៤
ប្រសាសន៍របស់លោកអេលីផាស: អ្នកដែលត្រូវព្រះស្តីប្រដៅ ពិតជាមានសុភមង្គលមិនខាន!
១ អេលីផាស ជាសាសន៍ថេម៉ាន គាត់ឆ្លើយតបថា ២ បើសិនជាយើងស៊កឆ្លើយនឹងអ្នក នោះតើអ្នកនឹងអន់ចិត្តឬទេ តែតើអ្នកឯណានឹងទ្រាំមិននិយាយបាន ៣ មើលអ្នកបានទូន្មានប្រដៅដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកំឡាំងឡើង ៤ ពាក្យសំដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចំរើនកំឡាំងដល់ជង្គង់ខ្សោយ ៥ តែឥឡូវនេះ សេចក្តីនោះបានមកដល់អ្នកវិញ ហើយអ្នកទ្រាំមិនបាន ក៏ពាល់ប៉ះនឹងអ្នក ហើយអ្នកមានសេចក្តីស្រយុតចុះ ៦ ដែលអ្នកកោតខ្លាចដល់ព្រះ នោះតើមិនមែនជាទីអាងរបស់អ្នក ហើយដែលផ្លូវប្រព្រឹត្តរបស់អ្នកសុទ្ធតែទៀងត្រង់ នោះតើមិនមែនជាទីសង្ឃឹមដល់អ្នកទេឬអី ៧ ចូរអ្នកនឹកចាំចុះ បើអ្នកណាឥតទោស តើដែលវិនាសដែរឬអី តើមានកន្លែងណា ដែលមនុស្សទៀងត្រង់ត្រូវកាត់ចេញនោះ ៨ តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នកដែលភ្ជួរបំផុលសេចក្តីទុច្ចរិតឡើង ហើយសាបព្រោះសេចក្តីកំណាចចុះ គេរមែងច្រូតបានសេចក្តីនោះឯងវិញ ៩ គេត្រូវវិនាសទៅ ដោយអស្សាសៈរបស់ព្រះ ហើយខ្យល់ចំហួលនៃសេចក្តីក្រោធរបស់ទ្រង់ក៏បញ្ឆេះគេអស់ទៅ ១០ ឯសូរគ្រហឹមរបស់សិង្ហ និងសំឡេងរបស់សិង្ហសាហាវ នោះត្រូវបាត់ ហើយចង្កូមរបស់សិង្ហស្ទាវត្រូវបាក់ ១១ ឯសិង្ហចាស់ វាស្លាប់ទៅដោយអត់រំពា ហើយកូនរបស់មេសិង្ហត្រូវខ្ចាត់ខ្ចាយទៅ។
១២ រីឯមានសេចក្តី១បានឮមកដល់ខ្ញុំ ដោយសំងាត់ ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ ១៣ នៅវេលាដែលការជាក់ស្តែង កំពុងតែបណ្តាលឲ្យគំនិតកំរើកឡើង នៅពេលយប់ ក្នុងកាលដែលមនុស្សកំពុងដេកលក់ស៊ប់ ១៤ នោះសេចក្តីភ័យខ្លាច ហើយញ័ររន្ធត់បានកើតដល់ខ្ញុំ ក៏ធ្វើឲ្យអស់ទាំងឆ្អឹងខ្ញុំរញ្ជួយផង ១៥ រួចមានវិញ្ញាណ១កាត់មុខខ្ញុំទៅ ខ្ញុំក៏ព្រឺរោមឡើង ១៦ វិញ្ញាណនោះក៏ឈប់នឹងនៅ តែខ្ញុំរកសំគាល់ថាជាមានរូបភាពយ៉ាងណាមិនបាន មានតែភាពជារូបនៅមុខខ្ញុំប៉ុណ្ណោះ ខ្ញុំក៏ឮសំឡេងរសាវៗពោលមកថា ១៧ មនុស្សដែលតែងតែស្លាប់ តើនឹងបានសុចរិតនៅចំពោះព្រះឬ តើនឹងបានបរិសុទ្ធនៅចំពោះព្រះដែលបានបង្កើតខ្លួនមកឬអី ១៨ មើល ទ្រង់មិនទុកចិត្តនឹងពួកបរិវារទ្រង់ទេ ឯពួកទេវតាទ្រង់ នោះក៏ប្រកាន់ថាមានសេចក្តីអួតអាងដែរ ១៩ ចំណង់បើមនុស្សដែលនៅក្នុងភាជនៈដី ដែលមានកំណើតមកពីធូលីដី ហើយដែលត្រូវឈ្លីទៅដូចជាដង្កូវ នោះតើយ៉ាងណាទៅ ២០ ពីព្រឹកដល់ល្ងាចវាត្រូវបំផ្លាញទៅ វាសូន្យទៅអស់កល្ប ឥតមានអ្នកណាសង្កេតឡើយ ២១ ខ្សែជ្រែងរបស់គេត្រូវដាច់ចេញ ហើយគេក៏ស្លាប់ទៅ ឥតទាន់បានប្រាជ្ញាផង។