៣៤
ព្រះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ
១ អេលីហ៊ូវ​ក៏​ពោល​ឡើង​ទៀត​ថា ២ ឱ​មនុស្ស​ប្រាជ្ញ​រាល់​គ្នា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​ពួក​អ្នក​ដែល​មាន​យោបល់​អើយ សូម​ផ្ទៀង​ត្រចៀក​ចំពោះ​ខ្ញុំ​ចុះ ៣ ដ្បិត​ត្រចៀក​តែងតែ​ល្បង​ល​ពាក្យ​សំដី ដូច​ជា​មាត់​តែង​ភ្លក់​រសជាតិ​អាហារ​ដែរ ៤ សូម​ឲ្យ​យើង​រាល់​គ្នា​រើស​យក​សេចក្តី​ណា​ដែល​ត្រឹម​ត្រូវ សំរាប់​ពួក​យើង ហើយ​ឲ្យ​យើង​បាន​ស្គាល់​សេចក្តី​ដែល​ល្អ​នៅ​ក្នុង​ចំណោម​យើង ៥ ដ្បិត​លោក​យ៉ូប​បាន​ពោល​ថា លោក​សុចរិត ឯ​ព្រះ​ទ្រង់​បាន​ដក​យក​សេចក្តី​យុត្តិធម៌ ចេញ​ពី​លោក​ហើយ ៦ ទោះ​បើ​លោក​សុចរិត គង់​តែ​បាន​រាប់​ជា​អ្នក​កំភូត​វិញ របួស​របស់​លោក​មើល​មិន​ជា​ទេ ទោះ​បើ​លោក​ឥត​ទោស​ក៏​ដោយ ៧ តើ​មាន​អ្នក​ឯ​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្តី​ឡកឡឺយ​ដូច​ជា​ផឹក​ទឹក ៨ លោក​សេព​គប់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត ក៏​ដើរ​ជា​មួយ​នឹង​មនុស្ស​អាក្រក់ ៩ ដ្បិត​លោក​ពោល​ថា ដែល​មនុស្ស​បាន​ពេញ​ចិត្ត​នឹង​ព្រះ នោះ​គ្មាន​ប្រយោជន៍​សោះ។
១០ ដូច្នេះ ឱ​មនុស្ស​មាន​យោបល់​អើយ សូម​ស្តាប់​ខ្ញុំ​ចុះ កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា ទ្រង់​ប្រព្រឹត្ត​សេចក្តី​ទុច្ចរិត​នោះ​ឡើយ ១១ ដ្បិត​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ផ្លូវ​របស់​ខ្លួន ១២ អើ ពិត​ប្រាកដ​ជា​ព្រះ​ទ្រង់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​ទ្រង់​នឹង​មិន​បង្វែរ​សេចក្តី​យុត្តិធម៌​ដែរ ១៣ តើ​អ្នក​ណា​បាន​តម្រូវ​ឲ្យ​ទ្រង់​គ្រប់គ្រង​ផែនដី ឬ​ផ្ទុក​លោកីយ៍​ទាំង​មូល​ទៅ​លើ​ទ្រង់ ១៤ បើ​ទ្រង់​ផ្ចង់​ព្រះហឫទ័យ​ចំពោះ​តែ​ព្រះអង្គ​ទ្រង់ ហើយ​ប្រមូល​វិញ្ញាណ និង​ខ្យល់​ដង្ហើម​ទ្រង់ ត្រឡប់​ទៅ​វិញ ១៥ នោះ​គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់ ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។
១៦ ឥឡូវ​នេះ បើ​មាន​យោបល់​ពិត នោះ​សូម​ស្តាប់​សេចក្តី​នេះ​ទៀត សូម​ផ្ទៀង​ត្រចៀក​ចំពោះ​សំឡេង​នៃ​ពាក្យ​របស់​ខ្ញុំ​ចុះ ១៧ ឯ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​សុចរិត តើ​នឹង​គ្រប់គ្រង​បាន​ឬ តើ​អ្នក​ហ៊ាន​ថា ព្រះ​ដ៏​សុចរិត​ជា​ទី​បំផុត​ទ្រង់​មាន​ទោស​ឬ ១៨ ឯ​អ្នក​ណា​ដែល​ទូល​ដល់​ស្តេច​ថា ទ្រង់​ជា​មនុស្ស​ចោលម្សៀត ឬ​ចំពោះ​ពួក​ត្រកូល​ខ្ពស់​ថា លោក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ១៩ អ្នក​ណា​ដែល​មិន​កោតខ្លាច​ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ​ជា​ការ​នៃ​ព្រះហស្ត​ទ្រង់​ធ្វើ​ទាំង​អស់ ២០ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​១​រំពេច​ភ្លាម​នៅ​កណ្តាល​អធ្រាត្រ ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។
