១៤
ស្ថានភាពដ៏លំបាករបស់មនុស្សលោក
១ មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្តីលំបាកជានិច្ចផង ២ គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ ៣ តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ និងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ ៤ តើអ្នកណាអាចនឹងដកយករបស់ស្អាតចេញពីរបស់ស្មោកគ្រោកបាន គ្មានអ្នកណាធ្វើបានឡើយ ៥ បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច ហើយចំនួនអស់ទាំងខែនៃជីវិតរបស់គេបានកត់នៅនឹងទ្រង់ បើទ្រង់បានដំរូវព្រំខណ្ខរបស់គេ មិនឲ្យគេរំលងហួសឡើយ ៦ នោះសូមទ្រង់បែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានឈប់សំរាកចុះ គឺបែរចេញដរាបដល់គេបានសំរេចពេលកំណត់ ដូចជាជើងឈ្នួល ៧ ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងពន្លកឡើងទៀត ហើយថា នឹងមិនខានមានមែកខ្ចីទៀតឡើយ ៨ ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី ៩ គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ ១០ ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ អើ មនុស្សប្រគល់វិញ្ញាណទៅ នោះតើគេនៅឯណា ១១ ឯទឹកភ្លៀងខានមកពីសមុទ្រ រួចស្ទឹងរីងស្ងួតទៅយ៉ាងណា ១២ នោះមនុស្សក៏ដេកទៅឥតក្រោកឡើងទៀតយ៉ាងនោះដែរ គេនឹងមិនភ្ញាក់ឡើងវិញ ឬអ្នកណាដាស់ឲ្យគេភ្ញាក់ពីដេកឡើងឡើយ ដរាបដល់ផ្ទៃមេឃសូន្យបាត់ទៅ។
១៣ ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្តីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង ១៤ បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ បើមាន នោះទូលបង្គំនឹងរង់ចាំអស់រវាងសង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានរឥលចេញទៅ ១៥ នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ ១៦ តែសព្វថ្ងៃនេះ ទ្រង់រាប់អស់ទាំងជំហានទូលបង្គំវិញ តើទ្រង់មិនត្រួតមើលអស់ទាំងអំពើបាបរបស់ទូលបង្គំផងទេឬអី ១៧ សេចក្តីរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយទ្រង់បិទភ្ជាប់អំពើអាក្រក់របស់ទូលបង្គំផង។
១៨ ឯភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទី ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅ ១៩ ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចំរោះដី គឺយ៉ាងនោះដែលទ្រង់បំផ្លាញសេចក្តីសង្ឃឹមរបស់មនុស្សទៅ ២០ ទ្រង់កំរាបគេជាដរាប រួចគេបាត់ទៅ ទ្រង់បំផ្លាស់បំប្រែភាពរបស់គេ ហើយកំចាត់គេទៅ ២១ កូនចៅរបស់គេមានកិត្តិយសឡើង តែគេមិនដឹងទេ វាត្រូវបន្ទាបចុះ តែគេមិនសំគាល់ដឹងអ្វីសោះ ២២ គេដឹងឈឺតែចំពោះខ្លួនគេ ហើយមានសេចក្តីទុក្ខព្រួយតែចំពោះចិត្តខ្លួនប៉ុណ្ណោះ។