៣៧
១ អើ ដំណើរនេះធ្វើឲ្យចិត្តខ្ញុំញ័រ ក៏ឲ្យកំរើកឃ្លាតពីកន្លែងទៅ ២ ចូរស្តាប់ ឱសូមស្តាប់សូរគឹកកងនៃសំឡេងទ្រង់ផង គឺជាសូររំពងពីព្រះឱស្ឋទ្រង់ ៣ ទ្រង់តែងកំចាយឲ្យឮពេញក្រោមផ្ទៃមេឃ ទ្រង់ឲ្យឃើញផ្លេកបន្ទោររបស់ទ្រង់ទៅដល់ចុងផែនដីបំផុត ៤ រួចមកមានឮសូរគំរាមគ្រាំគ្រេង ទ្រង់បញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពទ្រង់ រួចទ្រង់មិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងទ្រង់បានឮនោះទេ ៥ ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នារកយល់មិនបាន ៦ ដ្បិតទ្រង់បង្គាប់ដល់ហិមៈថា ចូរធ្លាក់ទៅលើផែនដី ក៏បង្គាប់ដល់ភ្លៀង១មេ និងភ្លៀងធំរបស់ទ្រង់យ៉ាងដូច្នោះដែរ ៧ នោះទ្រង់បំបិទដៃនៃមនុស្សទាំងឡាយ ដើម្បីឲ្យមនុស្សទាំងប៉ុន្មានដែលទ្រង់បានបង្កើតបានដឹង ៨ គ្រានោះ សត្វព្រៃរកទីជ្រក ហើយក៏នៅតែក្នុងរូងរបស់វា ៩ ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង ហើយរងាក៏មកពីខាងជើង ១០ ព្រះទ្រង់ប្រទានឲ្យមានទឹកកក ដោយសារខ្យល់ដង្ហើមទ្រង់ ឯទីទឹកទាំងប៉ុន្មានក៏កករួញទៅដែរ ១១ ទ្រង់ផ្ទុកពពកយ៉ាងក្រាស់ ដោយចំហាយទឹក ហើយទ្រង់ផ្សាយពពកនៃផ្លេកបន្ទោរទ្រង់ឲ្យសុសសាយ ១២ ពពកនោះក៏អណ្តែតត្រសែតទៅតាមព្រះហឫទ័យទ្រង់ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលទ្រង់បង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ ១៣ ទ្រង់ធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសំរាប់ស្រោចដីគេ ដោយសេចក្តីសប្បុរសរបស់ទ្រង់។
១៤ ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន ១៥ តើលោកជ្រាបពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះ ជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ ១៦ តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ឬទេ ១៧ តើលោកជ្រាបឬ ពីហេតុអ្វីដែលសំលៀកបំពាក់លោកក្តៅពេក ក្នុងកាលដែលផែនដីស្ងប់ដោយខ្យល់បក់មកពីខាងត្បូង ១៨ តើលោកអាចនឹងជួយទ្រង់ក្នុងការផែផ្ទៃមេឃដែលរឹងជាងផែនកញ្ចក់សិតបានឬទេ ១៩ សូមបង្ហាញសេចក្តីដែលយើងរាល់គ្នាត្រូវទូលដល់ទ្រង់ ដ្បិតនៅក្នុងសេចក្តីងងឹតដែលគ្របលើយើង នោះយើងមិនចេះរៀបចំពាក្យសំដីទេ ២០ តើត្រូវឲ្យមានអ្នកណាទូលទ្រង់ពីខ្ញុំកំពុងតែទូលឬអី បើអ្នកណាទូល នោះនឹងត្រូវលេបបាត់ជាពិតប្រាកដ។
២១ រីឯមនុស្ស គេមើលថ្ងៃដែលភ្លឺនៅលើមេឃមិនឃើញទេ ទាល់តែមានខ្យល់បក់មកផាត់ពពកឲ្យស្រឡះទៅ ២២ ពីទិសខាងជើងមានចេញជារស្មីដ៏រុងរឿង តែព្រះទ្រង់មានឫទ្ធានុភាពគួរស្ញែងខ្លាច ២៣ ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកទ្រង់ឃើញទេ ទ្រង់មានតេជានុភាពដ៏ខ្ពស់បំផុត តែដោយទ្រង់មានសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតពោរពេញ បានជាទ្រង់នឹងមិនធ្វើទុក្ខទេ ២៤ ហេតុនោះបានជាមនុស្សតែងតែកោតខ្លាច នៅចំពោះទ្រង់ តែទ្រង់មិនយោគយល់អ្នកណា ដោយគេមានចិត្តប្រាជ្ញព្រោកទេ។