៨
កូនចៅអ៊ីស្រាអែលវាយដណ្តើមយកទីក្រុងអៃ
១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ចូរក្រោកឡើង នាំយកពួកដែលថ្នឹកច្បាំងទាំងអស់ ទៅជាមួយនឹងឯង ឡើងទៅឯក្រុងអៃយចុះ មើល អញបានប្រគល់ស្តេចក្រុងអៃយ ព្រមទាំងពួករាស្ត្រ និងទីក្រុង ហើយនឹងស្រុករបស់ស្តេចនោះ មកក្នុងកណ្តាប់ដៃឯងហើយ ២ ដូច្នេះត្រូវឲ្យធ្វើនឹងក្រុងអៃយ ហើយនឹងស្តេចផង ដូចជាបានធ្វើនឹងយេរីខូរ ហើយនឹងស្តេចគេដែរ ចូរយកតែរបស់ទាំងប៉ុន្មាន និងហ្វូងសត្វ ទុកសំរាប់ជារបឹប ដល់ខ្លួនឯងរាល់គ្នាប៉ុណ្ណោះត្រូវឲ្យឯងបង្កប់ទ័ពនៅខាងក្រោយទីក្រុងវិញ។
៣ ដូច្នេះយ៉ូស្វេ និងពួកដែលថ្នឹកច្បាំងទាំងអស់គ្នា ក៏ប្រុងប្រៀបរៀបនឹងឡើងទៅឯក្រុងអៃយ លោករើសយកសុទ្ធតែមនុស្សខ្លាំងពូកែស្ទាត់ជំនាញ បានចំនួន៣ម៉ឺននាក់ ចាត់គេទៅទាំងយប់ ៤ ដោយបង្គាប់ថា ត្រូវឲ្យឯងរាល់គ្នាទៅបង្កប់ខ្លួន នៅខាងក្រោយទីក្រុង កុំឲ្យនៅឆ្ងាយពីទីក្រុងពេកឡើយ ត្រូវឲ្យប្រុងប្រៀបជាស្រេចទាំងអស់គ្នា ៥ ឯអញ និងពួកមនុស្សទាំងប៉ុន្មានដែលនៅជាមួយ យើងនឹងចូលទៅជិតទីក្រុង រួចកាលណាគេចេញមក ត និងយើងដូចជាជាន់មុន នោះយើង និងរត់ពីមុខគេចេញទៀត ៦ ដូច្នេះ គេនឹងចេញមកដេញតាមយើង ទាល់តែយើងបានទាញនាំគេឃ្លាតឆ្ងាយពីទីក្រុងទៅ គេនឹងគិតថា យើងរត់ពីមុខគេទៅ ដូចជាន់មុនទៀត ដោយយើងរត់ពីមុខគេទៅយ៉ាងនោះ ៧ នោះត្រូវឲ្យឯងរាល់គ្នាក្រោកឡើង ពីកន្លែងដែលបង្កប់ខ្លួននោះ ចូលទៅចាប់យកទីក្រុងទៅ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រគល់ក្រុងនោះ មកក្នុងកណ្តាប់ដៃឯង ៨ រួចកាលណាឯងរាល់គ្នាយកបានទីក្រុងហើយ នោះត្រូវឲ្យបង្កាត់ភ្លើងដុតឡើង ត្រូវឲ្យឯងរាល់គ្នាធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ មើល អញបានបង្គាប់ឯងរាល់គ្នាហើយ ៩ យ៉ូស្វេក៏ចាក់គេឲ្យទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន នៅកណ្តាលទាំងសងខាងនៃបេត-អែល និងអៃយ គឺនៅខាងលិចក្រុងអៃយ តែលោកស្នាក់នៅកណ្តាលពួកជនក្នុងយប់នោះវិញ។
១០ លុះថ្ងៃស្អែកឡើង កាលទើបនឹងភ្លឺស្រាងៗ នោះយ៉ូស្វេលោកត្រួតត្រាមើលបណ្តាទ័ព រួចលោក និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ក៏នាំមុខគេឡើងទៅឯក្រុងអៃយ ១១ ឯពួកអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយ និងលោក ក៏ឡើងចូលទៅជិតពីខាងមុខទីក្រុង ហើយបោះទ័ពនៅជាខាងជើង មានវាលច្រកភ្នំនៅកណ្តាលគេ ហើយនឹងទីក្រុង ១២ លោកបានរើសយកប្រហែលជា៥ពាន់នាក់ ចាត់ឲ្យទៅបង្កប់ខ្លួន នៅកណ្តាលទាំងសងខាងនៃបេត-អែល និងអៃយ ពីខាងលិចទីក្រុងនោះ ១៣ ដូច្នេះកាលបានចាត់ពួកបណ្តាទ័ពឲ្យទៅឯកន្លែងគេរៀបខ្លួន គឺពួកពលទ័ពដែលត្រូវនៅខាងជើងទីក្រុង និងពួកអ្នកដែលត្រូវបង្កប់ខ្លួន នៅខាងលិចរួចស្រេចហើយ នោះយ៉ូស្វេក៏នៅឯកណ្តាលវាលច្រកភ្នំ នៅវេលាយប់នោះឯង។
១៤ កាលស្តេចក្រុងអៃយបានឃើញដូច្នោះ នោះពួកក្រុងទាំងអស់គ្នា ក៏ប្រញាប់ប្រញាល់ក្រោកឡើងពីព្រលឹម ហើយស្តេច និងរាស្ត្រទាំងអស់ ក៏ចេញទៅឯកន្លែងដែលបានកំណត់ទុកជាមុន ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលត្រង់វាលនោះ ឥតដឹងជាមានពលបង្កប់ទាស់នឹងគេ នៅជាខាងក្រោយទីក្រុងទេ ១៥ ឯយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា គេធ្វើដូចជាចាញ់នៅមុខអ្នកទាំងនោះ ក៏នាំគ្នារត់ទៅតាមផ្លូវទីរហោស្ថានទៅ ១៦ លំដាប់នោះ មានគេហៅពួកបណ្តាជនដែលនៅក្នុងក្រុង ឲ្យប្រមូលមកមូលគ្នាដេញតាមដែរ រួចគេក៏ដេញតាមយ៉ូស្វេ ហើយត្រូវប្រទាញនាំទៅឃ្លាតឆ្ងាយពីទីក្រុង ១៧ គ្មានសល់មនុស្សណាមួយនៅក្នុងក្រុងអៃយ និងបេត-អែល ដែលមិនបានចេញទៅដេញតាមសាសន៍អ៊ីស្រាអែលនោះឡើយ គេបានទុកទីក្រុងឲ្យនៅចំហ ដេញតាមពួកអ៊ីស្រាអែលទៅ។
១៨ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងយ៉ូស្វេថា ចូរលើកលំពែងដែលកាន់នៅដៃ ដំរង់ទៅឯក្រុងអៃយទៅ ដ្បិតអញប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នោះយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃឡើង ដំរង់ទៅឯទីក្រុងនោះ ១៩ កាលលោកលើកដៃឡើង នោះពួកទ័ពបង្កប់ក៏ស្ទុះចេញពីកន្លែងគេជាប្រញាប់ រត់ចូលទៅក្នុងទីក្រុងភ្លាម ក៏ចាប់យក ហើយប្រញាប់ប្រញាល់នឹងបង្កាត់ភ្លើងដុតឡើង ២០ រួចកាលពួកក្រុងអៃយ បានងាកបែរមើលទៅក្រោយ ឃើញផ្សែងហុយឡើងពីទីក្រុង ទៅលើមេឃដូច្នោះ នោះគេគ្មានកំឡាំង និងរត់ទៅឲ្យរួច ទោះខាងនេះឬខាងនោះឡើយ ឯពួកអ៊ីស្រាអែលដែលកំពុងតែរត់ទៅឯទីរហោស្ថាន គេក៏វិលបែរមកទាស់នឹងពួកអ្នកដែលដេញតាមខ្លួនវិញ ២១ ហើយយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា កាលឃើញថាពួកទ័ពបង្កប់បានយកទីក្រុង ហើយមានផ្សែងហុយឡើងដូច្នោះ នោះក៏វិលចូលមកសំឡាប់ពួកក្រុងអៃយវិញដែរ ២២ ហើយពួកដែលដុតទីក្រុង ក៏ចេញមកទាស់នឹងគេទៀត ដូច្នេះគេក៏នៅជាកណ្តាលនៃសាសន៍អ៊ីស្រាអែល ដែលមានខ្លះនៅខាងណេះ ខ្លះនៅខាងណោះ ហើយក៏ផ្ទប់វាយគេ ទាល់តែគ្មានអ្នកណាមួយនៅសល់ឬរត់រួចបានឡើយ ២៣ ឯស្តេចក្រុងអៃយ នោះគេចាប់យកបានទាំងរស់ នាំទៅជូនដល់យ៉ូស្វេ។
