ការ​បែង​ចែក​ទឹក​ដី
១៣
ទឹក​ដី​ដែល​ត្រូវ​វាយ​យក​បន្ត​ទៀត
១ រីឯ​យ៉ូស្វេ លោក​ចាស់ អាយុ​ក៏​ច្រើន​ណាស់​ហើយ ព្រះយេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះបន្ទូល​នឹង​លោក​ថា ឯង​ចាស់​ហើយ អាយុ​ក៏​ច្រើន​ណាស់​ផង ហើយ​មាន​សល់​នៅ​ស្រុក ដែល​ត្រូវ​ចាប់​យក​សន្ធឹក​ណាស់​ទៀត ២ នេះ​ជា​ស្រុក​ដែល​នៅ​សល់ គឺ​ដែន​នៃ​ពួក​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​សាសន៍​កេស៊ូរី​ទាំង​អស់ ៣ ចាប់​តាំង​ពី​ស្ទឹង​ស៊ីហោ ដែល​ជា​ព្រំ​ស្រុក​អេស៊ីព្ទ រហូត​ដល់​ព្រំ​ក្រុង​អេក្រុន​នៅ​ខាង​ជើង ដែល​រាប់​ជា​ស្រុក​របស់​សាសន៍​កាណាន មាន​មេ​សាសន៍​ភីលីស្ទីន​៥​នាក់​ជា​អ្នក​ត្រួតត្រា គឺ​ជា​ក្រុង​កាសា​១ ក្រុង​អាសដូឌ​១ ក្រុង​អាសកាឡូន​១ ក្រុង​កាថ​១ ក្រុង​អេក្រុន​១ ហើយ​នឹង​ស្រុក​របស់​សាសន៍​អាវីម ដែល​នៅ​ខាង​ត្បូង​នោះ​ដែរ ៤ ព្រម​ទាំង​ស្រុក​របស់​សាសន៍​កាណាន​ទាំង​មូល និង​ស្រុក​មារ៉ា ដែល​ជា​របស់​ផង​ក្រុង​ស៊ីដូន​រហូត​ដល់​អាផែក និង​ដល់​ព្រំ​ស្រុក​របស់​សាសន៍​អាម៉ូរី ៥ ស្រុក​របស់​ពួក​កេបាល និង​ស្រុក​ល្បាណូន​ទាំង​មូល​ដែល​នៅ​ខាង​កើត ចាប់​តាំង​ពី​បាល-កាឌ់​នៅ​ជើង​ភ្នំ​ហ៊ើម៉ូន រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត ៦ អស់​ទាំង​ស្រុក​របស់​ពួក​ផ្សេងៗ​ដែល​នៅ​ស្រុក​ភ្នំ ចាប់​តាំង​ពី​ភ្នំ​ល្បាណូន រហូត​ដល់​មីសរិផូត-ម៉ែម គឺ​ជា​ស្រុក​របស់​ពួក​ក្រុង​ស៊ីដូន​ទាំង​អស់ អញ និង​ដេញ​ពួក​សាសន៍​ទាំង​នោះ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៅ ចូរ​ឲ្យ​ឯង​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​អ៊ីស្រាអែល ទុក​ជា​មរដក​ចុះ​ដូច​ជា​អញ​បាន​បង្គាប់​ហើយ ៧ គឺ​ត្រូវ​ឲ្យ​ចែក​ស្រុក​ទាំង​នោះ​ដល់​ពូជ​អំបូរ​ទាំង​៩ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​មរដក។
ការ​បែង​ចែក​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
៨ ឯ​ពួក​រូបេន និង​ពួក​កាឌ់ ព្រម​ទាំង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ឯ​ទៀត នោះ​បាន​ទទួល​មរដក​របស់​គេ ដែល​ម៉ូសេ​បាន​ចែក​ឲ្យ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ តាម​ដែល​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា បាន​ចែក​ដល់​គេ ៩ ចាប់​តាំង​ពី​អារ៉ូអ៊ើរ​ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ គឺ​ស្រុក​វាល​មេឌីបា​ទាំង​អស់​រហូត​ដល់​ក្រុង​ឌីបូន ១០ និង​អស់​ទាំង​ទី​ក្រុង​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយរាជ្យ​នៅ​ក្រុង​ហែសបូន រហូត​ដល់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ១១ និង​ស្រុក​កាឡាត ហើយ​ព្រំដែន​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ស្រុក​ភ្នំ​ហ៊ើម៉ូន​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ១២ គឺ​នគរ​របស់​អុក នៅ​ស្រុក​បាសាន ដែល​សោយរាជ្យ​នៅ​ក្រុង​អាសថារ៉ូត និង​ក្រុង​អេទ្រី (ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម) ដ្បិត​ម៉ូសេ​បាន​វាយ បណ្តេញ​ពួក​ទាំង​នោះ​ចេញ ១៣ តែ​ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​បាន​ដេញ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​ចេញ​ទេ គឺ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​នោះ បាន​នៅ​កណ្តាល​ពួក​អ៊ីស្រាអែល ដរាប​ដែល​សព្វ​ថ្ងៃ​នេះ ១៤ មាន​តែ​ពូជ​អំបូរ​លេវី​ប៉ុណ្ណោះ​ទេ ដែល​លោក​មិន​បាន​ចែក​មរដក​ឲ្យ​គេ ដ្បិត​អស់​ទាំង​ដង្វាយ​ដុត​ថ្វាយ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។
ទឹក​ដី​របស់​កុលសម្ព័ន្ធ​រូបេន
១៥ លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​រូបេន​តាម​គ្រួ​គេ ១៦ ឯ​ដែន​ស្រុក​របស់​គេ នោះ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ រហូត​ដល់​ផុត​ស្រុក​វាល​មេឌីបា ១៧ គឺ​ក្រុង​ហែសបូន និង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន ១៨ ក្រុង​យ៉ាហាស់ ក្រុង​ក្តេម៉ូត ក្រុង​មេផ្អាត ១៩ ក្រុង​គារយ៉ាថែម ក្រុង​សិបម៉ា ក្រុង​សេរ៉ែត-ហាសាកា​ដែល​នៅ​លើ​ភ្នំ​ក្នុង​វាល​ច្រក​ភ្នំ ២០ ក្រុង​បេត-ពេអរ និង​ជំរាល​ភ្នំ​ពីសកា ហើយ​ក្រុង​បេត-យេស៊ីម៉ូត ២១ ព្រម​ទាំង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល និង​នគរ​ទាំង​មូល​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​លោក​ម៉ូសេ​បាន​វាយ​សំឡាប់​ជា​មួយ​នឹង​ពួក​មេ​សាសន៍​ម៉ាឌាន គឺ​អេវី​១ រេគេម​១ ស៊ើរ​១ ហ៊ើរ និង​រេបា​១ សុទ្ធ​តែ​ជា​ពួក​មេ​របស់​ស្តេច​ស៊ីហុន​ដែល​នៅ​ក្នុង​ស្រុក​នោះ ២២ ឯ​បាឡាម ជា​កូន​បេអ៊រ​ដែល​ជា​គ្រូ​ទាយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​សំឡាប់​ដោយ​ដាវ ជា​មួយ និង​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ស្លាប់​នោះ​ដែរ ២៣ ឯ​ទន្លេ​យ័រដាន់ នោះ​ជា​ព្រំ​ស្រុក​របស់​កូន​ចៅ​រូបេន នេះ​ហើយ​ជា​មរដក​របស់​រូបេន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​ផង។
ទឹក​ដី​របស់​កុលសម្ព័ន្ធ​កាឌ់
២៤ លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​កាឌ់​ដែរ គឺ​ដល់​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ ២៥ ឯ​ដែន​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាត និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​១​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ និង​ក្រុង​រ៉ាបាត ២៦ ហើយ​ពី​ហែសបូន ទៅ​ដល់​រ៉ាម៉ាត-មីសពេ និង​បេថូនិប ហើយ​ពី​ម៉ាហាណែម ទៅ​ដល់​ព្រំ​ស្រុក​ដេបៀរ ២៧ ឯ​នៅ​វាល​ច្រក​ភ្នំ នោះ​មាន​ក្រុង​បេត-ហារ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ុកូត និង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេសារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត ២៨ នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​កាឌ់ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​គេ​ទាំង​ប៉ុន្មាន​ផង។
ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាន៉ាសេ​ខាង​កើត
២៩ លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែរ គឺ​ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​១​ចំហៀង​តាម​គ្រួ​គេ ៣០ ឯ​ដែន​របស់​គេ នោះ​គឺ​ជា​ស្រុក​ម៉ាហាណែម ស្រុក​បាសាន​ទាំង​មូល នគរ​របស់​អុក ជា​ស្តេច​ស្រុក​បាសាន​ទាំង​មូល និង​ទី​ក្រុង​ទាំង​៦០ របស់​យ៉ាអ៊ារ​ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ ៣១ ព្រម​ទាំង​ស្រុក​កាឡាត​១​ចំហៀង និង​ក្រុង​អាសថារ៉ូត ហើយ​ក្រុង​អេទ្រី​ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​អុក​នៅ​ស្រុក​បាសាន នេះ​សុទ្ធ​តែ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គឺ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ​១​ចំហៀង​តាម​គ្រួ​គេ។
៣២ នេះ​ហើយ​ជា​មរដក ដែល​លោក​ម៉ូសេ​បាន​ចែក​នៅ​ស្រុក​វាល​របស់​ម៉ូអាប់ ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ទល់​មុខ​នឹង​យេរីខូរ ៣៣ តែ​ឯ​ពូជ​អំបូរ​លេវី នោះ​លោក​ម៉ូសេ​មិន​បាន​ចែក​មរដក​ដល់​គេ​ទេ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។