តង្វាយ​មេត្រី
១ បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​យញ្ញបូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី បើ​គេ​ថ្វាយ​គោ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ឲ្យ​ថ្វាយ​សត្វ​១​ដែល​ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះយេហូវ៉ា ២ ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ រួច​សំឡាប់​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា ៣ ហើយ​ត្រូវ​យក​១​ចំណែក​អំពី​យញ្ញបូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​នោះ​ទៅ​ដុត​ថ្វាយ​ព្រះយេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង ៤ ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង ៥ រួច​ពួក​កូន​អើរ៉ុន នឹង​ដុត​របស់​ទាំង​នោះ​នៅ​លើ​ដង្វាយ​ដុត ដែល​កំពុង​តែ​ឆេះ​លើ​ឧស​នៅ​លើ​អាសនា គឺ​ជា​ដង្វាយ​ដុត​សំរាប់​ក្លិន​ឈ្ងុយ​ដល់​ព្រះយេហូវ៉ា។
៦ បើ​សិន​ជា​ដង្វាយ ដែល​អ្នក​នោះ​ថ្វាយ ដល់​ព្រះយេហូវ៉ា សំរាប់​ជា​យញ្ញបូជា​ខាង​ឯ​ដង្វាយ​មេត្រី បាន​យក​ពី​ហ្វូង​សត្វ​តូច​វិញ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ឲ្យ​ថ្វាយ​សត្វ​១​ដែល​ឥត​ខ្ចោះ ៧ បើ​គេ​ថ្វាយ​កូន​ចៀម នោះ​ត្រូវ​ឲ្យ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះយេហូវ៉ា ៨ ត្រូវ​ឲ្យ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ រួច​សំឡាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​កូន​អើរ៉ុន​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា ៩ ក៏​ត្រូវ​យក​១​ចំណែក អំពី​យញ្ញបូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី​នោះ ទៅ​ដុត​ថ្វាយ​ដល់​ព្រះយេហូវ៉ា គឺ​ខ្លាញ់ និង​កន្ទុយ​ទាំង​មូល​ដែល​ត្រូវ​កាត់​ចេញ​ត្រឹម​ឆ្អឹង​ខ្នង និង​ខ្លាញ់​រុំ​អាការៈ​ខាង​ក្នុង ហើយ​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង ១០ ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង ១១ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះស្ងោយ​នៃ​ដង្វាយ ដែល​ដុត​ថ្វាយ​ព្រះយេហូវ៉ា។
១២ បើ​គេ​ថ្វាយ​ពពែ នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះយេហូវ៉ា ១៣ ត្រូវ​ដាក់​ដៃ​លើ​ក្បាល រួច​សំឡាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ពួក​កូន​អើរ៉ុន​ត្រូវ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា ១៤ ក៏​ត្រូវ​យក​១​ចំណែក​ពី​ដង្វាយ នោះ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង ១៥ ព្រម​ទាំង​អង្គញ់​ទាំង​២ ហើយ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ និង​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង ១៦ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះស្ងោយ​នៃ​ដង្វាយ​ដែល​ដុត​ថ្វាយ​សំរាប់​ក្លិន​ឈ្ងុយ ដ្បិត​ខ្លាញ់​ទាំង​អស់​នោះ​ជា​របស់​ផង​ព្រះយេហូវ៉ា ១៧ នេះ​ជា​ច្បាប់​នៅ​អស់​កល្ប​ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​រាល់​គ្នា​តាំង​នៅ​ទី​លំនៅ គឺ​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​ឬ​ឈាម​ឡើយ។