២៤ កាលពួកអ៊ីស្រាអែលបានសំឡាប់ពួកក្រុងអៃយទាំងប៉ុន្មាន នៅវាលស្រែ និងនៅទីរហោស្ថាន ជាកន្លែងដែលបានដេញតាម ហើយគេបានដួលស្លាប់ ដោយមុខដាវទាំងអស់គ្នាជាស្រេចហើយ នោះពួកអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ត្រឡប់ចូលទៅវាយទីក្រុងអៃយ ដោយមុខដាវដែរ ២៥ ឯពួកមនុស្ស ទាំងប្រុសទាំងស្រី ដែលដួលស្លាប់ នៅថ្ងៃនោះ មានចំនួនជា១ម៉ឺន២ពាន់នាក់ គឺជាពួកក្រុងអៃយទាំងអស់គ្នា ២៦ ដ្បិតយ៉ូស្វេមិនបានដកដៃ ដែលលើកលំពែងឡើងនោះមកវិញឡើយ ទាល់តែបានបំផ្លាញពួកក្រុងអៃយអស់រលីងទៅ ២៧ ពួកអ៊ីស្រាអែលបានយកតែហ្វូងសត្វ និងរបស់ទាំងប៉ុន្មាននៅក្រុងនោះ ទុកជារបឹបសំរាប់ខ្លួនប៉ុណ្ណោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកយ៉ូស្វេ ២៨ ដូច្នេះយ៉ូស្វេបានដុតក្រុងអៃយ ធ្វើឲ្យទៅជាគំនរដរាបតទៅ គឺជាទីកន្លែងស្ងាត់ដរាបដល់សព្វថ្ងៃនេះ ២៩ ឯស្តេចនៃក្រុងអៃយនោះ លោកបានព្យួរនឹងដើមឈើទាល់តែល្ងាច រួចដល់ថ្ងៃលិច លោកបង្គាប់ឲ្យគេដាក់ខ្មោចចុះពីដើមឈើមក យកទៅបោះចោលនៅមាត់ទ្វារទីក្រុង ហើយក៏ប្រគរគំនរថ្មយ៉ាងធំនៅពីលើ ដែលនៅដរាបដល់សព្វថ្ងៃនេះ។
យ៉ូស្វេស្អាងអាសនៈនៅលើភ្នំអេបាល
៣០ នៅគ្រានោះ យ៉ូស្វេលោកស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅលើភ្នំអេបាល ៣១ ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដូចជាបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេដែរ គឺជាអាសនាដែលធ្វើពីដុំថ្មទាំងមូល ឥតមានអ្នកណាដាប់ដោយដែកឡើយ រួចគេក៏ថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា នៅលើអាសនានោះ ព្រមទាំងដង្វាយមេត្រីផង ៣២ នៅទីនោះ លោកចារឹកថ្មចំឡងក្រឹត្យវិន័យរបស់លោកម៉ូសេ ដែលលោកបានកត់ទុក នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល ៣៣ នោះពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងពួកចាស់ទុំ និងពួកនាយក ហើយពួកចៅក្រម គេក៏ឈរទាំងសងខាងហិប នៅមុខពួកលេវីដ៏ជាសង្ឃ ដែលសែងហិបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ទោះទាំងពួកអ្នកប្រទេសក្រៅ និងពួកអ្នកស្រុកផង ពួកគេ១ចំហៀងឈរខាងភ្នំកេរិស៊ីម ហើយ១ចំហៀងឈរខាងភ្នំអេបាល ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកកាលពីមុន ដើម្បីឲ្យគេបានឲ្យពរដល់ពួកអ៊ីស្រាអែល ៣៤ រួចមក លោកក៏អានមើលអស់ទាំងពាក្យនៃក្រឹត្យវិន័យ ទោះទាំងព្រះពរ និងសេចក្តីបណ្តាសាទាំងប៉ុន្មានផង តាមគ្រប់ទាំងសេចក្តីដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ ៣៥ ក្នុងគ្រប់ទាំងសេចក្តីដែលលោកម៉ូសេបានបង្គាប់មកយ៉ូស្វេ នោះគ្មានពាក្យណាមួយដែលយ៉ូស្វេមិនបានអានមើល នៅមុខពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នានោះទេ ហើយក៏មានពួកស្រីៗ ពួកក្មេងៗ និងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងគេដែរ។