២
លោកយ៉ូណាសនៅក្នុងពោះត្រី
១ ឯព្រះយេហូវ៉ា ទ្រង់បំរុងឲ្យមានត្រី១យ៉ាងធំសំរាប់នឹងលេបយ៉ូណាសទៅ ហើយយ៉ូណាសបាននៅក្នុងពោះត្រីនោះ គ្រប់៣ថ្ងៃ៣យប់។ ២ ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ពីក្នុងពោះត្រី ៣ លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទ្រង់បានឮសំឡេងរបស់ទូលបង្គំ ៤ ដ្បិតទ្រង់បានបោះទូលបង្គំទៅក្នុងទីជំរៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយរលកទាំងប៉ុន្មាន និងអស់ទាំងខ្សែទឹករបស់ទ្រង់បានហូរពីលើទូលបង្គំ ៥ នោះទូលបង្គំបានពោលថា ទូលបង្គំត្រូវបោះចោលចេញពីចំពោះព្រះនេត្រទ្រង់ហើយ ប៉ុន្តែទូលបង្គំនឹងមើលទៅឯព្រះវិហារបរិសុទ្ធនៃទ្រង់ទៀត ៦ ទឹកបានឡោមព័ទ្ធទូលបង្គំ សឹងតែនឹងផុតជីវិតផង ទីជំរៅបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ ៧ ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើទូលបង្គំ ទុកជាដរាបតទៅ ប៉ុន្តែឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់បាននាំទូលបង្គំឡើងចេញពីរណ្តៅមកទាំងរស់ ៨ កាលព្រលឹងនៅក្នុងខ្លួន ទូលបង្គំបានសន្លប់ទៅ នោះទូលបង្គំបាននឹកដល់ព្រះយេហូវ៉ា ហើយសេចក្តីអធិស្ឋានរបស់ទូលបង្គំបានចូលទៅក្នុងព្រះវិហារបរិសុទ្ធ នៅចំពោះទ្រង់ ៩ ពួកអ្នកដែលមើលទៅឯរបស់ឥតប្រយោជន៍ ដែលមិនទៀងទាត់ គេរមែងលះបង់ចោលសេចក្តីអាណិតអាសូររបស់ខ្លួនចេញ ១០ តែទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ទ្រង់ ដោយសំឡេងនៃពាក្យអរដល់ព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្តីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ។
១១ លំដាប់នោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ត្រីនោះ វាក៏ក្អែយ៉ូណាសចេញនៅលើដីគោក។