៧
បទល្មើសរបស់លោកអេកាន
១ ប៉ុន្តែពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តរំលងចំពោះរបស់ដែលសំរាប់បំផ្លាញវិញ ដ្បិតមានអេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌីៗជាកូនសេរ៉ាស ក្នុងពូជអំបូរយូដា គាត់បានយករបស់ខ្លះដែលត្រូវបំផ្លាញ ហើយសេចក្តីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើង ទាស់នឹងពួកកូនចៅអ៊ីស្រាអែល។
២ ឯយ៉ូស្វេលោកចាត់មនុស្សពីក្រុងយេរីខូរ ទៅឯក្រុងអៃយ ដែលនៅជិតបេត-អាវេន នៅខាងកើតបេត-អែល ដោយពាក្យថា ចូរឡើងទៅសង្កេតមើលស្រុកនោះ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ ៣ រួចត្រឡប់មកឯយ៉ូស្វេជំរាបថា មិនចាំបាច់ឲ្យឡើងទៅទាំងអស់គ្នាទេ សូមឡើងទៅតែមនុស្ស២ឬ៣ពាន់នាក់ប៉ុណ្ណោះ ដើម្បីនឹងវាយក្រុងអៃយនោះបានហើយ សូមកុំឲ្យបង់កំឡាំងទាំងអស់គ្នានឹងឡើងទៅឡើយ ដ្បិតគេមានគ្នាតិចទេ ៤ ដូច្នេះក៏មានប្រហែលជា៣ពាន់នាក់នាំគ្នាឡើងទៅ តែគេត្រូវរត់ពីមុខពួកក្រុងអៃយវិញ ៥ ហើយពួកក្រុងអៃយក៏សំឡាប់អស់ប្រហែលជា៣៦នាក់ គេដេញពួកអ៊ីស្រាអែលពីមុខទ្វារក្រុងទៅ រហូតដល់សេបារិម ទាំងប្រហារអ្នកទាំងនោះនៅត្រង់ផ្លូវចុះ ដូច្នេះពួកជនទាំងឡាយ ក៏មានចិត្តរលាយទៅដូចជាទឹក។
៦ ឯយ៉ូស្វេលោកហែកសំលៀកបំពាក់ ហើយទំលាក់ខ្លួនក្រាបផ្កាប់មុខនឹងដីនៅចំពោះហិបនៃព្រះយេហូវ៉ា ទាល់តែល្ងាច ព្រមទាំងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលផង គេក៏ដាក់ធូលីដីនៅលើក្បាលរៀងខ្លួនដែរ ៧ រួចយ៉ូស្វេទូលថា ដល់ហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់បាននាំពួកបណ្តាជននេះ ឆ្លងទន្លេយ័រដាន់មក ដើម្បីនឹងប្រគល់យើងរាល់គ្នា ទៅក្នុងកណ្តាប់ដៃសាសន៍អាម៉ូរី ឲ្យត្រូវវិនាសដូច្នេះ គួរតែឲ្យយើងរាល់គ្នាបានសុខចិត្ត នៅខាងនាយទន្លេយ័រដាន់វិញជាជាង ៨ ឱព្រះអម្ចាស់អើយ ដែលពួកអ៊ីស្រាអែលបែរខ្នងរត់នៅមុខពួកខ្មាំងសត្រូវយ៉ាងនេះ តើត្រូវឲ្យទូលបង្គំថាដូចម្តេចវិញ ៩ ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងប៉ុន្មាន គេនឹងឮ ហើយនឹងព័ទ្ធយើងរាល់គ្នាជុំវិញ រួចគេនឹងកាត់ឈ្មោះយើងរាល់គ្នាពីផែនដីចេញ នោះតើទ្រង់នឹងធ្វើដូចម្តេច សំរាប់ព្រះនាមទ្រង់ដ៏ជាធំ។
១០ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយនឹងយ៉ូស្វេថា ចូរក្រោកឡើង ម្តេចក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខដូច្នេះ ១១ ពួកអ៊ីស្រាអែលបានធ្វើបាប គេបានប្រព្រឹត្តរំលងសេចក្តីសញ្ញាអញ ដែលបានបង្គាប់ដល់គេហើយ គេបានទាំងយករបស់ ដែលញែកទុកសំរាប់នឹងបំផ្លាញទៅ គឺគេបានលួច ហើយក៏កុហកដែរ ព្រមទាំងយករបស់នោះ ទៅទុកជាមួយនឹងអីវ៉ាន់របស់គេផង ១២ ដោយហេតុនោះ បានជាពួកកូនចៅអ៊ីស្រាអែល ពុំអាចនឹងឈរនៅមុខពួកខ្មាំងសត្រូវគេបានឡើយ ដែលគេបែរខ្នងនៅមុខពួកខ្មាំងសត្រូវ នោះគឺពីព្រោះគេបានត្រឡប់ទៅជាត្រូវបំផ្លាញដែរ បើឯងរាល់គ្នាមិនបំផ្លាញរបស់ ដែលសំរាប់បំផ្លាញពីពួកឯងចេញទេ នោះអញមិននៅជាមួយនឹងឯងរាល់គ្នាទៀតឡើយ ១៣ ចូរក្រោកឡើងញែកពួកជនចេញជាបរិសុទ្ធចុះ ហើយប្រាប់គេថា ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់ពេលថ្ងៃស្អែក ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ពួកអ៊ីស្រាអែលអើយ មានរបស់ដែលសំរាប់បំផ្លាញនៅក្នុងពួកឯង ហើយឯងពុំអាចនឹងឈរនៅមុខពួកខ្មាំងសត្រូវបានឡើយ ទាល់តែបានដករបស់ដែលសំរាប់បំផ្លាញនោះ ពីពួកឯងចេញ ១៤ ដូច្នេះដល់ព្រឹកឡើង ត្រូវឲ្យឯងរាល់គ្នាចូលមកតាមពូជអំបូររបស់ឯង នោះពូជអំបូរណា ដែលព្រះយេហូវ៉ាទ្រង់រើសយក នឹងត្រូវមកតាមគ្រួគេ ហើយគ្រួណាដែលព្រះយេហូវ៉ាទ្រង់រើសយក នោះត្រូវមកតាមពួកគេ ហើយពួកណាដែលព្រះយេហូវ៉ាទ្រង់រើសយក នោះត្រូវមកម្នាក់ម្តងៗ ១៥ ឯអ្នកណាដែលត្រូវចាប់ ដោយព្រោះបានយករបស់ដែលសំរាប់បំផ្លាញ នោះនឹងត្រូវដុតទៅក្នុងភ្លើង ព្រមទាំងសព្វសារពើរបស់អ្នកនោះផង ពីព្រោះបានប្រព្រឹត្តរំលងនឹងសេចក្តីសញ្ញានៃព្រះយេហូវ៉ា ហើយបានធ្វើការចំកួតក្នុងពួកអ៊ីស្រាអែល។
១៦ យ៉ូស្វេក៏ក្រោកពីព្រលឹម នាំពួកអ៊ីស្រាអែលមកតាមពូជអំបូរគេ នោះក៏ជាប់ខាងពូជអំបូរយូដា ១៧ រួចលោកឲ្យគ្រួយូដាទាំងប៉ុន្មានចូលមក ហើយលោកចាប់យកគ្រួសេរ៉ាស លោកក៏ឲ្យគ្រួសេរ៉ាសចូលមកម្នាក់ម្តងៗ នោះជាប់សាប់ឌី ១៨ ហើយលោកឲ្យពួកសាប់ឌីចូលមកម្នាក់ម្តងៗ នោះជាប់អេកានជាកូនកើមី ដែលកើមីជាកូនសាប់ឌីៗជាកូនសេរ៉ាស ក្នុងពូជអំបូរយូដា ១៩ យ៉ូស្វេក៏និយាយនឹងអេកានថា កូនអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយលន់តួនឹងទ្រង់ទៅ ចូរប្រាប់អញពីការដែលឯងបានធ្វើ កុំឲ្យលាក់ និងអញឡើង ២០ នោះអេកានក៏ឆ្លើយជំរាបយ៉ូស្វេថា ខ្ញុំបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលពិតមែន គឺខ្ញុំបានធ្វើការយ៉ាងនេះមួយៗ ២១ ដ្បិតខ្ញុំបានឃើញអាវ១យ៉ាងល្អពីស្រុកស៊ីណើរ និងប្រាក់២រយរៀល ហើយមាស១ដុល ទំងន់៥០ដំឡឹងនៅក្នុងរបឹប នោះខ្ញុំកើតមានចិត្តលោភចង់បាន រួចក៏យកទៅ មើល របស់ទាំងនោះបានកប់នៅក្នុងដី នាកណ្តាលត្រសាលរបស់ខ្ញុំ ឯប្រាក់នៅជាខាងក្រោម។
២២ ដូច្នេះយ៉ូស្វេចាត់មនុស្សឲ្យទៅ ហើយគេរត់ទៅឯត្រសាលនោះ ឃើញមានរបស់ទាំងនោះកប់ នៅក្នុងត្រសាល ហើយប្រាក់ក៏នៅពីក្រោមមែន ២៣ រួចគេនាំយកពីកណ្តាលត្រសាល ទៅជូនដល់យ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ ដាក់នៅចំពោះព្រះយេហូវ៉ា ២៤ នោះយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏យកអេកាន ជាកូនសេរ៉ាស និងប្រាក់ អាវ ហើយនឹងមាស១ដុលនោះព្រមទាំងកូនប្រុសកូនស្រី គោ លា ចៀម និងត្រសាល ហើយរបស់គាត់ទាំងអស់ នាំឡើងទៅដល់ច្រកភ្នំអាគ័រ ២៥ ហើយយ៉ូស្វេមានប្រសាសន៍ថា ហេតុអ្វីបានជាឯងធ្វើឲ្យយើងមានសេចក្តីវេទនាដូច្នេះ នៅថ្ងៃនេះព្រះយេហូវ៉ានឹងធ្វើឲ្យឯងវេទនាវិញ នោះពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ចោលនឹងថ្ម ហើយដុតទាំងអស់ក្នុងភ្លើង ព្រមទាំងចោលនឹងថ្មផង ២៦ គេដាក់ថ្មបង្គរឡើងជាគំនរយ៉ាងធំនៅពីលើ ដែលនៅដរាបមកដល់សព្វថ្ងៃនេះ នោះព្រះយេហូវ៉ាទ្រង់ក៏រសាយសេចក្តីខ្ញាល់ក្តៅទៅ គឺហេតុនោះបានជាគេហៅកន្លែងនោះថា ច្រកភ្នំអាគ័រ ដរាបដល់សព្វថ្ងៃនេះ