២១ រីឯ​ព្រះនេត្រ​ទ្រង់ បាន​ទត​មើល​គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស ក៏​ឃើញ​អស់​ទាំង​ដំណើរ​ដែល​គេ​ដើរ​ដែរ ២២ គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ ២៣ ដ្បិត​ព្រះ​មិន​ចាំ​បាច់​ពិចារណា​មើល​មនុស្ស​ជា​យូរ ឲ្យ​បាន​កោះ​នាំ​គេ​មក​ជំនុំ​ជំរះ​នៅ​ចំពោះ​ទ្រង់​នោះ​ទេ ២៤ ទ្រង់​សង្ហារ​មនុស្ស​សំខាន់ៗ​បែប​រក​យល់​មិន​បាន រួច​ទ្រង់​តាំង​ម្នាក់​ទៀត​ឡើង​ជំនួស​គេ ២៥ គឺ​ដោយ​ព្រោះ​ទ្រង់​ជ្រាប​អស់​ទាំង​អំពើ​របស់​គេ ទ្រង់​ក៏​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​ត្រឡប់ត្រឡិន ឲ្យ​គេ​វិនាស​ទៅ ២៦ ទ្រង់​ប្រហារ​គេ​ទុក​ដូច​ជា​មនុស្ស​អាក្រក់ នៅ​កណ្តាល​ជំនុំ ចំពោះ​មុខ​គេ ២៧ ដោយ​ព្រោះ​គេ​បាន​បែរ​ចេញ​មិន​តាម​ទ្រង់​ទៀត ហើយ​មិន​ព្រម​ប្រព្រឹត្ត​តាម​ផ្លូវ​ណា​មួយ​របស់​ទ្រង់​ឡើយ ២៨ ដល់​ម៉្លេះ​បាន​ជា​គេ​បណ្តាល​ឲ្យ​ដំងូរ​របស់​មនុស្ស​ក្រីក្រ បាន​ឮ​ទៅ​ដល់​ទ្រង់ ទ្រង់​ក៏​បាន​ឮ​សំរែក​របស់​មនុស្ស​ដែល​ត្រូវ​សង្កត់សង្កិន​ដែរ ២៩ កាល​ណា​ទ្រង់​ប្រោស​ឲ្យ​មាន​សេចក្តី​ស្រាកស្រាន្ត​ហើយ នោះ​តើ​អ្នក​ណា​នឹង​បណ្តាល​ឲ្យ​កំរើក​ឡើង​ទៀត​បាន កាល​ណា​ទ្រង់​លាក់​ព្រះភក្ត្រ នោះ​តើ​អ្នក​ណា​នឹង​មើល​ទ្រង់​ឃើញ ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី ៣០ ដើម្បី​កុំ​ឲ្យ​មាន​មនុស្ស​ទមិល​ល្មើស​បាន​គ្រប់គ្រង​ឡើង ប្រយោជន៍​កុំ​ឲ្យ​មាន​អ្នក​ណា​ដាក់​អន្ទាក់​ចាប់​ពួក​ជន​ឡើយ។
៣១ ដ្បិត​គួរ​ឲ្យ​ទូល​ដល់​ព្រះ​ថា ទូលបង្គំ​បាន​ទ្រាំ​រង​ទោស​ហើយ ទូលបង្គំ​លែង​ធ្វើ​ខុស​ទៀត ៣២ បទ​ណា​ដែល​ទូលបង្គំ​មិន​ដឹង នោះ​សូម​ទ្រង់​បង្រៀន​ដល់​ទូលបង្គំ​ផង បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នោះ​ទូលបង្គំ​នឹង​មិន​ធ្វើ​ទៀត​ទេ ៣៣ តើ​ទ្រង់​ត្រូវ​ប្រទាន​រង្វាន់​មក ឲ្យ​ត្រូវ​តាម​បំណង​ចិត្ត​លោក​ឬ បាន​ជា​លោក​មិន​ព្រម​ទទួល​ដូច្នេះ ឯ​ការ​ដែល​ទទួល ឬ​មិន​ទទួល នោះ​ស្រេច​នៅ​លោក មិន​មែន​ស្រេច​នឹង​ខ្ញុំ​ទេ ដូច្នេះ សេចក្តី​ដែល​លោក​ជ្រាប សូម​ពោល​មក​ចុះ ៣៤ ឯ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​និយាយ​មក​ខ្ញុំ អើ គ្រប់​ទាំង​មនុស្ស​មាន​ប្រាជ្ញា​ដែល​ស្តាប់​ខ្ញុំ គេ​នឹង​ថា ៣៥ លោក​យ៉ូប​ពោល​ពាក្យ​ឥត​បើ​គិត សេចក្តី​របស់​លោក​ឥត​ខ្លឹមសារ​ផង ៣៦ ខ្ញុំ​ចូល​ចិត្ត​ឲ្យ​លោក​យ៉ូប​ទ្រាំ​រង​សេចក្តី​ល្បង រហូត​ដល់​ចុង ដោយ​ព្រោះ​ចំឡើយ​របស់​លោក ប្រៀប​ដូច​ជា​ពាក្យ​ពោល​របស់​មនុស្ស​អាក្រក់ ៣៧ ដ្បិត​លោក​បន្ថែម​សេចក្តី​បះបោរ ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត លោក​ទះ​ដៃ​បង្អាប់ នៅ​កណ្តាល​ពួក​យើង ហើយ​ក៏​ចំរើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង។