១២
ស្តេចដែលបរាជ័យនៅចំពោះមុខកូនចៅអ៊ីស្រាអែល
១ រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលពួកកូនចៅអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុកគេនៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនទៅដល់ភ្នំហ៊ើម៉ូន និងស្រុកវាលទាំងអស់នៅខាងកើតនោះ ២ គឺស៊ីហុនជាស្តេចសាសន៍អាម៉ូរីនៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាត១ចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្តាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកពួកកូនចៅអាំម៉ូន ៣ និងស្រុកវាលរហូតដល់ខាងកើតសមុទ្រគេនេសារ៉ែត ហើយទៅដល់ខាងកើតសមុទ្រនៅវាល គឺជាសមុទ្រអំបិលតាមផ្លូវទៅឯបេត-យេស៊ីម៉ូត ហើយនៅខាងត្បូងនោះត្រង់ជើងភ្នំពីសកា ៤ និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី ៥ ដែលសោយរាជ្យលើស្រុកភ្នំហ៊ើម៉ូន និងក្រុងសាលកា ហើយនៅស្រុកបាសានទាំងមូល រហូតដល់ព្រំស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ហើយលើស្រុកកាឡាត១ចំហៀងដែរ ទល់នឹងព្រំស្រុករបស់ស៊ីហុន ជាស្តេចក្រុងហែសបូន ៦ គឺលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាកេរអាកររបស់គេ។
៧ ឯពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុក ដែលយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីបាល-កាឌ់ នៅវាលច្រកភ្នំល្បាណូន រហូតដល់ភ្នំហាឡាកត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះយ៉ូស្វេក៏ចែកដល់ពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាកេរអាករតាមពួកគេ ៨ គឺស្រុកភ្នំ ស្រុកទំនាប ស្រុកវាល ស្រុកជំរាល ទីរហោស្ថាន និងស្រុកត្បូង ជាស្រុករបស់សាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស) ៩ នោះគឺស្តេចក្រុងយេរីខូរ១ ស្តេចក្រុងអៃយដែលនៅជិតបេត-អែល១ ១០ ស្តេចក្រុងយេរូសាឡិម១ ស្តេចក្រុងហេប្រុន១ ១១ ស្តេចក្រុងយ៉ារមុត១ ស្តេចក្រុងឡាគីស១ ១២ ស្តេចក្រុងអេក្លុន១ ស្តេចក្រុងកេស៊ើរ១ ១៣ ស្តេចក្រុងដេបៀរ១ ស្តេចក្រុងកេឌើរ១ ១៤ ស្តេចក្រុងហោរម៉ា១ ស្តេចក្រុងអើរ៉ាត១ ១៥ ស្តេចក្រុងលិបណា១ ស្តេចក្រុងអាឌូឡាម១ ១៦ ស្តេចក្រុងម៉ាកេដា១ ស្តេចក្រុងបេត-អែល១ ១៧ ស្តេចក្រុងតាពួរ១ ស្តេចក្រុងហេភើរ១ ១៨ ស្តេចក្រុងអាផែក១ ស្តេចក្រុងឡាសារ៉ុន១ ១៩ ស្តេចក្រុងម៉ាដូន១ ស្តេចក្រុងហាសោរ១ ២០ ស្តេចក្រុងស៊ីមរ៉ុន-មេរ៉ុន១ ស្តេចក្រុងអាកសាប១ ២១ ស្តេចក្រុងតាអាណាក់១ ស្តេចក្រុងមេគីដោ១ ២២ ស្តេចក្រុងកេដេស១ ស្តេចក្រុងយ៉ុកនាម នៅស្រុកកើមែល១ ២៣ ស្តេចក្រុងដោរ ដែលនៅត្រង់ទីទំនួលរបស់ក្រុងដោរ១ ស្តេចក្រុងកូយីម ដែលនៅគីលកាល១ ២៤ និងស្តេចក្រុងធើសា១ រួមទាំងអស់មានស្តេច៣១អង្គ។