ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះជាម្ចាស់
១ តែ​ការ​នោះ​ជា​ទី​ទំនាស់​ចិត្ត​ដល់​យ៉ូណាស​យ៉ាង​ក្រៃលែង ហើយ​លោក​ក៏​ខឹង ២ រួច​លោក​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ថា ឱ​ព្រះយេហូវ៉ា​អើយ តើ​មិន​មែន​ជា​សេចក្តី​នេះ​ឯង​ដែល​ទូលបង្គំ​បាន​ថា ក្នុង​កាល​ដែល​ទូលបង្គំ​នៅ​ឯ​ស្រុក​របស់​ទូលបង្គំ​នៅ​ឡើយ​ទេ​ឬ​អី គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូលបង្គំ​ខំ​រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ពី​ព្រោះ​ទូលបង្គំ​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា​គុណ ក៏​មាន​ព្រះហឫទ័យ​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ក៏​តែងតែ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់​ផង ៣ ដូច្នេះ ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ដក​ជីវិត​ទូលបង្គំ​ចេញ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​វិញ ៤ តែ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​តប​នឹង​លោក​ថា ការ​ដែល​ឯង​ខឹង​ដូច្នេះ​តើ​គួរ​ឬ ៥ ខណៈ​នោះ យ៉ូណាស​ក៏​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង នៅ​ទី​នោះ​លោក​ធ្វើ​បង្ហា​១ ហើយ​អង្គុយ​ជ្រក​នៅ​ក្រោម​ម្លប់​នោះ ដើម្បី​ចាំ​មើល​ការ​អ្វី ដែល​នឹង​កើត​ដល់​ទី​ក្រុង។
៦ ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា ទ្រង់​ក៏​បំរុង​ឲ្យ​មាន​ដើម​វល្លិ​ដុះ​ឡើង​គ្រប​បាំង​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល​ប្រយោជន៍​ឲ្យ​លោក​បាន​រួច​ពី​សេចក្តី​តប់ប្រមល់​ទៅ ដូច្នេះ​យ៉ូណាស​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ដោយ​ព្រោះ​ដើម​វល្លិ​នោះ ៧ ប៉ុន្តែ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ក្រោយ ព្រះ​ទ្រង់​បំរុង​ឲ្យ​មាន​ដង្កូវ​១​មក​ស៊ី​ដើម​វល្លិ ឲ្យ​ស្វិត​ក្រៀម​វិញ ៨ លុះ​ថ្ងៃ​បាន​រះ​ឡើង​ហើយ ព្រះ​ទ្រង់​បំរុង​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ ៩ នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​យ៉ូណាស​ថា ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ លោក​តប​ថា ការ​ដែល​ទូលបង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ ១០ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ឯង​បាន​អាល័យ​ចំពោះ​ដើម​វល្លិ ដែល​ឯង​មិន​បាន​ដាំ ឬ​ធ្វើ​ឲ្យ​ដុះ​ឡើង​ទេ ជា​ដើម​ដែល​ដុះ​ឡើង​ក្នុង​១​យប់ ហើយ​បាន​វិនាស​ទៅ ក្នុង​១​យប់​ដូច​គ្នា​នោះ ១១ ដូច្នេះ តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​១​សែន​២​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ​អី។:៚