១៣
១ មើល គ្រប់ទាំងអស់នេះភ្នែកខ្ញុំបានឃើញហើយ ត្រចៀកខ្ញុំក៏បានឮ ហើយយល់ផង ២ អ្វីៗដែលអ្នករាល់គ្នាដឹង នោះខ្ញុំក៏ដឹងដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ ៣ តែខ្ញុំចង់ទូលដល់ព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង ៤ ឯអ្នករាល់គ្នាសុទ្ធតែជាអ្នកបង្កើតសេចក្តីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់ ៥ ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសំដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន ៦ ដូច្នេះ ចូរស្តាប់សេចក្តីតតបរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្តីអង្វររបស់បបូរមាត់ខ្ញុំសិន ៧ តើអ្នករាល់គ្នានឹងនិយាយសេចក្តីទុច្ចរិត ដោយយល់ដល់ព្រះ ព្រមទាំងសេចក្តីកំភូតផងឬអី ៨ តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសទ្រង់ឬ ៩ អ្នករាល់គ្នាសុខចិត្តឲ្យទ្រង់ស្ទង់ចិត្តនៃអ្នកឬទេ ឬអ្នករាល់គ្នាគិតបញ្ឆោតទ្រង់ដូចជាបញ្ឆោតមនុស្សដែរ ១០ បើអ្នករាល់គ្នាលំអៀងទៅខាងណាដោយសំងាត់ នោះប្រាកដជាទ្រង់នឹងបន្ទោសដល់អ្នករាល់គ្នាហើយ ១១ តើតេជានុភាពរបស់ទ្រង់មិននាំឲ្យអ្នករាល់គ្នាកោតខ្លាច ហើយសេចក្តីស្ញែងខ្លាចរបស់ទ្រង់មិនគ្របលើអ្នករាល់គ្នាទេឬ ១២ សេចក្តីដែលអ្នករាល់គ្នាពោលអាង នោះសុទ្ធតែជាផេះទាំងអស់ សេចក្តីដោះសារបស់អ្នករាល់គ្នា សុទ្ធតែជាភក់ទទេ។
១៣ សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ ១៤ ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅដៃដូច្នេះធ្វើអី ១៥ ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ ប៉ុន្តែខ្ញុំនឹងចេះតែជជែក ពីសេចក្តីសុចរិតនៃផ្លូវខ្ញុំនៅចំពោះទ្រង់ ១៦ ហើយនេះនឹងបានជាសេចក្តីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិលល្មើសនឹងចូលទៅនៅចំពោះទ្រង់មិនបាន ១៧ ចូរប្រុងស្តាប់សេចក្តីរបស់ខ្ញុំចុះ ហើយឲ្យសេចក្តីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង ១៨ មើល ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត ១៩ តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
២០ ឱសូមព្រះទ្រង់ប្រោសសេចក្តីតែ២មុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួនពីព្រះភក្ត្រទ្រង់ឡើយ ២១ គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្តីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត ២២ នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានព្រះបន្ទូលឆ្លើយមកវិញ ២៣ តើសេចក្តីទុច្ចរិត និងអំពើបាបរបស់ទូលបង្គំមានប៉ុន្មាន សូមទ្រង់សំដែងឲ្យទូលបង្គំបានស្គាល់អស់ទាំងសេចក្តីរំលង និងអំពើបាបរបស់ទូលបង្គំផង ២៤ ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ ២៥ ទ្រង់នឹងវាយស្លឹកឈើដែលខ្យល់ផាត់ទៅមកធ្វើអី ហើយដេញតាមចំបើងក្រៀមឬអី ២៦ ហេតុអ្វីបានជាទ្រង់បានកត់ទុកអស់ទាំងសេចក្តីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោសនៃបាបដែលបានធ្វើពីកាលនៅក្មេងមកដូច្នេះ ២៧ ទ្រង់ដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយទ្រង់គូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ ២៨ ទោះបើទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាតបានកាត់អស់ហើយផង។