២២
ប្រសាសន៍លើកទីបីរបស់លោកអេលីផាស: លោកយ៉ូបពិតជាមានកំហុសមែន!
១ នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា ២ តើមនុស្សនឹងមានប្រយោជន៍ដល់ព្រះបានឬទេ ឯមនុស្សប្រាជ្ញ គេមានប្រយោជន៍ចំពោះតែខ្លួនគេប៉ុណ្ណោះ ៣ បើអ្នកជាមនុស្សសុចរិត នោះតើចំរើនសេចក្តីអំណរដល់ព្រះដ៏មានគ្រប់ព្រះចេស្តាឬអី បើអ្នកកែផ្លូវអ្នកឲ្យត្រឹមត្រូវឡើង នោះតើជាកំរៃដល់ទ្រង់ឬ ៤ តើដោយព្រោះតែអ្នកមានសេចក្តីកោតខ្លាចដល់ព្រះ បានជាទ្រង់បន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយនឹងអ្នកឬ ៥ ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសំបើមវិញទេឬអី ហើយសេចក្តីទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ ៦ ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នកដោយឥតហេតុ ហើយបានសំរាតយកពីមនុស្សកំសត់ទុគ៌តផង ៧ អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ ៨ មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្តាសក្តិបានតាំងទីលំនៅនៅក្នុងស្រុក ៩ អ្នកបានបណ្តេញស្រីមេម៉ាយឲ្យទៅដោយដៃទទេ ហើយបានបំបាក់ដៃនៃពួកកំព្រា ១០ ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្តីស្ញែងខ្លាចភ្លាមៗមកបំភ័យអ្នក ១១ ឬជាសេចក្តីងងឹតឲ្យអ្នកមើលមិនឃើញ ឬជាទឹកជន់សាយមកគ្របលើអ្នកវិញ។
១២ ឯព្រះ តើទ្រង់មិនគង់នៅជាន់ខ្ពស់ នៅស្ថានសួគ៌ទេឬអី ចូរមើលផ្កាយដ៏ខ្ពស់ទាំងប៉ុន្មាន ដែលជាខ្ពស់ដល់ណាទៅ ១៣ អ្នកពោលថា តើព្រះទ្រង់ជ្រាបអ្វីខ្លះ តើទ្រង់អាចទតទំលុះសេចក្តីងងឹតមកជំនុំជំរះបានដែរឬ ១៤ មានពពកយ៉ាងក្រាស់នៅហ៊ុមទ្រង់ជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយទ្រង់ក៏យាងនៅតែលើផ្ទៃមេឃ ១៥ តើអ្នករក្សាទុកផ្លូវចាស់ ដែលមនុស្សអាក្រក់បានដើរហើយឬអី ១៦ ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ ដែលទីពឹងគេ បានហូរទៅបាត់ដូចជាទឹកជ្រោះ ១៧ គេបានទូលដល់ព្រះថា ចូរថយចេញពីយើងទៅ ហើយថា តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់អាចនឹងប្រោសដល់យើងយ៉ាងណាបាន ១៨ ប៉ុន្តែ គឺទ្រង់ដែលបានបំពេញផ្ទះគេ ដោយអស់ទាំងរបស់ល្អផង តែសូមឲ្យគំនិតនៃមនុស្សអាក្រក់នៅឆ្ងាយពីខ្ញុំទៅ ១៩ ពួកមនុស្សសុចរិតក៏ឃើញ ហើយមានសេចក្តីអំណរ ពួកមនុស្សផូរផង់នឹងសើចឡកឲ្យគេថា ២០ ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ ឯសំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ។
២១ ដូច្នេះ ចូរអ្នកផ្គាប់ផ្គុនទ្រង់ ហើយមានសេចក្តីមេត្រីនឹងទ្រង់ចុះ នោះនឹងបានចំរើនប្រយោជន៍ដល់ខ្លួន ២២ ខ្ញុំសូមឲ្យអ្នកទទួលសេចក្តីបង្រៀនពីព្រះឱស្ឋទ្រង់ ហើយប្រមូលទុកអស់ទាំងព្រះបន្ទូលនៃទ្រង់នៅក្នុងចិត្តចុះ ២៣ បើអ្នកវិលត្រឡប់មកឯព្រះដ៏មានគ្រប់ព្រះចេស្តាវិញ នោះនឹងបានតាំងឡើងហើយ គឺបើអ្នកកំចាត់សេចក្តីទុច្ចរិតឲ្យឆ្ងាយចេញពីទីលំនៅរបស់អ្នកទៅ ២៤ ហើយបោះបង់ចោលទ្រព្យវិសេសរបស់អ្នកទៅក្នុងធូលីដី ព្រមទាំងមាសពីស្រុកអូភារទៅក្នុងថ្មនៅបាតជ្រោះទឹកផង ២៥ នោះព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់នឹងបានជាទ្រព្យវិសេស និងជាប្រាក់មានសាច់សុទ្ធដល់អ្នកហើយ ២៦ ដ្បិតយ៉ាងនោះអ្នកនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯទ្រង់ផង ២៧ អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក ២៨ កាលណាអ្នកសំរេចនឹងធ្វើការអ្វី នោះនឹងបានសំរេចដូចបំណង នឹងមានពន្លឺភ្លឺមកលើផ្លូវរបស់អ្នកដែរ ២៩ កាលណាគេបន្ទាបទៅ នោះអ្នកនឹងនឹកថា មានការលើកឡើងវិញ ឯមនុស្សសុភាពទ្រង់នឹងជួយសង្គ្រោះ ៣០ ទ្រង់នឹងជួយទាំងមនុស្សដែលមិនមែនឥតទោសឲ្យរួចផង អើ អ្នកនោះនឹងបានរួចដោយសារសេចក្តីបរិសុទ្ធរបស់ដៃអ្នក។