ពាក្យសន្ទនារវាងលោកយ៉ូប និងមិត្តភក្តិរបស់លោក
៣
សំណោករបស់លោកយ៉ូបៈ រស់នៅបានប្រយោជន៍អ្វី?
១ ក្រោយនោះមក យ៉ូបក៏បើកមាត់ពោលពាក្យប្រទេចផ្តាសា ដល់ថ្ងៃកំណើតរបស់ខ្លួន ២ លោកពោលពាក្យថា ៣ សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ គឺជាយប់ដែលគេប្រកាសថា មានកូនមកចាប់ទំផ្ទៃនោះ ៤ សូមឲ្យថ្ងៃនោះបានសូន្យទៅ សូមកុំឲ្យព្រះនឹករកពីស្ថានលើឡើយ ក៏កុំឲ្យមានពន្លឺចាំងមកបំភ្លឺឲ្យសោះ ៥ សូមឲ្យសេចក្តីងងឹត និងម្លប់នៃសេចក្តីស្លាប់មកទទួលធ្វើជាម្ចាស់ សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង ៦ ឯយប់នោះ សូមឲ្យសេចក្តីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែង នៅជាមួយនឹងថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យបានរាប់ក្នុងខែនោះដែរ ៧ អើ សូមឲ្យយប់នោះបានទៅជាអសារឥតការ ឥតមានឮសូរសៀងអរសប្បាយឡើយ ៨ សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ បានដាក់បណ្តាសាដល់យប់នោះ ព្រមទាំងពួកអ្នកដែលប្រុងនឹងដាស់ក្រពើឡើងផង ៩ សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះបានងងឹតវិញ ឲ្យបានរកពន្លឺឥតមានឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ ១០ ពីព្រោះមិនបានបិទទ្វារផ្ទៃម្តាយខ្ញុំទេ ក៏មិនបានបិទបាំងសេចក្តីវេទនា ពីភ្នែកខ្ញុំដែរ។
១១ ហេតុអ្វីបានជាខ្ញុំមិនបានស្លាប់ ចាប់តាំងពីក្នុងផ្ទៃ ហើយប្រគល់វិញ្ញាណទៅវិញ ក្នុងកាលដែលម្តាយខ្ញុំបានសំរាលមកនោះ ១២ ម្តេចក៏មានភ្លៅទទួលទ្រខ្ញុំ ហើយនឹងដោះឲ្យខ្ញុំបៅ ១៣ កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្តីស្រាន្តហើយ ១៤ នៅជាមួយពួកស្តេច និងពួកអ្នកប្រាជ្ញនៃលោកីយ៍ ជាពួកអ្នកដែលបានសង់ទីសំងាត់សំរាប់ខ្លួន ១៥ ឬនៅជាមួយនឹងពួកអ្នកជាប្រធាន ដែលមានមាស ហើយបានបំពេញផ្ទះគេដោយប្រាក់ ១៦ ឬនឹងឥតមានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ ១៧ នៅទីនោះពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្តីស្រាកស្រាន្ត ១៨ នៅទីនោះ ពួកអ្នកទោសមានសេចក្តីសំរាកព្រមគ្នា គេមិនឮសូរកំហែងនៃអ្នកនាយដំរួតទៀតទេ ១៩ មានទាំងអ្នកតូចអ្នកធំនៅទីនោះ ហើយបាវក៏បានរួចពីចៅហ្វាយខ្លួនដែរ។
២០ ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិត ដល់អ្នកដែលមានសេចក្តីជូរចត់ក្នុងចិត្តដូច្នេះ ២១ គេទន្ទឹងចាំតែស្លាប់ តែសេចក្តីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតរកលើសជាងរកទ្រព្យសម្បត្តិផងក៏ដោយ ២២ គេមានសេចក្តីរីករាយក្រៃលែង ហើយក៏អរសប្បាយ ក្នុងកាលដែលប្រទះនឹងផ្នូរហើយ ២៣ ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលផ្លូវរបស់ខ្លួនសុទ្ធតែងងឹតដូច្នេះ គឺជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញហើយ ២៤ ព្រោះសេចក្តីដំអូញរបស់ខ្ញុំ ទុកដូចជាអាហារ ហើយដំងូរខ្ញុំក៏ហូរចេញដូចជាទឹក ២៥ ដ្បិតសេចក្តីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្តីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ ២៦ ខ្ញុំគ្មានសេចក្តីសុខ គ្មានសេចក្តីក្សេមក្សាន្ត ក៏គ្មានសេចក្តីសំរាកឡើយ គឺមានតែសេចក្តីទុក្ខប៉ុណ្ណោះ។