៣៥
លោកអេលីហ៊ូវចោទលោកយ៉ូបថានិយាយមិនបានការ
១ មួយទៀត អេលីហ៊ូវនិយាយថា ២ សេចក្តីនេះលោកស្មានថា គួរគប្បីឬ ដែលលោកចង់ថា សេចក្តីសុចរិតរបស់លោក នោះលើសជាងសេចក្តីសុចរិតរបស់ព្រះ ៣ ដោយពាក្យថា តើមានប្រយោជន៍អ្វីដល់ខ្ញុំ ហើយបើខ្ញុំមិនបានធ្វើបាប នោះតើនឹងបានកំរៃជាជាងយ៉ាងណាទៅ ៤ ខ្ញុំនឹងតបឆ្លើយដល់លោក ហើយដល់ពួកម៉ាករបស់លោកនេះដែរ ៥ សូមពិចារណាមើលស្ថានសួគ៌ចុះ ហើយរំពឹងមើលផ្ទៃមេឃ ដែលខ្ពស់ជាងលោកជាយ៉ាងណា ៦ បើលោកបានធ្វើបាប នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់យ៉ាងណាខ្លះ បើអំពើរំលងរបស់លោកបានចំរើនកាន់តែច្រើនឡើង នោះតើលោកបានធ្វើឲ្យដាបដល់ទ្រង់ជាយ៉ាងណា ៧ ឬបើលោកសុចរិតវិញ នោះតើលោកបានបន្ថែមអ្វីដល់ទ្រង់ ឬទ្រង់ទទួលអ្វីពីដៃលោក ៨ អំពើអាក្រក់របស់លោកអាចនឹងធ្វើបង្ខូចដល់អ្នកដទៃបាន ជាមនុស្សដូចជាលោកដែរ ហើយសេចក្តីសុចរិតរបស់លោកនឹងមានប្រយោជន៍ដល់កូនរបស់មនុស្សដទៃបានដែរ។
៩ មានគេថ្ងូរ ដោយព្រោះសេចក្តីសង្កត់សង្កិនយ៉ាងសន្ធឹក ក៏មានគេស្រែករកមនុស្សជួយ ដោយព្រោះតែដៃរបស់មនុស្សមានអំណាចមែន ១០ តែឥតមានអ្នកណាថា ឯព្រះដ៏ជាព្រះអង្គបង្កើតខ្ញុំមក ដែលទ្រង់បណ្តាលឲ្យច្រៀងនៅវេលាយប់ ១១ ហើយបង្រៀនដល់យើង ជាជាងសត្វតិរច្ឆាននៅផែនដី ក៏ឲ្យមានប្រាជ្ញាលើសជាងសត្វហើរលើអាកាស តើទ្រង់នៅឯណា នោះទេ ១២ គេស្រែកនៅទីនេះ ឥតមានអ្នកណាឆ្លើយឡើយ ដោយព្រោះសេចក្តីឆ្មើងឆ្មៃរបស់មនុស្សអាក្រក់ ១៣ ពិតប្រាកដជាព្រះទ្រង់មិនព្រមស្តាប់សំរែកដែលស្រែកជាទទេៗដែរ ព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់មិនព្រមទាំងក្រឡេកមើលផង ១៤ ចំណង់បើលោក ដែលពោលថាលោកមើលទ្រង់មិនឃើញ នោះតើយ៉ាងណាទៅ ឯរឿងរ៉ាវនោះក៏នៅចំពោះទ្រង់ ហើយគឺលោកវិញដែលត្រូវរង់ចាំទ្រង់ទេតើ ១៥ ប៉ុន្តែ ឥឡូវនេះដែលយ៉ូបថា ទ្រង់មិនធ្វើទោសដោយសេចក្តីក្រោធទេ ក៏មិនសូវរវល់នឹងសេចក្តីឆ្មើងឆ្មៃដែរ ១៦ នោះខ្ញុំថាលោកបានបើកមាត់បញ្ចេញតែសេចក្តីឥតប្រយោជន៍ ហើយបានចំរើនពាក្យសំដីឥតបើគិតវិញ។