កូន​ចៅ​អ៊ីស្រាអែល​វាយ​យក​ក្រុង​យេរីខូរ
១ រីឯ​ទី​ក្រុង​យេរីខូរ គេ​បាន​បិទ​ទ្វារ​ជាប់​ទាំង​ប្រយ័ត្ន ដោយ​ខ្លាច​ពួក​កូន​ចៅ​អ៊ីស្រាអែល ឥត​មាន​អ្នក​ណា​ចេញ​ចូល​សោះ​ឡើយ ២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​យ៉ូស្វេ​ថា មើល អញ​បាន​ប្រគល់​ក្រុង​យេរីខូរ ព្រម​ទាំង​ស្តេច​គេ និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ៣ ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា ជា​ពួក​ថ្នឹក​ច្បាំង ដើរ​ជុំវិញ​ទី​ក្រុង​អស់​៦​ថ្ងៃ ក្នុង​១​ថ្ងៃ​១​ជុំ ៤ ត្រូវ​ឲ្យ​មាន​សង្ឃ​៧​រូប កាន់​ត្រែ​ស្នែង​ចៀម​ដើរ​នាំ​មុខ​ហិប រួច​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ឲ្យ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ជុំ​ថែម​ទៀត ហើយ​ពួក​សង្ឃ​ត្រូវ​ផ្លុំ​ត្រែ​ឡើង ៥ កាល​ណា​គេ​ផ្លុំ​ស្នែង​ចៀម មាន​សំឡេង​យ៉ាង​វែង ឮ​ដល់​ឯង​រាល់​គ្នា នោះ​ទាំង​អស់​គ្នា​ត្រូវ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ដូច្នេះ កំផែង​ទី​ក្រុង​នឹង​រលំ​ដួល​ទៅ រួច​ត្រូវ​ឲ្យ​បណ្តាជន​ទាំង​អស់​ឡើង​ចំ​ទៅ​មុខ​រៀង​ខ្លួន ៦ យ៉ូស្វេ​ជា​កូន​នុន​ក៏​ហៅ​ពួក​សង្ឃ​មក​ប្រាប់​ថា ចូរ​យក​ហិប​នៃ​សេចក្តី​សញ្ញា ហើយ​ឲ្យ​មាន​សង្ឃ​៧​រូប​កាន់​ត្រែ​ស្នែង​ចៀម ដើរ​នាំ​មុខ​ហិប​នៃ​ព្រះយេហូវ៉ា​ទៅ ៧ លោក​ក៏​បង្គាប់​ដល់​ពួក​បណ្តាជន​ថា ចូរ​នាំ​គ្នា​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​ទៅ ឯ​អស់​ពួក​អ្នក​ដែល​មាន​គ្រឿង​សស្ត្រាវុធ នោះ​ត្រូវ​ដើរ​នាំ​មុខ​ហិប​នៃ​ព្រះយេហូវ៉ា។
៨ លុះ​កាល​យ៉ូស្វេ​បាន​ប្រាប់​ដល់​ពួក​ជន​រួច​អស់​ហើយ នោះ​សង្ឃ​ទាំង​៧ ដែល​កាន់​ត្រែ​ស្នែង​ចៀម​ទាំង​៧ នៅ​ចំពោះ​ព្រះយេហូវ៉ា ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​បណ្តើរ រួច​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា​ក៏​តាម​គេ​ទៅ ៩ ឯ​ពួក​ដែល​កាន់​គ្រឿង​សស្ត្រាវុធ គេ​ដើរ​ខាង​មុខ​ពួក​សង្ឃ​ដែល​ផ្លុំ​ត្រែ ក៏​មាន​ពួក​អ្នក​ដើរ​ខាង​ក្រោយ​ហិប​ដែរ ពួក​សង្ឃ​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ ១០ ឯ​យ៉ូស្វេ​ក៏​បង្គាប់​បណ្តាជន​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្រែក​ឡើង ឬ​ឲ្យ​មាន​ឮ​តែ​សំឡេង​ឡើយ ក៏​មិន​ត្រូវ​មាន​ពាក្យ​ណា​មួយ​ចេញ​ពី​មាត់​ឯង​ដែរ ដរាប​ដល់​ថ្ងៃ ដែល​អញ​ប្រាប់​ឲ្យ​ស្រែក​ឡើង នោះ​ទើប​ត្រូវ​ឲ្យ​ឯង​ស្រែក​ចុះ ១១ ដូច្នេះ​ហិប​នៃ​ព្រះយេហូវ៉ា ក៏​បាន​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​អស់​១​ជុំ រួច​គេ​ត្រឡប់​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ ហើយ​ឈប់​នៅ​ទី​នោះ។
