើយ ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ ២៩ ដូច្នេះ បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ទី​នោះ ហើយ​ឮ ក៏​និយាយ​ថា ឮ​ផ្គរលាន់ ខ្លះ​ទៀត​ថា មាន​ទេវតា​ទូល​នឹង​ទ្រង់ ៣០ តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា សំឡេង​នេះ​មិន​មែន​ឮ​ដោយ​ព្រោះ​ខ្ញុំ​ទេ គឺ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​វិញ ៣១ ឥឡូវ លោកីយ៍​នេះ​ត្រូវ​ជាប់​ទោស​ហើយ ឥឡូវ​នេះ ចៅហ្វាយ​របស់​លោកីយ៍​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ ៣២ ឯ​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ ៣៣ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ ដើម្បី​នឹង​បង្ហាញ ពី​ទ្រង់​ត្រូវ​សុគត​ជា​បែប​យ៉ាង​ណា ៣៤ ហ្វូង​មនុស្ស​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រឹត្យវិន័យ​ថា ព្រះគ្រីស្ទ ទ្រង់​គង់​នៅ​អស់​កល្ប​ជានិច្ច ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ តើ​អ្នក​ណា​ជា​កូន​មនុស្ស​នេះ ៣៥ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ពន្លឺ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ ចូរ​ដើរ​កំពុង​ដែល​នៅ​មាន​ពន្លឺ​ចុះ ក្រែង​លោ​សេចក្តី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត នោះ​មិន​ដឹង​ជា​ទៅ​ឯ​ណា​ទេ ៣៦ ចូរ​អ្នក​រាល់​គ្នា​ជឿ​ដល់​ពន្លឺ កំពុង​ដែល​នៅ​មាន​នៅ​ឡើយ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ។
បណ្តាជន​មិន​ព្រម​ជឿ​ព្រះយេស៊ូវ
៣៧ លុះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ទៅ ហើយ​បាន​កំបាំង​ពី​គេ ប៉ុន្តែ ទោះ​បើ​ទ្រង់​បាន​ធ្វើ​ទី​សំគាល់ នៅ​មុខ​គេ​ជា​ច្រើន​ទាំង​ម៉្លេះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ជឿ​ដល់​ទ្រង់​ដែរ ៣៨ ដើម្បី​ឲ្យ​ពាក្យ​របស់​ហោរា​អេសាយ​បាន​សំរេច ដែល​ទាយ​ថា «ព្រះអម្ចាស់​អើយ តើ​អ្នក​ណា​បាន​ជឿ​សេចក្តី​ដែល​យើង​ខ្ញុំ​ប្រាប់ ហើយ​តើ​ព្រះហស្ត​ព្រះអម្ចាស់​បាន​បើក​សំដែង​មក ឲ្យ​អ្នក​ណា​ឃើញ» ៣៩ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គេ​ជឿ​ពុំ​បាន ពី​ព្រោះ​លោក​អេសាយ​ក៏​ទាយ​ទៀត​ថា ៤០ «ទ្រង់​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ហើយ​ឲ្យ​ចិត្ត​គេ​រឹង ក្រែង​ភ្នែក​គេ​មើល​ឃើញ ចិត្ត​គេ​យល់ ហើយ​គេ​ប្រែ​គំនិត ដើម្បី​ឲ្យ​អញ​បាន​ប្រោស​ឲ្យ​ជា» ៤១ លោក​អេសាយ​មាន​ប្រសាសន៍​សេចក្តី​ទាំង​នេះ ពី​ព្រោះ​លោក​បាន​ឃើញ​សិរីល្អ​ទ្រង់ ហើយ​ក៏​ទាយ​ពី​ទ្រង់ ៤២ ប៉ុន្តែ នៅ​ក្នុង​ពួក​នាម៉ឺន ក៏​មាន​ជា​ច្រើន​នាក់​បាន​ជឿ​ដល់​ទ្រង់​ដែរ តែ​គេ​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ណា​សោះ ដោយ​ព្រោះ​ពួក​ផារិស៊ី ក្រែង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​គេ​ទៅ ៤៣ ពី​ព្រោះ​គេ​ចូល​ចិត្ត​នឹង​សេចក្តី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្តី​សរសើរ​របស់​ព្រះ​វិញ។
៤៤ ព្រះយេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​មិន​មែន​ជឿ​ដល់​ខ្ញុំ គឺ​ជឿ​ដល់​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ ៤៥ ហើយ​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​ឃើញ​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ៤៦ ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ ៤៧ បើ​អ្នក​ណា​ឮ​ពាក្យ​ខ្ញុំ តែ​មិន​ជឿ នោះ​ខ្ញុំ​មិន​កាត់​ទោស​គេ ដ្បិត​ខ្ញុំ​មិន​បាន​មក ដើម្បី​នឹង​កាត់​ទោស​ដល់​លោកីយ៍​ទេ គឺ​មក​ប្រយោជន៍​នឹង​សង្គ្រោះ​វិញ ៤៨ អ្នក​ណា​ដែល​វៀរ​បង់​ចោល​ខ្ញុំ ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅក្រម​ដែល​កាត់​ទោស​ខ្លួន​ហើយ គឺ​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឯង ពាក្យ​នោះ​នឹង​កាត់​ទោស​ដល់​គេ នៅ​ថ្ងៃ​ចុង​បំផុត ៤៩ ដ្បិត​ខ្ញុំ​មិន​បាន​និយាយ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​បាន​បង្គាប់​ខ្ញុំ ពី​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​និយាយ ហើយ​ពី​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​វិញ ៥០ ខ្ញុំ​ក៏​ដឹង​ថា សេចក្តី​ដែល​ទ្រង់​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដូច្នេះ សេចក្តី​អ្វី​ដែល​ខ្ញុំ​និយាយ នោះ​ខ្ញុំ​និយាយ​តាម​ដែល​ព្រះវរបិតា​បាន​ប្រាប់​មក។