១៤
ការបែងចែកទឹកដីខាងលិចទន្លេយ័រដាន់
១ ហើយនេះជាមរដកដែលពួកកូនចៅអ៊ីស្រាអែលបានទទួលនៅក្នុងស្រុកកាណាន គឺដែលអេលាសារដ៏ជាសង្ឃ និងយ៉ូស្វេជាកូននុន ហើយនឹងពួកមេលើវង្សានុវង្ស របស់ពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានបានចែកឲ្យ ២ មរដកទាំងនោះគេបានចែកឲ្យពូជអំបូរ៩ និងពូជអំបូរ១ចំហៀងនោះ ដោយចាប់ឆ្នោត ដូចជាព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេ ៣ ដ្បិតលោកម៉ូសេបានចែកមរដកដល់ពូជអំបូរទាំង២ និង១ចំហៀងទៀត នៅខាងនាយទន្លេយ័រដាន់ហើយ តែមិនបានចែកឲ្យដល់ពួកលេវីទេ ៤ ពីព្រោះពួកកូនចៅយ៉ូសែបបានចែកជាពូជអំបូរ២ផ្នែកទៅហើយ គឺម៉ាន៉ាសេ និងអេប្រាអិម ដូច្នេះ គេមិនបានចែកចំណែកណាដល់ពួកលេវីនៅក្នុងស្រុកនោះទេ លើកតែទីក្រុងសំរាប់ឲ្យគេនៅប៉ុណ្ណោះ ព្រមទាំងដីនៅជុំវិញទាំងប៉ុន្មានសំរាប់ហ្វូងសត្វ និងទ្រព្យសម្បត្តិគេផង ៥ ពួកកូនចៅអ៊ីស្រាអែលក៏ចែកស្រុកគ្នា តាមសេចក្តីដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម៉ូសេ។
កាលែបទទួលទឹកដីហេប្រុន
៦ គ្រានោះ ពួកកូនចៅយូដា ក៏ចូលមកឯយ៉ូស្វេត្រង់គីលកាល រួចកាលែប ជាកូនយេភូនេ ជាពួកកេណាសក៏និយាយនឹងលោកថា លោកជ្រាបសេចក្តីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ ពីដំណើរខ្ញុំ និងលោក នៅត្រង់កាដេស-បារនាហើយ ៧ កាលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ា បានចាត់ខ្ញុំពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុក នោះខ្ញុំមានអាយុ៤០ឆ្នាំហើយ ខ្ញុំក៏បានត្រឡប់មកវិញ ជំរាបលោកតាមគំនិតខ្ញុំ ៨ ប៉ុន្តែពួកបងប្អូនដែលឡើងទៅជាមួយនឹងខ្ញុំ គេបានរំសាយចិត្តពួកបណ្តាជនវិញ ឯខ្ញុំបានធ្វើតាមព្រះយេហូវ៉ា ជាព្រះនៃខ្ញុំគ្រប់ជំពូក ៩ ហើយនៅថ្ងៃនោះឯង លោកម៉ូសេក៏ស្បថថា ដីដែលជើងឯងបានជាន់ នោះនឹងត្រូវបានជាមរដកដល់ឯង និងកូនចៅឯងតរៀងទៅ ដោយព្រោះឯងបានតាមព្រះយេហូវ៉ា ជាព្រះនៃអញគ្រប់ជំពូក ១០ ឥឡូវនេះ មើល ព្រះយេហូវ៉ាទ្រង់បានទុកឲ្យខ្ញុំរស់នៅដូចជាទ្រង់បានមានព្រះបន្ទូល គឺមាន៤៥ឆ្នាំនេះហើយ តាំងពីព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្តីនោះ នឹងលោកម៉ូសេក្នុងកាលដែលពួកអ៊ីស្រាអែល កំពុងដើរក្នុងទីរហោស្ថាននៅឡើយ ហើយមើល នៅថ្ងៃនេះខ្ញុំមានអាយុ៨៥ឆ្នាំហើយ ១១ សព្វថ្ងៃនេះខ្ញុំនៅតែមានកំឡាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះនៅឡើយ កំឡាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សំរាប់នឹងទៅច្បាំងទាំងចេញទៅហើយចូលមកវិញផង ១២ ដូច្នេះសូមឲ្យស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅវេលានោះ ហើយថា មានសាសន៍អ័ណាក់ នៅស្រុកនោះ ហើយមានទាំងទីក្រុងធំៗដែលមានកំផែងផង ប្រហែលជាព្រះយេហូវ៉ា ទ្រង់នឹងគង់ជាមួយនឹងខ្ញុំទេដឹង ឲ្យខ្ញុំបានបណ្តេញគេចេញទៅ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
១៣ នោះយ៉ូស្វេឲ្យពរដល់កាលែប ជាកូនយេភូនេ ហើយក៏ឲ្យក្រុងហេប្រុនទៅគាត់ទុកជាមរដក ១៤ ដូច្នេះក្រុងហេប្រុនបានត្រឡប់ជាមរដករបស់កាលែប ជាកូនយេភូនេ ដែលជាពួកកេណាស ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគាត់បានធ្វើតាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ជំពូក ១៥ រីឯក្រុងហេប្រុននេះ ពីដើមមានឈ្មោះជាគារយ៉ាត់-អើបា ដែលអើបានោះជាមនុស្សមានមាឌធំជាងគេក្នុងពួកសាសន៍អ័ណាក់ តពីនោះមកស្រុកនោះក៏បានស្រាកស្រាន្តពីចំបាំងទៅ។