១២ ឯ​យ៉ូស្វេ​លោក​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​ក៏​នាំ​គ្នា​សែង​ហិប​នៃ​ព្រះយេហូវ៉ា ១៣ មាន​ទាំង​ពួក​សង្ឃ​៧​រូប​នោះ កាន់​ត្រែ​ស្នែង​ចៀម​៧ ដើរ​នាំ​មុខ​ហិប​នៃ​ព្រះយេហូវ៉ា ទាំង​ផ្លុំ​ត្រែ​បណ្តើរ​ផង ឯ​ពួក​កាន់​គ្រឿង​សស្ត្រាវុធ គេ​ក៏​ដើរ​ពី​ខាង​មុខ ហើយ​មាន​ពួក​អ្នក​ខាង​ក្រោយ ដើរ​តាម​ហិប​នៃ​ព្រះយេហូវ៉ា​ដែរ ពួក​សង្ឃ​ក៏​ដើរ​ទៅ​ទាំង​ផ្លុំ​ត្រែ​បណ្តើរ ១៤ ថ្ងៃ​ទី​២​នោះ គេ​ដើរ​ជុំវិញ​ទី​ក្រុង​១​ជុំ រួច​ក៏​ត្រឡប់​មក​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ គេ​ធ្វើ​យ៉ាង​ដូច្នេះ​អស់​៦​ថ្ងៃ។
១៥ លុះ​ដល់​ថ្ងៃ​ទី​៧ គេ​ក្រោក​ឡើង​ពី​ព្រលឹម កាល​ទើប​នឹង​ភ្លឺ​ស្រាង នោះ​ក៏​ដើរ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង​បែប​ដដែល​អស់​៧​ជុំ ថ្ងៃ​នោះ​ខុស​ពី​ថ្ងៃ​មុន​តែ​ប៉ុណ្ណេះ គឺ​គេ​ដើរ​ព័ទ្ធ​ទី​ក្រុង​អស់​៧​ដង​វិញ ១៦ លុះ​បាន​គ្រប់​៧​ជុំ​ហើយ កាល​ពួក​សង្ឃ​បាន​ផ្លុំ​ត្រែ នោះ​យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​ជន​ថា ចូរ​ស្រែក​ឡើង ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រគល់​ទី​ក្រុង​ទី​នេះ​មក​ឯង​រាល់​គ្នា​ហើយ ១៧ ឯ​ទី​ក្រុង​នេះ ជា​ទី​ក្រុង​សំរាប់​តែ​បំផ្លាញ​អស់​រលីង​ថ្វាយ​ព្រះយេហូវ៉ា ហើយ​នឹង​គ្រប់​ទាំង​អស់ ដែល​នៅ​ក្នុង​ក្រុង​នេះ​ផង រស់​នៅ​បាន​តែ​នាង​រ៉ាហាប​ជា​ស្រី​សំផឹង​១ និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង​ប៉ុណ្ណោះ ពី​ព្រោះ​នាង​បាន​នាំ​អ្នក​២​នាក់ ដែល​យើង​បាន​ចាត់​មក ទៅ​លាក់​បំពួន​ទុក ១៨ ឯ​ឯង​រាល់​គ្នា ត្រូវ​ប្រយ័ត្ន​តែ​នឹង​របស់​ដែល​សំរាប់​បំផ្លាញ ក្រែង​កាល​ណា​ឯង​ញែក​របស់​ណា ទុក​សំរាប់​នឹង​បំផ្លាញ នោះ​បែរ​ទៅ​ជា​យក​របស់​ណា​មួយ​នោះ​ចេញ​វិញ ហើយ​ដូច្នេះ​នឹង​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រូវ​បំផ្លាញ​ទាំង​អស់​គ្នា​ដែរ ព្រម​ទាំង​មាន​សេចក្តី​វឹកវរ​ផង ១៩ ប៉ុន្តែ ឯ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ប្រដាប់ប្រដា​ធ្វើ​ពី​លង្ហិន និង​ដែក នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ត្រូវ​នាំ​យក​ទាំង​អស់ ចូល​មក​ក្នុង​ឃ្លាំង​នៃ​ព្រះយេហូវ៉ា​វិញ ២០ ដូច្នេះ​ពួក​បណ្តាជន​ក៏​ស្រែក​ហ៊ោ ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង គឺ​កាល​ពួក​បណ្តាជន​បាន​ឮ​សូរ​ត្រែ នោះ​គេ​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ស្រាប់​តែ​កំផែង​ក៏​រលំ​ដួល​ទៅ ដើម្បី​ឲ្យ​ពួក​បណ្តាជន​បាន​ឡើង​ទៅ​ក្នុង​ទី​ក្រុង​ចំ​មុខ​គេ​រៀង​ខ្លួន ហើយ​គេ​ក៏​ចាប់​យក​ទី​ក្រុង​នោះ​ទៅ ២១ គេ​បាន​បំផ្លាញ​គ្រប់​ទាំង​អស់ ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង គឺ​ទាំង​ប្រុស​ហើយ​នឹង​ស្រី ទាំង​ក្មេង​ហើយ​នឹង​ចាស់​ផង ព្រម​ទាំង​គោ និង​ចៀម ហើយ​នឹង​លា ទាំង​អំបាលម៉ាន ដោយ​មុខ​ដាវ។
យ៉ូស្វេ​ទុក​ជីវិត​នាង​រ៉ាហាប
២២ យ៉ូស្វេ​ក៏​ប្រាប់​ដល់​មនុស្ស​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា ចូរ​ឲ្យ​ឯង​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​សំផឹង​នោះ ហើយ​នាំ​នាង និង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក​ក្រៅ ដូច​ជា​ឯង​បាន​ស្បថ​នឹង​នាង​ហើយ ២៣ ឯ​មនុស្ស​កំឡោះ​២​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក ក៏​ចូល​ទៅ​នាំ​នាង​រ៉ាហាប ទាំង​ឪពុក​ម្តាយ​នាង និង​បង​ប្អូន ហើយ​នឹង​របស់​នាង​ទាំង​ប៉ុន្មាន​ចេញ​មក ព្រម​ទាំង​ញាតិសន្តាន​របស់​នាង​ទាំង​ប៉ុន្មាន​ផង ដាក់​គេ​ឲ្យ​នៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល នៃ​ពួក​អ៊ីស្រាអែល ២៤ រួច​ក៏​ឆួល​ដុត​ទី​ក្រុង​នោះ និង​របស់​នៅ​ទី​នោះ​ទាំង​អស់​ទៅ បាន​ទុក​នៅ​តែ​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រដាប់​លង្ហិន ហើយ​នឹង​ដែក​ប៉ុណ្ណោះ ដែល​គេ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង នៃ​ដំណាក់​ព្រះយេហូវ៉ា ២៥ តែ​ឯ​រ៉ាហាប​ជា​ស្រី​សំផឹង និង​ពួក​គ្រួ​ឪពុក​នាង ហើយ​របស់​នាង​ទាំង​ប៉ុន្មាន នោះ​យ៉ូស្វេ​លោក​បាន​ទុក​ឲ្យ​គង់​នៅ​វិញ ហើយ​នាង​ក៏​នៅ​ក្នុង​ពួក​អ៊ីស្រាអែល​ជា​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដោយ​ព្រោះ​នាង​បាន​លាក់​បំពួន​ពួក​អ្នក ដែល​យ៉ូស្វេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្រុង​យេរីខូរ​នោះ។
២៦ នៅ​គ្រា​នោះ យ៉ូស្វេ​ក៏​ប្រកាស ជា​ពាក្យ​បណ្តាសា​ថា អ្នក​ណា​ដែល​ចាប់​ផ្តើម​សង់​ក្រុង​យេរីខូរ​នេះ​ឡើង​វិញ នោះ​នឹង​ត្រូវ​បណ្តាសា​ហើយ កាល​ណា​អ្នក​នោះ​ដាក់​ឫស​កំផែង នោះ​កូន​ច្បង​របស់​ខ្លួន​នឹង​ស្លាប់​ទៅ ហើយ​កាល​ណា​ដាក់​ទ្វារ​ចុះ នោះ​កូន​ពៅ​នឹង​ស្លាប់​ទៅ។
២៧ ព្រះយេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូស្វេ ហើយ​ក៏​ល្បី​ឮ​ឈ្មោះ​លោក​សុសសាយ ពេញ​គ្រប់​ក្នុង​ស្រុក​នោះ។