៣៦
លោកអេលីហ៊ូវពន្យល់ពីរបៀបដែលព្រះប្រៀនប្រដៅមនុស្សលោក
១ អេលីហ៊ូវក៏ពោលតទៅថា ២ សូមទ្រាំចាំខ្ញុំបន្តិចសិន ខ្ញុំនឹងបង្ហាញលោក ដ្បិតខ្ញុំនៅមានសេចក្តីខ្លះនឹងពោលដំកើងពីព្រះ ៣ ខ្ញុំនឹងនាំយកសេចក្តីចេះដឹងរបស់ខ្ញុំមកពីចំងាយ ហើយនឹងសំដែងច្បាស់ថា ព្រះដែលបង្កើតខ្ញុំទ្រង់សុចរិត ៤ ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ គឺមានព្រះដ៏មានដំរិះសព្វគ្រប់ ទ្រង់គង់នៅជាមួយនឹងខ្ញុំវិញ ៥ មើល ព្រះទ្រង់មានព្រះចេស្តា តែទ្រង់មិនមើលងាយដល់អ្នកណាឡើយ ទ្រង់មានឥទ្ធិឫទ្ធិដោយកំឡាំងនៃព្រះដំរិះ ៦ ទ្រង់មិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែទ្រង់ប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ ៧ ទ្រង់មិនដកព្រះនេត្រចេញពីមនុស្សសុចរិតឡើយ គឺទ្រង់តាំងឲ្យគេអង្គុយលើបល្ល័ង្ក ជាមួយនឹងពួកស្តេច ឲ្យនៅអស់កល្បជានិច្ចវិញ ហើយគេបានថ្កើងឡើង ៨ បើកាលណាគេត្រូវជាប់ច្រវាក់ ឬជាប់ចំណងនៃសេចក្តីវេទនា ៩ នោះទ្រង់ក៏បង្ហាញឲ្យគេឃើញអំពើរបស់គេ ព្រមទាំងសេចក្តីរំលងរបស់គេ ដែលគេប្រព្រឹត្តដោយហួសល្បត់ ១០ ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្តីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្តីទុច្ចរិតវិលមកវិញ ១១ បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ទ្រង់ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្តីរុងរឿង ហើយអស់ទាំងឆ្នាំគេ ដោយសេចក្តីអំណរ ១២ ប៉ុន្តែ បើគេមិនស្តាប់វិញ នោះគេនឹងត្រូវវិនាសទៅដោយដាវ ហើយនឹងស្លាប់ទៅដោយខ្វះប្រាជ្ញា ១៣ ឯពួកអ្នកដែលមានចិត្តទមិលល្មើស គេប្រមូលទុកសេចក្តីខ្ញាល់ ហើយកាលណាទ្រង់ចងគេ នោះគេមិនអំពាវនាវទេ ១៤ ព្រលឹងគេស្លាប់ទៅក្នុងវ័យនៅក្មេងនៅឡើយ ហើយជីវិតគេក៏នៅរួមនឹងពួកស្មោកគ្រោក ១៥ ទ្រង់ជួយអ្នកដែលមានសេចក្តីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្តីសង្កត់សង្កិន ១៦ អើ ទ្រង់សព្វព្រះហឫទ័យចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្តីត្បៀតត្បុលឡើយ យ៉ាងនោះ អាហារដែលបានដាក់លើតុលោក នឹងបានជារបស់មានរសដ៏ប្រសើរ។
១៧ ប៉ុន្តែ លោកបានសំរេចពេញទី តាមសេចក្តីជំនុំជំរះរបស់មនុស្សអាក្រក់ ដូច្នេះ សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតបានចាប់លោកហើយ ១៨ កុំបីលោកទុកឲ្យសេចក្តីក្រោធបណ្តាលឲ្យទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ ១៩ តើសំរែករបស់លោក ឬឫទ្ធិនៃកំឡាំងលោកនឹងបានល្មម អាចនឹងជួយឲ្យលោករួចពីសេចក្តីទុក្ខនេះបានឬទេ ២០ កុំឲ្យសង្វាតចង់បានពេលយប់ ជាពេលដែលពួកជនត្រូវដកចេញពីកន្លែងគេនោះឡើយ ២១ ត្រូវឲ្យប្រយ័ត្ន និងចៀសចេញពីសេចក្តីទុច្ចរិត ដ្បិតលោកបានរើសសេចក្តីនោះជំនួសការរងទុក្ខវិញ។
២២ មើល ព្រះទ្រង់ធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ទ្រង់ តើមានគ្រូឯណាដែលប្រៀបផ្ទឹមនឹងទ្រង់បាន ២៣ តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលទ្រង់ត្រូវដើរ ឬអ្នកណាហ៊ានថា ទ្រង់បានប្រព្រឹត្តការទុច្ចរិត ២៤ ត្រូវឲ្យលោកនឹកចាំ និងលើកដំកើងការទ្រង់វិញ គឺជាការដែលមនុស្សលោកបានច្រៀងសរសើរដែរ ២៥ មនុស្សផងទាំងឡាយរំពឹងមើលការនោះ តែគេមើលពីចំងាយទេ ២៦ មើល ព្រះទ្រង់ធំណាស់ យើងរាល់គ្នាមិនស្គាល់ទ្រង់ទេ ចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបាន ២៧ គឺទ្រង់ដែលជក់ទឹកទៅលើ ឲ្យប្រែជាចំហាយ រួចទំលាក់ជាភ្លៀងវិញ ២៨ ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក ២៩ អើ តើមានអ្នកណាយល់ពីការរាចពពក ឬពីសៀងផ្គរនៅឯពន្លារបស់ទ្រង់បាន ៣០ មើលទ្រង់បំព្រាចពន្លឺរស្មីព័ទ្ធជុំវិញទ្រង់ ហើយក៏គ្របបាំងទាំងបាតសមុទ្រផង ៣១ ដ្បិតគឺដោយសារការទាំងនោះ ដែលទ្រង់ពិចារណាមើលអស់ទាំងសាសន៍ ទ្រង់ប្រោសប្រទានអាហារឲ្យជាបរិបូរ ៣២ ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ ៣៣ សូរគ្រាំគ្រេងនោះសំដែងពីទ្រង់ ដូចជាក៏ឲ្យពពួកសត្វដឹងពេលដែលត្រូវភ្លៀងផ្គរនោះដែរ។