២១
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកសូផារ: មនុស្សអាក្រក់តែងតែមានសុភមង្គលរហូតឬ?
១ នោះយ៉ូបក៏ឆ្លើយឡើងថា ២ សូមផ្ចង់ចិត្តស្តាប់ពាក្យខ្ញុំសិន ឲ្យខ្ញុំក្សាន្តទុក្ខត្រឹមប៉ុណ្ណេះ ៣ សូមទ្រាំឲ្យខ្ញុំនិយាយខ្លះផង រួចក្រោយដែលខ្ញុំបាននិយាយចប់ហើយ នោះសឹមឡកឡឺយចុះ ៤ ចំណែកខ្ញុំ តើសេចក្តីដំអូញខ្ញុំបានដំរង់ដល់មនុស្សឬអី បើដូច្នេះ ធ្វើដូចម្តេចនឹងឲ្យខ្ញុំមិនមានសេចក្តីអន់ចិត្តបាន ៥ ចូរចំណាំមើលខ្ញុំ ហើយមានសេចក្តីអស្ចារ្យចុះ រួចដាក់ដៃខ្ទប់មាត់ទៅ ៦ កាលណាខ្ញុំនឹកពីសេចក្តីទាំងនេះ នោះខ្ញុំមានសេចក្តីតក់ស្លុត ហើយសេចក្តីភ័យខ្លាចក៏បំព្រឺសាច់ខ្ញុំ ៧ គឺថា ហេតុអ្វីបានជាពួកមនុស្សអាក្រក់មានជីវិតរស់នៅ អាយុក៏វែង អើ គេក៏ឡើងជាមានអំណាចយ៉ាងធំផង ៨ ពូជពង្សរបស់គេក៏បានតាំងឡើងជាមួយ នៅភ្នែកគេ ហើយកូនចៅគេនៅចំពោះគេដែរ ៩ ទីលំនៅគេនៅជាសុខឥតភ័យខ្លាច ហើយដំបងនៃព្រះមិនដែលប៉ះពាល់គេឡើយ ១០ គោឈ្មោលរបស់គេវាជាន់មេឥតខាន គោញីក៏សំរាលកូនឥតរលូតដែរ ១១ គេឲ្យកូនតូចៗរបស់គេចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង ១២ វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ ១៣ រាល់តែថ្ងៃគេតែងបង្អស់ពេលទៅ ដោយអ្វីៗដែលគេពេញចិត្ត ហើយក្នុង១រំពេច គេចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ១៤ គេទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ពីព្រោះយើងមិនចូលចិត្តស្គាល់ផ្លូវទ្រង់ទេ ១៥ តើព្រះដ៏មានគ្រប់ព្រះចេស្តាជាអ្វី ដែលយើងត្រូវគោរពដល់ទ្រង់ ហើយបើយើងអធិស្ឋានដល់ទ្រង់ តើនឹងមានប្រយោជន៍អ្វី ១៦ ដូច្នេះ ធ្វើដូចម្តេចទៅ គឺសេចក្តីចំរើនរបស់គេមិនស្រេចនៅដៃគេទេ ឱសូមឲ្យគំនិតនៃពួកមនុស្សអាក្រក់បាននៅឆ្ងាយពីខ្ញុំទៅ។
១៧ សេចក្តីនេះក៏កើតឡើងជាញឹកញយដែរទេតើ គឺចង្កៀងនៃមនុស្សអាក្រក់រលត់ទៅ ក៏មានសេចក្តីលំបាកកើតដល់គេ ដ្បិតព្រះទ្រង់ចែកសេចក្តីវេទនា ដោយសេចក្តីក្រោធរបស់ទ្រង់ដែរ ១៨ គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ ១៩ មនុស្សថា ព្រះទ្រង់ប្រមូលទុកសេចក្តីទុច្ចរិតរបស់មនុស្ស សំរាប់កូនចៅតទៅ តែត្រូវឲ្យទ្រង់ដាក់ទោសដល់ខ្លួនអ្នកនោះវិញ ឲ្យគេបានដឹងផង ២០ ត្រូវឲ្យភ្នែករបស់អ្នកនោះឯងឃើញសេចក្តីវិនាសរបស់ខ្លួន ព្រមទាំងផឹកស្រូបសេចក្តីក្រោធ របស់ព្រះដ៏មានគ្រប់ព្រះចេស្តាផង ២១ ដ្បិតកាលណាចំនួនអស់ទាំងខែនៃជីវិតគេបានផុតទៅហើយ នោះតើគេនឹងរវល់អ្វីដល់ពួកវង្សខ្លួនដែលនៅខាងក្រោយ ២២ តើនឹងមានអ្នកណាបង្រៀនចំណេះដល់ព្រះឬទេ ដ្បិតគឺទ្រង់ហើយ ដែលជំនុំជំរះដល់ទាំងពួកអ្នកធំៗផង ២៣ អ្នក១ដែលមានសេចក្តីស្រណុក ហើយសុខសាន្ត ក៏ស្លាប់បាត់ទៅ ក្នុងកាលដែលនៅមានកំឡាំងពេញប្រាណ ២៤ គឺក្នុងកាលដែលសាច់គេនៅស្រស់ល្អ ហើយខួរឆ្អឹងក៏នៅសើមៗនៅឡើយ ២៥ ម្នាក់ទៀតស្លាប់ទៅទាំងមានចិត្តជូរល្វីង ឥតដែលភ្លក់រសនៃសេចក្តីល្អឡើយ ២៦ ទាំង២ពួកដេកទៅក្នុងធូលីដីដូចគ្នា ហើយដង្កូវក៏ចុះពេញខ្មោចគេដែរ។
២៧ នែ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់ឧបាយដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ ២៨ ដ្បិតអ្នករាល់គ្នាថា តើផ្ទះរបស់សេដ្ឋីនៅឯណាឥឡូវ គឺជាទីលំនៅរបស់មនុស្សអាក្រក់នោះ តើនៅឯណា ២៩ តើអ្នករាល់គ្នាមិនបានសួរពួកអ្នកដំណើរដូច្នេះទេឬអី តើមិនបានស្គាល់គោលគំនិតរបស់គេដែរទេឬអី ៣០ គឺថា មនុស្សអាក្រក់ត្រូវបំរុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្តីឃោរឃៅ ៣១ តើអ្នកណានឹងប្រាប់ផ្ទាល់រូបគេពីផ្លូវរបស់គេ តើអ្នកណានឹងសងគេ តាមការដែលគេបានប្រព្រឹត្ត ៣២ ប៉ុន្តែ នឹងត្រូវសែងគេនាំយកទៅឯទីកប់ខ្មោច ហើយនឹងមានមនុស្សចាំយាមផ្នូរដែរ ៣៣ គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយអស់ទាំងមនុស្សនឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនាបានទៅមុខគេដែរ ៣៤ ចុះអ្នករាល់គ្នាយកសេចក្តីឥតប្រយោជន៍មក ចង់ជួយកំសាន្តចិត្តខ្ញុំធ្វើអី ដែលពាក្យចំឡើយរបស់អ្នករាល់គ្នាសុទ្ធតែជាសេចក្តីកំភូតដូច្នេះ។