អន្តរាគមន៍របស់ព្រះជាម្ចាស់
៣៨
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូប
១ ខណៈនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីក្នុងខ្យល់កួចតបនឹងយ៉ូបថា ២ តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយសារពាក្យសំដីឥតប្រាជ្ញាដូច្នេះ ៣ ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ អញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ ៤ តើឯងនៅឯណាក្នុងកាលដែលអញចាប់តាំងបង្កផែនដីឡើង ចូរប្រាប់មក បើឯងមានយោបល់ ៥ បើឯងដឹង តើអ្នកណាបានកំណត់ទំហំផែនដី តើអ្នកណាបានសន្ធឹងខ្សែទៅវាស់ ៦ តើឫសផែនដីបានជាប់នៅលើអ្វី តើអ្នកណាបានបញ្ចុះថ្មជ្រុងនោះ ៧ ក្នុងកាលដែលផ្កាយព្រឹកបានច្រៀងជាមួយគ្នា ហើយអស់ទាំងកូនព្រះបានស្រែកអរសាទរ។
៨ តើអ្នកណាបានបិទទ្វារទប់សមុទ្រទុក ក្នុងកាលដែលធ្លាយចេញមក បែបដូចជាសំរាលចេញពីផ្ទៃម្តាយ ៩ គឺក្នុងកាលដែលអញបានហ៊ុមដោយពពក ទុកដូចជាអាវ ហើយរុំព័ទ្ធនឹងសេចក្តីងងឹតជាយ៉ាងក្រាស់ ទុកជាកន្សែង ១០ ព្រមទាំងដាក់គោលចារឹកឲ្យ ហើយក៏ដាក់រនុក និងទ្វារផង ១១ ដោយពាក្យថា ឯងនឹងមកបានតែត្រឹមនេះ នឹងហួសទៅទៀតមិនបាន រលកដ៏អង់អាចរបស់ឯងត្រូវឈប់នៅទីនេះ។
១២ តាំងពីឯងកើតមក តើឯងដែលបង្គាប់ដល់ពេលព្រឹក ឬឲ្យបច្ចូសកាលដឹងកំណត់ ១៣ ដើម្បីឲ្យបានចាប់ចុងផែនដីបំផុត ឲ្យមនុស្សអាក្រក់ត្រូវរលាស់ចេញទៅឬទេ ១៤ ពន្លឺនោះក៏ប្រែទៅបែបដូចជាដីឥដ្ឋនៅក្រោមត្រា ហើយផែនដីមានភាពដូចជាពាក់អាវ ១៥ ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។
១៦ តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជំរៅនៃបាតសមុទ្រឬទេ ១៧ ឯទ្វារនៃសេចក្តីស្លាប់ តើបានសំដែងមកឲ្យឯងឃើញ ឬឯងបានឃើញទ្វារនៃម្លប់សេចក្តីស្លាប់ហើយឬនៅ ១៨ តើឯងបានពិចារណាឃើញទទឹងបណ្តោយនៃផែនដីឬ ចូរប្រាប់មកចុះ បើឯងដឹងសេចក្តីទាំងអស់នេះហើយ។
១៩ តើផ្លូវឯណាដែលនាំទៅដល់សំណាក់នៃពន្លឺ ឯសេចក្តីងងឹត តើមានកន្លែងនៅឯណា ២០ ដើម្បីឲ្យឯងបាននាំទៅដល់ព្រំដែន ហើយឲ្យឯងបានស្គាល់ផ្លូវទៅឯទីលំនៅនៃសេចក្តីនោះ ២១ ប្រាកដជាឯងដឹងមែន ដ្បិតនៅគ្រានោះ ឯងបានកើតមកហើយ ឯអាយុឯង ក៏វែងយូរណាស់ផង ២២ តើឯងបានចូលទៅក្នុងឃ្លាំងនៃហិមៈហើយឬ តើបានឃើញឃ្លាំងនៃព្រិល ២៣ ដែលអញបានបំរុងទុកសំរាប់គ្រាអន្តរាយឬ គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចំបាំង ២៤ តើពន្លឺបានចែកទៅ ឬខ្យល់ពីខាងកើតបានផ្សាយទៅលើផែនដីតាមផ្លូវណា។
២៥ តើអ្នកណាបានជីកផ្លូវឲ្យទឹកធំហូរមក ឬផ្លូវឲ្យផ្លេកបន្ទោរនៃផ្គរ ២៦ ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុកដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនោះឡើយ ២៧ ប្រយោជន៍តែនឹងចំអែតដីចោលទទេ ហើយហួតហែង និងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ ២៨ តើភ្លៀងមានឪពុកឬ តើអ្នកណាបានបង្កើតដំណក់សន្សើម ២៩ តើទឹកកកបានចេញពីផ្ទៃអ្នកណា តើអ្នកណាបានបង្កើតសន្សើមកកដែលមកពីលើមេឃ ៣០ ឯទឹកក៏ក្លាយទៅដូចជាថ្ម ហើយខាងលើទីជំរៅ នោះទឹកបានកកហើយ។
៣១ តើឯងអាចនឹងចងទុកនូវកញ្ចុំនៃផ្កាយកូនមាន់ ឬស្រាយចំណងនៃផ្កាយនាយព្រានបានឬ ៣២ តើឯងអាចនឹងនាំរាសីច័ក្រទាំងប៉ុន្មានចេញតាមរដូវបាន ឬ និងដំរង់ផ្កាយក្រពើ ព្រមទាំងកូនផងបានឬ ៣៣ តើឯងស្គាល់របៀបនៅលើផ្ទៃមេឃហើយឬ តើឯងនឹងបង្គាប់អំណាចនៃរបស់ទាំងនោះលើផែនដីបានដែរឬ។
៣៤ តើឯងនឹងបន្លឺសំឡេងឡើង បង្គាប់ដល់ពពក ឲ្យបានទឹកជាបរិបូរធ្លាក់មកលើឯងបានឬ ៣៥ តើអាចនឹងបញ្ចេញផ្លេកបន្ទោរ ឲ្យបានចេញទៅ ដោយឆ្លើយមកឯងថា «បាទ» បានឬទេ ៣៦ តើអ្នកណាបានដាក់ប្រាជ្ញានៅក្នុងចិត្ត ឬឲ្យមានយោបល់នៅក្នុងវិញ្ញាណ ៣៧ តើអ្នកណានឹងរាប់ពពកដោយប្រាជ្ញាបាន ឬ និងផ្អៀងដបនៃផ្ទៃមេឃឲ្យទឹកចេញមក ៣៨ ដើម្បីឲ្យធូលីបានហូរប្រសព្វគ្នា ហើយឲ្យដុំដីបានរលាយជាប់គ្នាវិញ។
៣៩ តើឯងនឹងរករំពាឲ្យសិង្ហញី ឬចំអែតដល់កូនសិង្ហដែលឃ្លាន ៤០ ក្នុងកាលដែលដេកនៅក្នុងរូងរបស់វា ឬម៉បចាំសង្គ្រុបនៅទីកំបាំងបានឬទេ ៤១ តើអ្នកណាផ្គត់ផ្គង់អាហារឲ្យក្អែក ក្នុងកាលដែលកូនវាស្រែកសូមដល់ព្រះ ហើយហើរចុះឡើង ដោយព្រោះខ្វះអាហារ។