៣
ព្រះជាម្ចាស់លើកលែងទោសឲ្យអ្នកក្រុងនីនីវេ
១ ចំណេរមក ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់យ៉ូណាសម្តងទៀតថា ២ ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប៉ាវប្រកាសដល់គេ តាមសេចក្តីដែលអញនឹងបង្គាប់ ៣ ដូច្នេះ យ៉ូណាសក៏ក្រោកឡើងទៅឯក្រុងនីនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំក្រៃលែងដែលដើរអស់ចំនួន៣ថ្ងៃ ទើបបានសព្វ ៤ កាលយ៉ូណាសបានចាប់តាំងដើរចូលក្នុងទីក្រុងនោះ ចំងាយដើរអស់១ថ្ងៃហើយ នោះលោកប៉ាវប្រកាសថា នៅតែ៤០ថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ។
៥ ពួកបណ្តាជននៅក្រុងនីនីវេ គេក៏ជឿព្រះអង្គ។ ដូច្នេះគេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ ៦ ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក្រោកចាកពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយគ្រលុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ ៧ ទ្រង់ក៏ឲ្យគេប្រកាសប្រាប់នៅពេញក្នុងក្រុងនីនីវេ ជាបង្គាប់របស់ស្តេច និងពួករដ្ឋមន្ត្រីថា មិនត្រូវឲ្យពួកមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ៨ ត្រូវឲ្យទាំងអស់គ្រលុំខ្លួនដោយសំពត់ធ្មៃ គឺទាំងមនុស្ស និងសត្វផង ហើយត្រូវគ្រប់គ្នាអំពាវនាវយ៉ាងខ្លាំង ដល់ព្រះ អើ ត្រូវឲ្យគេលាកចេញពីផ្លូវអាក្រក់របស់គេរៀងខ្លួន ហើយពីការច្រឡោតដែលនៅដៃខ្លួនផង ៩ ប្រហែលជាព្រះ ទ្រង់នឹងប្រែព្រះហឫទ័យ ហើយផ្លាស់គំនិត ព្រមលាកចេញពីសេចក្តីក្រោធដ៏សហ័សរបស់ទ្រង់ ដើម្បីមិនឲ្យយើងត្រូវវិនាសទៅទេដឹង ១០ ព្រះទ្រង់ទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលទ្រង់បានគំរាមថា នឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ។